ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ បានអញ្ជើញបិទសន្និបាត បូកសរុបលទ្ធផលការងារ ឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់អគ្គនាយកដ្ឋានអន្ដោប្រវេសន៍។
យោងតាមរបាយការណ៍ ស្ដីពី លទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារ ឆ្នាំ២០២២ បានឲ្យដឹងថា អាស្រ័យដោយការ ធ្វើដំណើរលើពិពភលោក ត្រូវបានជាប់គាំង ដោយសារជំងឺឆ្លង ដ៏កាចសាហាវ បណ្ដាលឲ្យភ្ញៀវបរទេស ចូលកម្ពុជា ថយចុះយ៉ាងគំហុក បើប្រៀបធៀបរយទៅនឹងឆ្នាំ២០២០ ថយចុះ ៩០,៦៧% និងបើប្រៀបក្នុងឆ្នាំ២០១៩ មុនការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ថយចុះរហូតដល់ ៩៧,៦៥% ក្នុងនោះភ្ញៀវទេសចរណ៍ ថយចុះ ៩៥,០២% អ្នកជំនួញ ៦១,៤៦%។
ជាមួយនោះ ប្រជាពលរដ្ឋ ខ្មែរដែលធ្វើដំណើរចេញ ទៅបរទេសមានការថយចុះ ៩២,២១% និងពលករខ្មែរ ទៅធ្វើការនៅក្រៅប្រទេស ដែលត្រូវបានអាជ្ញាធរបរទេសចាប់បញ្ជូនមកវិញ ក៏មានការថយចុះ ៤៥,៦៤% ផងដែរ៕