ព័ត៌មានអន្តរជាតិ

រុស្ស៊ី ចេញមកបញ្ជាក់ពីចំនួននាវិក ដែលបានបាត់បង់ជីវិត ក្នុងហេតុការណ៍ លេចនាវាចម្បាំង

បរទេស៖ យោងតាមការអះអាង ដោយក្រសួងការពារជាតិ នៃប្រទេសរុស្ស៊ី កាលពីថ្ងៃសុក្រម្សិលមិញនេះ បានបង្ហាញលទ្ធផលអំពីហេតុការណ៍ ថ្ងៃទី១៣ ខែមេសាកន្លងមក នៅសមុទ្រខ្មៅ ថានាវាចម្បាំងរបស់ខ្លួនមួយគ្រឿង បានទទួលរងការខូចខាត យ៉ាងខ្លាំងដោយសារការផ្ទុះអាវុធ ដែលមាននៅពីខាងក្នុង ហើយក្នុងនោះវាបានធ្វើឲ្យនាវិកម្នាក់ បាត់បង់ជីវិតភ្លាមៗ ហើយ២៧នាក់ទៀត បន្តបាត់ខ្លួននៅឡើយ។

របាយការណ៍ដដែលបានបញ្ជាក់ទៀតថា៖ នាវិកម្នាក់ បានបាត់បង់ជីវិតនិង២៧នាក់បាត់ខ្លួន ប៉ុន្តែនាវិកប្រមាណជា៣៩៦នាក់ផ្សេងទៀត ត្រូវបានជួយសង្គ្រោះចេញ ពីនាវានិងត្រូវបានបញ្ចូន ទៅកាន់តំបន់
Sevastopol ដោយសុវត្ថិភាព។

មុនប្រកាសនេះបន្តិច ក្រសួងការពារជាតិ ក៏បានបញ្ជាក់ដែរថា នាវាចម្បាំង Moskva បានលេចពេលកំពុងត្រូវបានគេអូសទាញយក ទៅដាក់នឹងផែដោយសារតែ អាកាសធាតុ មិនអំណោយផល ហើយមូលហេតុ
សំខាន់ដែលធ្វើឲ្យមាន ការឆាបឆេះនោះ គឺដោយសារតែការផ្ទុះឆេះអាវុធ ពីខាងក្នុង។

ទោះបីជាយ៉ាងណាក្តីមុនការអះអាង ដោយភាគីខាងរុស្ស៊ី រដ្ឋាភិបាលក្រុងគៀវ បានបញ្ជាក់ថានាវាចម្បាំង របស់រុស្ស៊ី ត្រូវបានទទួលរងការវាយប្រហារ ដោយមីស៊ីលប្រឆាំងនាវា របស់អ៊ុយក្រែន ចេញពីតំបន់ Odessa៕

ប្រែសម្រួល៖ស៊ុនលី

To Top