ព័ត៌មានអន្តរជាតិ

Update៖ ចិន-រុស្ស៊ី នឹងបន្តបង្កើន កិច្ចសហប្រតិបត្តិការ ជាមួយគ្នា ឥតប្រែប្រួលឡើយ

ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ថា ក្រសួងការបរទេសចិន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអង្គារនេះថា ប្រទេសចិន បានប្រាប់រុស្ស៊ីថា ខ្លួននឹងបន្តបង្កើន “ការសម្របសម្រួលជាយុទ្ធសាស្ត្រ” ជាមួយខ្លួនដោយមិនគិតពីការប្រែប្រួលអន្តរជាតិ ។

សេចក្តីថ្លែងការណ៍បានដាក់ថា អនុរដ្ឋមន្ត្រីការបរទេសចិន លោក Le Yucheng បានផ្តល់ការធានានេះដល់ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅប្រទេសចិន លោក Andrey Denisov កាលពីថ្ងៃចន្ទ។

លោក Le បានលើកឡើងពីការកើនឡើង ជិត៣០ភាគរយ នៅក្នុងពាណិជ្ជកម្មចិន-រុស្ស៊ីក្នុងរយៈពេល៣ខែដំបូង នៃឆ្នាំនេះ ដែលជាភស្តុតាងនៃ “ភាពធន់ និងថាមពលដែលមិនចេះរីងស្ងួត” នៃកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំង២ នេះបើយោងតាមសេចក្តីថ្លែងការណ៍ បានដាក់ដូច្នេះ ។

មន្ត្រីជាន់ខ្ពស់ទាំង២រូប ក៏បានពិភាក្សាអំពី អ៊ុយក្រែន ផងដែរ ។

ប្រទេសចិន បានបដិសេធមិនថ្កោលទោស រុស្ស៊ី ជុំវិញអ៊ុយក្រែន ដែលអង្គការសហប្រជាជាតិ បានលើកឡើងថា មានជនស៊ីវិលជាង២.០០០នាក់បានស្លាប់ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើមនៅថ្ងៃទី២៤ ខែកុម្ភៈ។

គួរបញ្ជាក់ថា រុស្ស៊ី បដិសេធការកំណត់គោលដៅ ជនស៊ីវិលក្នុងអ្វីដែលខ្លួនហៅថាជា “ប្រតិបត្តិការពិសេស” ៕

ដោយ៖ម៉ៅ បុប្ផាមករា

To Top