ភ្នំពេញ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានណែនាំមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានី-ខេត្ត ឲ្យចាត់វិធានការ ដល់ការិយាល័យស្រុកប្រតិបត្តិ និងមូលដ្ឋានសុខាភិបាលសាធារណៈទាំងអស់ ត្រូវធានាការផ្តល់សេវា២៤ម៉ោង លើ២៤ម៉ោង ជូនប្រជាពលរដ្ឋដែលទៅទទួលសេវា។
យោងតាមលិខិតរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី២០ មេសា លោក ម៉ម ប៊ុនហេង បានឲ្យដឹងថា ក្រសួងសង្កេតឃើញថា មានមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព មួយចំនួនធំ បានយកចិត្តទុកដាក់ ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋបានល្អប្រសើរ ប៉ុន្តែនៅមានមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពមួយចំនួនតូច នៅមានការខ្វះខាតក្នុងការផ្តល់សេវា ២៤ម៉ោងលើ២៤ម៉ោងនៅឡើយ។
លោករដ្ឋមន្ដ្រី បានបញ្ជាក់ថា «សូមលោក លោកស្រី ធ្វើការណែនាំក្រើនរំលឹក ដល់មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានី-ខេត្ត ឲ្យចាត់វិធានការដល់ការិយាល័យ ស្រុកប្រតិបត្តិ និងមូលដ្ឋានសុខាភិបាលសាធារណៈទាំងអស់ ត្រូវធានាការផ្តល់សេវា២៤ម៉ោង លើ២៤ម៉ោង ជូនប្រជាពលរដ្ឋដែលទៅទទួលសេវា និងត្រូវធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះ និងលេខទូរស័ព្ទអ្នកប្រចាំការ ផ្តល់សេវានៅតាម មូលដ្ឋានសុខាភិបាលជាទៀងទាត់ បិទផ្សាយនៅកន្លែងផ្តល់សេវារបស់ខ្លួន និងផ្ញើមកមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានី-ខេត្ត ដើម្បីតាមដានត្រួតពិនិត្យការអនុវត្តជាប់ជាប្រចាំ»៕

 
													
																							
 
																								
												
												
												 
						 
					 
						 
					 
						 
					 
								 
																						 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									