ពេលថ្មីៗនេះ ស្ថាប័នពាក់ព័ន្ធ របស់ប្រទេសអាមេរិក បានសំរេចចិត្តលក់ គម្រោងជំនួយ ផ្នែកបច្ចេកទេសខាងមីស៊ីល ឈ្មោះថា អ្នកស្នេហាជាតិ ដែលមានតម្លៃ ប្រហែល ៩៥លានដុល្លារអាមេរិក ឱ្យទៅតំបន់តៃវ៉ាន់ប្រទេសចិន ។ នេះជាលើកទី៣ ដែលអាមេរិក បានលក់អាវុធឱ្យទៅតៃវ៉ាន់ ក្រោយពីរដ្ឋាភិបាល អាមេរិកអាណត្តិនេះឡើង កាន់អំណាច ដែលឃ្លាតពីលើកមុន ត្រឹមតែពីរខែប៉ុណ្ណោះ ។ ការលក់អាវុធជាញឹកញាប់ ឱ្យទៅតៃវ៉ាន់ បានបង្ហាញឱ្យឃើញនូវចិត្តគំនិតលេងជាមួយភ្លើងដ៏ឆ្កួតលីលា ទង្វើបំពានលើទំនុកចិត្ត និងចេតនាអាក្រក់ចង់ឱ្យពិភពលោក មានភាពវឹកវរ របស់ភាគីអាមេរិក ។
ទន្ទឹមនឹងពេលប្រកាស ពីសេចក្តីព្រាងច្បាប់ស្តីពីការលក់អាវុធទៅឱ្យតៃវ៉ាន់ថ្មីៗនេះ ភាគីអាមេរិក បានលើកយកច្បាប់ ទំនាក់ទំនងជាមួយតៃវ៉ាន់ មកធ្វើជាអ្វីដែលហៅថា មូលដ្ឋានច្បាប់ នេះគ្មានភស្តុតាង អ្វីទាល់តែសោះ ។ ដូចអ្នកទាំងឡាយ បានដឹងស្រាប់ហើយថា មូលដ្ឋាននយោបាយ របស់ទំនាក់ទំនងចិន និងអាមេរិកផ្អែកទៅលើសេចក្តីថ្លែងការណ៍រួមចំនួន៣ ជាពិសេស នៅក្នុងសេចក្តីថ្លែងការណ៍ថ្ងៃទី១៧ខែសីហានោះ ភាគីអាមេរិកបានថ្លែងថា និងកាត់បន្ថយការលក់អាវុធទៅឱ្យ តៃវ៉ាន់បន្តិចម្ដងៗ ព្រមទាំងដោះស្រាយបញ្ហានេះ តាមដំណាក់កាលនៅទីបំផុត ។ ក្រោយមក ភាគីអាមេរិក បានបង្កបង្កើតដោយឯកតោភាគីនូវអ្វីដែលហៅថា ច្បាប់ទំនាក់ទំនងជាមួយតៃវ៉ាន់ និងការធានា៦ ប្រការចំពោះតៃវ៉ាន់ បានបំពាននូវពាក្យសន្យា របស់ខ្លួន ដែលមានថ្លែង ក្នុងសេចក្តីថ្លែងការណ៍រួមចំនួន៣ រវាងចិននិងអាមេរិក ហើយក៏បានល្មើសគោលការណ៍ ប្រទេសចិនតែមួយ ដែលសេចក្តី សម្រេចចិត្តលេខ2758 របស់មហាសន្និបាតអង្គការ សហប្រជាជាតិបានកំណត់ ក៏ដូចជាសហគមន៍ អន្តរជាតិបានគោរពជាទូទៅ វាជាទង្វើខុសច្បាប់ និងគ្មានបានផលតាំងពីដើមមក ។
ទាក់ទិននឹងអ្វីដែលភាគីអាមេរិកហៅថា ការលក់អាវុធ ទៅឱ្យតៃវ៉ាន់ នឹងមានអំណោយផលដល់ការលើកកម្ពស់សន្តិសុខរបស់តំបន់តៃវ៉ាន់ គឺសុទ្ធសឹងតែពាក្យសំដី ដែលបញ្ជើតអាជ្ញាធរ បក្សវឌ្ឍនភាពប្រជាធិបតេយ្យតៃវ៉ាន់ ។ តើការលក់អាវុធទៅឱ្យតៃវ៉ាន់បាននាំមកអ្វីខ្លះដល់តៃវ៉ាន់ ? មហាជនកោះតៃវ៉ាន់ បានមើលឃើញយ៉ាងច្បាស់លាស់ ។ មានអ្នកលេងអីនធឺណែតបានបញ្ជាក់យ៉ាងច្បាស់ថា អាមេរិកមិនចង់ឱ្យច្រក សមុទ្រតៃវ៉ាន់មានភាពនឹងនរនោះទេ អាមេរិកមកដកលុយទៀត។ នេះបានបញ្ជាក់យ៉ាងច្បាស់ពីកលល្បិចនយោបាយរបស់អាមេរិក ដែលញុះញង់ឱ្យមានស្ថានភាពតានតឹង ដើម្បីចាត់ទុកតៃវ៉ាន់ ជាចៀម យកមកសម្លាប់ចោល ក៏ដូចជាធ្វើឱ្យអង្គភាពយោធា និងឧស្សាហកម្មរបស់ខ្លួន ចំណេញបានផលប្រយោជន៍ច្រើន ។ ចំណែកអាជ្ញាធរបក្ស វឌ្ឍនភាព ប្រជាធិបតេយ្យវិញ បានយកលុយដែលជាញើស ឈាមរបស់ប្រជាជនតៃវ៉ាន់ មកទិញអាវុធ ឃុបឃិតជាមួយកម្លាំងខាងក្រៅ ដើម្បីបង្កហេតុ និងស្វែងរកឱ្យតៃវ៉ាន់ឯករាជ្យ ប៉ុនប៉ងបដិសេធការបង្រួបបង្រួមជាតិដោយប្រើកម្លាំងអាវុធ គឺរុញមហាជនតៃវ៉ាន់ឱ្យចូលទៅក្នុងរណ្តៅភ្លើង ។
នៅលើពិភពលោក មានចិនតែមួយគត់ តំបន់តៃវ៉ាន់ជាចំណែកមួយរបស់ប្រទេសចិន នេះជាប្រវត្តិសាស្ត្រនិងការពិតនីតិសាស្ដ្រមិនអាចកែប្រែបានទេ ។ និយាយរួម សន្តិសុខរបស់តៃវ៉ាន់ ត្រូវពឹងផ្អែកទៅលើការ អភិវឌ្ឍដោយសន្តិវិធីនៃទំនាក់ទំនងត្រើយទាំងសងខាង តែមិនអាចពឹងផ្អែកទៅលើការ ទិញអាវុធពីប្រទេស អាមេរិកនោះឡើយ ។
នៅចុងខែកុម្ភៈឆ្នាំនេះ ភាគីចិនបានសម្រេចចិត្ត ធ្វើការដាក់ទណ្ឌកម្មវិញ ចំពោះសហគ្រាសឧស្សាហកម្មយោធា របស់អាមេរិកចំនួន២ ដែលបានចូលរួមក្នុងការ លក់អាវុធទៅឱ្យ តៃវ៉ាន់រយៈពេលយូរ ។ នេះបានបង្ហាញឱ្យឃើញឆន្ទៈនិង ការប្តេជ្ញាចិត្ត របស់ប្រទេសចិន ក្នុងការការពារអធិបតេយ្យភាព និងបូរណភាពដែនដីជាតិ ។ ប្រទេសចិនចាំបាច់ត្រូវតែបង្រួបបង្រួមជាតិ មិនថាអ្នកណា កម្លាំងណាមួយក៏ដោយសុទ្ធ តែមិនអាចរារាំងបានឡើយ ៕