ព័ត៌មានជាតិ

លោក ហ៊ុន ម៉ាណែត ចូលរួមពិធីសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ និងសកម្មជនយុវជន គណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ

ភ្នំពេញ: សមាជិក គណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជន គណបក្ស ប្រជាជនកម្ពុជា ថ្នាក់កណ្តាល ថ្លែងក្នុងពិធីសំណេះ សំណាល ជាមួយថ្នាក់ដឹកនាំ និងសកម្មជនយុវជនគណបក្ស ប្រជាជនកម្ពុជា រាជធានីភ្នំពេញ នាថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២២។

លោក សូមអរគុណ ដល់ថ្នាក់ដឹកនាំ និងសកម្មជនយុវជន ក្នុងរចនាសម្ព័ន្ធអង្គការចាត់ តាំងគណបក្សប្រជាជនកម្ពុជា គ្រប់ជាន់ថ្នាក់ នៅមូលដ្ឋាន រាជធានីភ្នំពេញ ដែលបានខិតខំប្រឹងប្រែងបំពេញ ភារកិច្ចបម្រើប្រជាពលរដ្ឋ យ៉ាងសស្រាក់សស្រាំ បានជាប់ជាប្រចាំ និងគ្រប់កាលៈទេសៈក្នុងធ្លុង មហាសាមគ្គី និងលើមាគ៌ានយោបាយឥតងាក រេរបស់គណបក្ស គឺការបម្រើប្រជាពលរដ្ឋ ឱ្យកាន់តែល្អ និងអភិវឌ្ឍប្រទេសជាតិ ឱ្យកាន់តែរីកចម្រើន។ ក្នុងន័យនេះ ការចូលរួមអនុវត្តការងាររបស់មន្ត្រីបក្សនៅមូលដ្ឋាន គឺជាកត្តាកំណត់មួយ នៃជោគជ័យរបស់គណបក្សទាំងក្នុងរយៈកាលកន្លងមក ក៏ដូចជាដើម្បីឈានទៅរក្សាប្រៀបឈ្នះនៅក្នុងគ្រប់ការបោះឆ្នោតបន្តទៅមុខទៀត។

លោក បានរំលេចថា អ្វីដែលសំខាន់បំផុត សម្រាប់យុវជនកម្ពុជា ក៏ដូចជាយុវជនប្រទេសផ្សេងៗ គឺការធានានូវផែនការ អនាគតមួយ ប្រកបដោយក្តីសង្ឃឹម ក្តីស្រម៉ៃ និងលំនឹងស្ថិរភាព ។ យុវភាព ជាដំណាក់កាលមួយ នៃជីវិតដែលពោរពេញ ដោយការសម្រេចចិត្ត និង ការជ្រើសរើស ដោយសេរីលើមូលដ្ឋាន នៃសិទ្ធបុគ្គលដែលខ្លួនមាន ដើម្បីធ្វើយ៉ាងណាអភិវឌ្ឍខ្លួនឈានឆ្ពោះ ទៅរកការសម្រេចក្តីស្រម៉ៃ។ ក្នុងន័យនេះ ដើម្បីឱ្យលទ្ធភាព នៃជោគជ័យនេះ មានលក្ខណៈប្រាកដនិយម គឺចាំបាច់ណាស់ ដែលយុវជនត្រូវធ្វើការសម្រេចចិត្ត ដោយផ្សារភ្ជាប់ក្តីស្រម៉ៃនោះ ទៅនឹងស្ថានភាពជាក់ស្តែង តាមរយៈការពិចារណា ល្អិតល្អន់ស៊ីជម្រៅ អំពីអតីតកាល និងបច្ចុប្បន្នកាល ដើម្បីជ្រើសរើស អនាគតមួយឱ្យបានត្រឹមត្រូវ ចៀសវាងការសម្រេចចិត្តធ្វើអ្វី មួយដែលហួសពីលទ្ធភាព និងសមត្ថភាពពិតរបស់យើង ។

លោក ក៏បានស្នើផងដែរថា ត្រូវចងចាំផងដែរថា ការសម្រេចចិត្តរបស់យុវជន មានឥទ្ធិពលសំខាន់ណាស់ លើអនាគតរបស់ប្រទេសជាតិ ហើយអនាគតយុវជនខ្លួនឯង ក៏ត្រូវពឹងផ្អែក នឹងផ្សារភ្ជាប់ទៅនឹងដំណើរការរបស់ប្រទេសជាតិផងដែរ ជាពិសេសការធានា ធ្វើយ៉ាងណារក្សាឱ្យ បាននូវបរិយាកាសអំណោយផលនៃ សន្តិភាព, ស្ថិរភាព និងការទទួលបានឱកាស។ នេះ គឺជាអ្វីដែលគណបក្សយើងឱ្យតម្លៃបំផុត និងពុះពារប្តេជ្ញាថែរក្សាឱ្យបានដាច់ខាតទោះក្នុងតម្លៃណាក៏ដោយ ព្រោះជាស្នាដៃដែលគណបក្សខិតខំស្វែងរក និងសម្រេចបានដោយលំបាកបំផុត។

លោក ម៉ាណែត បន្តថា សន្តិភាព៖ សន្តិភាពពេញលេញ ដែលទទួលបានក្រោមជោគជ័យ នៃនយោបាយឈ្នះ-ឈ្នះ គឺជាអ្វីដែលកម្ពុជា មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រជាង ៥០០ ឆ្នាំ ហើយសន្តិភាពនេះ គឺជាមូលដ្ឋាន នៃការសម្រេចបាននូវសមិទ្ធផល ជាតិលើគ្រប់វិស័យ ទាំងផ្នែកនយោបាយ, រដ្ឋបាលសាធារណៈ, សង្គម, សេដ្ឋកិច្ច, ការទូត ។ល។ ជាពិសេស សន្តិភាពផ្លូវកាយ ក៏បានចូលរួមចំណែកផងដែរ នូវការកសាងសន្តិភាពផ្លូវចិត្ត តាមរយៈការធានាបង្កលក្ខណៈគ្រប់បែបយ៉ាងរបស់រាជរដ្ឋាភិបាល ក្នុងការធានាសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ, ភាពសុខដុមរមនាផ្នែកជំនឿសាសនា និងការពង្រឹងយុត្តិធម៌សង្គមលើមូលដ្ឋាននៃនីតិរដ្ឋ ដែលជាកត្តាកំណត់នៃភាពកក់ក្តៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាការអភិវឌ្ឍរីកចម្រើនរឹងមាំ និងនិរន្តរភាពជាតិ ។

លោក លើកឡើងទៀតថា ស្ថិរភាព៖ សំដៅដល់ស្ថិរភាពផ្នែកនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច ដែលកម្ពុជាបានស្គាល់រួចមកហើយក្នុងរយៈពេលជាង ២០ ឆ្នាំកន្លងមកនេះ ហើយក៏កំពុងត្រូវបានលើកកម្ពស់បន្ថែមទៀត ស្របនឹងចក្ខុវិស័យសម្រាប់អនាគត។ ដោយឡែក បញ្ហាសន្តិសុខសាធារណៈ ក៏ជាផ្នែកមួយនៃស្ថិរភាពផងដែរ ។ គេមិនអាចនិយាយបានទេអំពីបញ្ហាសន្តិសុខ នៅក្នុងសម័យសង្គ្រាម។ ដូច្នេះ ជាមួយនឹងអំណោយផល នៃសុខសន្តិភាពដូចបច្ចុប្បន្ន ស្ថានភាពសន្តិសុខ របស់ប្រទេសយើងមានលក្ខណៈល្អប្រសើរ ហើយក៏កំពុងត្រូវបានបន្តពង្រឹងឱ្យកាន់តែមានប្រសិទ្ធភាព តាមរយៈការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព។

រីឯ ឱកាស៖ មានន័យថា ជាលទ្ធភាពក្នុងការប្រើប្រាស់សិទ្ធិសេរីភាព ដើម្បីអភិវឌ្ឍខ្លួនឯង, ជួយទំនុកបម្រុងគ្រួសារ និងចូលរួមក្នុងដំណើរការកសាងជាតិ។ ក្នុងដំណាក់សង្គ្រាម យុវជន រួមទាំងកុមារផងបានបាត់បង់ឱកាសទាំងស្រុង និងគ្មានជម្រើសអ្វី ក្រៅពីការទ្រាំរស់នៅក្នុងវិនាសកម្មដោយក្តីអស់សង្ឃឹម។ ប៉ុន្តែ បច្ចុប្បន្ននេះ យើងទាំងអស់គ្នា មានឱកាសគ្រប់បែបយ៉ាង ទាំងឱកាសរៀនសូត្រ, ឱកាសការងារ និងការបង្កលក្ខណៈគ្រប់បែបយ៉ាង ក្នុងគោលបំណង តែមួយគត់ គឺការធានាបាននូវអនាគតមួយពិតប្រាកដ និងល្អប្រសើរសម្រាប់គ្រប់គ្នា ៕

To Top