ព័ត៌មានអន្តរជាតិ

Updated៖ WTO ព្យាករណ៍ថា កំណើនពាណិជ្ជកម្មសកលឆ្នាំ២០២២ធ្លាក់ចុះ ក្រោយមានជម្លោះរុស្ស៊ី និងអ៊ុយក្រែន

ហ្សឺណែវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ថា ជម្លោះដែលកំពុងបន្តកើតឡើងរវាងរុស្ស៊ី និងអ៊ុយក្រែន បានវាយប្រហារយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចពិភពលោក ដោយកាត់បន្ថយការព្យាករណ៍កំណើនពាណិជ្ជកម្មសកលសម្រាប់ឆ្នាំ២០២២ពី៤,៧ភាគរយដែលបានព្យាករណ៍កាលពីខែតុលា មកនៅចន្លោះពី២,៤ភាគរយ ទៅ ៣ភាគរយ ។

ការព្យាករនេះ ផ្អែកលើគំរូនៃការក្លែងធ្វើសេដ្ឋកិច្ចសកល ត្រូវបានធ្វើឡើងដោយលេខាធិការដ្ឋាននៃអង្គការពាណិជ្ជកម្មពិភពលោក ហៅកាត់ (WTO) នៅក្នុងកំណត់ត្រាមួយដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ ។

យោងតាមគំរូដូចគ្នា វិបត្តិនេះអាចកាត់បន្ថយកំណើនផលិតផលក្នុងស្រុកសរុបរបស់ពិភពលោកដោយ០,៧ដល់១,៣ភាគរយដោយនាំវាទៅកន្លែងណាមួយរវាង៣,១ភាគរយ និង៣,៧ភាគរយសម្រាប់ឆ្នាំ២០២២ ។

លេខាធិការដ្ឋានបានឲ្យដឹងថា ជម្លោះនេះបានជំរុញឱ្យតម្លៃអាហារ និងថាមពល និងកាត់បន្ថយលទ្ធភាពទទួលបានទំនិញនាំចេញដោយរុស្ស៊ី និងអ៊ុយក្រែន ។

រុស្ស៊ី និងអ៊ុយក្រែន គឺជាអ្នកផ្គត់ផ្គង់ផលិតផលសំខាន់ៗ ជាពិសេសអាហារ និងថាមពល ។ ប្រទេសទាំង២បានផ្គត់ផ្គង់ប្រហែល២៥ភាគរយនៃស្រូវសាលី១៥ភាគរយនៃស្រូវបាឡេ និង៤៥ភាគរយ នៃការនាំចេញផលិតផលផ្កាឈូករ័ត្នជាសាកលក្នុងឆ្នាំ២០១៩ ។ 

ប្រទេសរុស្ស៊ី តែម្នាក់ឯងមានចំណែក៩,៤ភាគរយនៃពាណិជ្ជកម្មពិភពលោកលើឥន្ធនៈ រួមទាំងចំណែក២០ភាគរយ ក្នុងនាំចេញឧស្ម័នធម្មជាតិ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top