ព័ត៌មានជាតិ

JCI PhnomPenh រៀបចំពិធីប្រគល់ពានរង្វាន់ និងមេដាយ ជូនជ័យលាភី កម្មវិធី “ចិត្តលើផ្លូវ Mind On Mile”

ភ្នំពេញ៖សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាភ្នំពេញ (JCI PhnomPenh ) នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២នេះ បានរៀបចំពិធីប្រគល់ពានរង្វាន់ និងមេដាយ ជូនម្ចាស់ជ័យលាភី កម្មវិធី “ចិត្តលើផ្លូវ Mind On Mile” ចំពោះរង្វាន់រួមមានៈ ទទួលបានអាវយឺតដ៏ស្រស់ស្អាត ,មេដាយ សម្រាប់អ្នកដែលជោគជ័យលើចម្ងាយដែលបានកំណត់ (ដើរឬរត់៥០គម ,សម្រាប់អ្នកដើរនិងរត់ បានច្រើនជាងគេ ចំនួន ៣នាក់ ក្នុងរយៈពេលមួយខែ នឹងទទួលបានពានរង្វាន់ឆ្នើម ក្នុងនោះសម្រាប់អ្នកលេខ១ ដល់លេខ៣ ក្លាយជាសមាជិក ក្លឹបហាត់ប្រាណ Gunze Japan Sport Club រយៈពេលមួយពេញ, ពានរង្វាន់, មេដាយ ក៏ដូចជាវិញ្ញាបនបត្រ ផងដែរ។

សូមរំលឹកថា គម្រោង “ចិត្តលើផ្លូវ Mind On Mile” គឺជាគម្រោងថ្មីមួយ របស់ សភាយុវពាណិជ្ជករកម្ពុជា សាខា ភ្នំពេញ ដែលបង្កើតឡើង ដើម្បីលើកកម្ពស់ស្មារតីផ្លូវចិត្ត និងលើកទឹកចិត្ត ក៏ដូចជាបង្កើតទម្លាប់ថ្មី ដល់អ្នកចូលរួមទាំងអស់ កំឡុងពេលជំងឺ កូវីដ និង អូមីក្រុន រាតត្បាត ក្នុងប្រទេស ដែលការប្រកួតនឹងចាប់ផ្តើមពីថ្ងៃទី ៩ខែមីនា រហូតដល់ថ្ងៃទី ៨ ខែមេសា ឆ្នាំ២០២២ ។ អ្នកចូលរួមប្រកួត ក្នុងការគម្រោង “ចិត្តលើផ្លូវ Mind On Mile” នឹងត្រូវធ្វើការដើរនិងរត់ទៅតាមទីកន្លែងរៀងៗខ្លួន ដោយពុំចាំបាច់មានការជួបជុំគ្នាផ្ទាល់នោះទេ ហើយ រាល់ទិន្នន័យទាំងអស់ នឹងត្រូវបានកត់ត្រាតាមរយ: កម្មវិធីទូរស័ព្ទ កំណត់ចម្ងាយរបស់អេប Strava។

លោក ពេជ្យ ចាន់ ប្រធានសភាយុវពាណិជ្ជករ សាខាភ្នំពេញ

ក្នុងឱកាសប្រគល់ពានរង្វាន់ និងមេដាយ ជូនជ័យលាភី កម្មវិធី “ចិត្តលើផ្លូវ Mind On Mile” លោក ពេជ្យ ចាន់ ប្រធានសភាយុវពាណិជ្ជករ សាខាភ្នំពេញ បានឲ្យដឹងថា បន្ទាប់ពីយើងបានចាប់ផ្ដើមកម្មវិធី “ចិត្តលើផ្លូវ Mind On Mile” អស់រយៈពេលមួយខែនេះ យើងសង្កេតឃើញថា ជាកម្មវិធីមួយដែលល្អ បើទោះបីយើងចូលរួមដាច់ដោយពីគ្នា តាមតំបន់រៀងខ្លួនៗក៏ពិតមែន ដោយសារតែជួបនូវវិបត្តិកូវីដ១៩ ដែលជាជំងឺរីករាលដាលជាសាកល ។

លោកបន្តថា យើងឃើញមានកម្មវិធីរត់ជាច្រើនរត់ត្រឹមតែមួយថ្ងៃ ប៉ុន្តែកម្មវិធី “ចិត្តលើផ្លូវ Mind On Mile” នេះគឺយើងមានការរត់រយៈពេលមួយខែ ការដែលរៀបចំឲ្យរយៈពេលមួយខែនេះគឺចង់ឲ្យអ្នកដែលបានចូលរួម កម្មវីធីចិត្តលើផ្លូវនេះក្លាយជាទម្លាប់ក្នុងការហាត់ប្រាណរបស់ពួកគាត់។ អ្វីដែលយើងបង្កើតជាទម្លាប់នេះទើបអាចជំរុញឲ្យសុខភាពល្អប្រសើរឡើង ប្រសិនបើយើងហាត់ប្រាណត្រឹមរយៈពេលមួយថ្ងៃ ហើយក្រោយមកយើង បោះបង់ចោលគឺមិនអាចជួយទ្រទ្រុងសុខភាពយើងបានទេ។

ជាមួយគ្នានោះដែរម្ចាស់ជ័យលាភីលេខខ១ក៏ចែករំលែកនូវបទពិសោធន៍ក្នុងកំឡុងពេលដែលគាត់រត់ថា នៅពេលដែលយើងចាប់ផ្ដើមរត់ក្នុងរយៈពេលមួយម៉ោង បាន៥ទៅ១០គីឡូម៉ែត្រឬច្រើនជាងនេះក្ដី ពេលនោះយើងនឹងជួបឧបសគ្គ ដូចជាចុកសាច់ដុំជើងនិងពោះ ប៉ុន្តែសូមព្យាយាមម្ដងបន្តិចៗយូរទៅៗវានឹងក្លាយទៅជាទម្លាប់របស់យើង។ លោកថា លោកប្រកួតរត់ម្មវិធី “ចិត្តលើផ្លូវ Mind On Mile” រយៈពេលមួយខែនេះ លោកបានហើមជើង១០ថ្ងៃ ហើយក៏បានរកថ្នាំព្យាបាល និងព្យាយាមរត់បន្តិចម្ដងៗទៅ ក៏ក្លាយទៅជាទម្លាប់លែងឈឺ។

លោក សយ រិទ្ធី ប្រធានគម្រោង ចិត្តលើផ្លូវ ឬ Mind On Mile

បន្ថែមលើនេះលោក សយ រិទ្ធី ប្រធានគម្រោង ចិត្តលើផ្លូវ ឬ Mind On Mile បានថ្លែងអំណរគុណដល់ម្ចាស់ ឧបត្ថម្ភកម្មវិធី, អ្នកចួលរួមប្រកួតកម្មវិធី និង ក្រុមការងារទាំងអស់ ដែលបានជួយជ្រោមជ្រែង អោយកម្មវិធីនេះបង្កើតឡើង និងលេចរូបរាងជាផ្លែផ្កា។

លោកបាន បញ្ជាក់ថា កំឡុងពេលប្រកួត និងពេលប្រកាសលទ្ធផល ក្រុមការងារ បានយកចិត្តទុក្ខដាក់ កត់ត្រាពិន្ទុ និងមានសុភវិនិច្ឆ័យ លើពិន្ទុម្នាក់ៗ ដោយវាស់វែងទៅតាមស្តង់ដា ពីព្រោះថា អ្នកចួលរួមលេងទាំងអស់ គឺត្រូវកត់ត្រា Record តាមរយ: App Strava ដូច្នេះ គឺតម្រូវអោយក្រុមការងារ ចូលទៅស្រង់ សកម្មភាពនិមួយៗ និង ជារៀងរាល់ថ្ងៃ។

ជាចុងក្រោយ លោកសំណូមពរ អោយអ្នកចូលរួមទាំងអស់ បន្តសកម្មភាពលំហាត់ប្រាណជាប្រចាំ និង ត្រៀមខ្លួនសម្រាប់កម្មវិធី ចិតលើផ្លូវ ឬ Mind On Mile វគ្គ២ ដែលនឹងធ្វើឡើងក្នុងពេលឆាបលៗខាងមុខនេះ៕

To Top