ព័ត៌មានអន្តរជាតិ

មេដឹកនាំអឺរ៉ុប នឹងជួបជាមួយ នឹងប្រធានាធិបតីរុស្សី លោក Vladimir Putinនាទីក្រុងមូស្គូ

បរទេស ៖ យោងតាមការចេញផ្សាយ របស់ rt.com បានឲ្យដឹងថា អធិកាបតីអូទ្រីស លោក Karl Nehammer នឹងត្រូវមានផែនការ ដើម្បីជួបជាមួយនឹងប្រធានាធិបតីរុស្សី លោក Vladimir Putin នៅក្នុងទីក្រុងមូស្គូ នៅថ្ងៃចន្ទសប្តាហ៍ក្រោយនេះហើយ ។

ការបញ្ជាក់អះអាង ត្រូវបានធ្វើឡើង ដោយមន្ត្រីផ្លូវការ នៃប្រទេសទាំងពីរហើយជឿជាក់ថា មេដឹកនាំអូទ្រីសរូបនេះនឹងក្លាយ ទៅជាអ្នកជួយសម្របសម្រួល បញ្ហាជម្លោះរវាង ប្រទេសអ៊ុយក្រែន និងប្រទេសរុស្សីម្នាក់ផងដែរ។

គួរឲ្យដឹងដែរថា ជំនួបគ្នាលើកនេះ គឺទទួលបានការសម្របសម្រួល ពីសំណាក់មេដឹកនាំរបស់អឺរ៉ុបផ្សេងទៀតផងដែរ ជាពិសេស គឺលោកអធិកាបតីអាល្លឺម៉ង់ Olaf Scholz ។

កាលពីថ្ងៃសៅរ៍កន្លងមកនេះ លោក Nehammer ក៏ទើបតែបានបំពេញទស្សនកិច្ច នៅក្នុងទីក្រុងគៀវរួចរាល់ហើយ ដោយបានជួបផ្ទាល់ ជាមួយនឹងប្រធានាធិបតី អ៊ុយក្រែន លោក Volodymyr Zelenskyនិងក៏ដូចជាមន្ត្រីជាន់ខ្ពស់ ជាច្រើនរូបផ្សេងទៀតផងដែរ។

នៅអំឡុង នៃជំនួបគ្នាលើកនេះ លោកអធិកាបតីបានបញ្ជាក់នូវ ជំហគាំទ្រដល់ប្រទេសអ៊ុយក្រែន ដោយអះអាងថា អឺរ៉ុបនឹងនៅតែបន្តកិច្ចការងារ រួបរួមគ្នា ដើម្បីធ្វើការដាក់ ទណ្ឌកម្ម ប្រឆាំងទៅនឹងប្រទេសរុស្សី រហូតដល់ពេលដែលសង្គ្រាមនឹង ត្រូវបញ្ចប់ទៅជាផ្លូវការ៕

ប្រែសម្រួល៖ស៊ុនលី

To Top