ព័ត៌មានអន្តរជាតិ

Updated៖ អគ្គលេខាធិការ UN ធ្វើដំណើរទៅដល់អ៊ុយក្រែនហើយ ក្រោយជំនួបជាមួយលោក ពូទីន

ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២២ថា លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) បានថ្លែងកាលពីថ្ងៃពុធថា លោកបានមកដល់ប្រទេសអ៊ុយក្រែន ហើយ។

លោក Guterres បានសរសេរនៅលើបណ្តាញសង្គម Twitter ថា “ខ្ញុំបានទៅដល់អ៊ុយក្រែនហើយ បន្ទាប់ពីបានទៅបំពេញ ការងារនៅទីក្រុងម៉ូស្គូ ។

លោកបានថ្លែងថា UN នឹងបន្តការងារដើម្បីពង្រីក ការគាំទ្រមនុស្សធម៌ និងធានាការជម្លៀសជនស៊ីវិល ចេញពីតំបន់ជម្លោះ ហើយលោកបានជំរុញឱ្យបញ្ចប់អរិភាពនេះ ។

អ្នកនាំពាក្យអង្គការសហប្រជាជាតិ បានថ្លែងកាលពីថ្ងៃពុធថា អង្គការសហប្រជាជាតិ កំពុងតាមដានកិច្ចព្រមព្រៀង ជាមួយរុស្ស៊ីដើម្បីសម្របសម្រួល ការជម្លៀសជនស៊ីវិលនៅក្នុងរោងចក្រដែក Azovstal ក្នុងទីក្រុង Mariupol នៃប្រទេសអ៊ុយក្រែន ។

គួររំលឹកថា នៅក្នុងជំនួបជាមួយអគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក Antonio Guterres កាលពីថ្ងៃអង្គារ ជាមួយ លោក ប្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានយល់ព្រមជាគោលការណ៍ ចំពោះការចូលរួមរបស់ អង្គការសហប្រជាជាតិ និងគណៈកម្មាធិការអន្តរជាតិ នៃកាកបាទក្រហម ក្នុងការជម្លៀសជនស៊ីវិលចេញពី Azovstal ។

ការពិភាក្សាបន្តត្រូវបានធ្វើឡើង ជាមួយការិយាល័យអង្គការសហប្រជាជាតិ សម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ និងក្រសួងការពារជាតិរុស្ស៊ី ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top