តេអេរ៉ង់៖ សមាជិកសភាអ៊ីរ៉ង់ បានទាមទារឱ្យសហរដ្ឋអាមេរិក ផ្តល់ការធានាផ្នែកច្បាប់ ដែលរារាំងសហរដ្ឋអាមេរិក និងរដ្ឋាភិបាលនានាពីការបោះបង់កិច្ចព្រមព្រៀង ដែលអាចមានក្នុងគោលបំណងសង្គ្រោះ កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ ដែលត្រូវបានគេស្គាល់ជាផ្លូវការថា ជាផែនការសកម្មភាពទូលំទូលាយរួម (JCPOA) ។
សេចក្តីថ្លែងការណ៍មួយដែលចុះហត្ថលេខា ដោយសមាជិកសភាអ៊ីរ៉ង់ចំនួន ២៥០ នាក់បានឲ្យដឹងថា វានឹងមិនមានឧបសគ្គក្នុងការអនុវត្តនៃកិច្ចព្រមព្រៀង នៅពេលអនាគតនោះទេ សហរដ្ឋអាមេរិកចាំបាច់ត្រូវផ្តល់ឲ្យអ៊ីរ៉ង់ ជាមួយនឹងការធានាផ្នែកច្បាប់ចាំបាច់ថា ខ្លួននឹងមិនដកខ្លួនចេញពី JCPOA ម្តងទៀតនោះទេ ហើយបញ្ហានេះត្រូវតែធ្វើឡើង ដោយស្ថាប័នធ្វើសេចក្តីសម្រេច របស់ប្រទេស រួមទាំងសមាជក្នុងទម្រង់ច្បាប់ទាំងស្រុង។
សហរដ្ឋអាមេរិក ក៏គួរតែធានាថា ទណ្ឌកម្មដែលត្រូវបានដកចេញ នឹងមិនត្រូវបានដាក់ឡើងវិញនោះទេ ហើយអ៊ីរ៉ង់ គួរតែមានសិទ្ធិនាំចេញប្រេងរបស់ខ្លួន ទៅកាន់ប្រទេសណាមួយក្នុងបរិមាណណាមួយ ដែលបានព្រមព្រៀងគ្នា ហើយអ៊ីរ៉ង់គួរតែអាចទទួលបានប្រាក់ចំណូលពីការនាំចេញប្រេង តាមរយៈប្រព័ន្ធធនាគារអន្តរជាតិ។
ចាប់តាំងពីខែមេសា ឆ្នាំ២០២១ ការចរចាចំនួន ៨ជុំត្រូវបានធ្វើឡើង នៅក្នុងរដ្ឋធានីវីយែនរបស់ប្រទេសអូទ្រីសរវាងអ៊ីរ៉ង់ និងភាគីដែលនៅសល់នៃកិច្ចព្រមព្រៀង នុយក្លេអ៊ែរឆ្នាំ២០១៥ គឺប្រទេសចិន រុស្ស៊ី អង់គ្លេស បារាំង និងអាល្លឺម៉ង់ ដើម្បីស្តារកិច្ចព្រមព្រៀងឡើងវិញ។
នៅខែឧសភា ឆ្នាំ២០១៨ រដ្ឋាភិបាលសហរដ្ឋអាមេរិក ក្រោមការដឹកនាំ របស់អតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ បានដកទីក្រុងវ៉ាស៊ីនតោនចេញពីកិច្ចព្រមព្រៀង និងដាក់ទណ្ឌកម្មឡើងវិញ ជាឯកតោភាគីលើអ៊ីរ៉ង់។ ជាការឆ្លើយតប អ៊ីរ៉ង់បានទម្លាក់ផ្នែកខ្លះ នៃការប្តេជ្ញាចិត្តរបស់ខ្លួន ក្រោមកិច្ចព្រមព្រៀង ចាប់ពីខែឧសភា ឆ្នាំ២០១៩៕ ប្រែសម្រួល ឈូក បូរ៉ា