គៀវ៖ អ្នកនាំពាក្យអង្គការ សហប្រជាជាតិ បានឲ្យដឹងថា អង្គការសហប្រជាជាតិ កំពុងតាមដានកិច្ចព្រមព្រៀង ជាមួយរុស្ស៊ី ដើម្បីសម្របសម្រួលការជម្លៀស ជនស៊ីវិល នៅក្នុងរោងចក្រ Azovstal ក្នុងទីក្រុង Mariupol នៃប្រទេសអ៊ុយក្រែន។
នៅក្នុងជំនួប ជាមួយអគ្គលេខាធិការអង្គការ សហប្រជាជាតិ លោក Antonio Guterres កាលពីថ្ងៃអង្គារ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានយល់ព្រមជាគោលការណ៍ ចំពោះការចូលរួម របស់អង្គការសហប្រជាជាតិ និងគណៈកម្មាធិការអន្តរជាតិ នៃកាកបាទក្រហម (ICRC) ក្នុងការជម្លៀសជនស៊ីវិល ពីរោងចក្រ Azovstal ។
ការពិភាក្សាបន្ត ត្រូវបានធ្វើឡើងជាមួយ ការិយាល័យអង្គការសហប្រជាជាតិ សម្រាប់ការសម្របសម្រួល កិច្ចការមនុស្សធម៌ (OCHA) និងក្រសួងការពារជាតិរុស្ស៊ី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ។
បន្ទាប់ពីកិច្ចព្រមព្រៀង កាលពីថ្ងៃអង្គារ OCHA កំពុងប្រមូលផ្តុំក្រុមមួយ ក្នុងនាមប្រព័ន្ធអង្គការ សហប្រជាជាតិ ដើម្បីសម្របសម្រួលការជម្លៀស ជនស៊ីវិល នៅតំបន់រោងចក្រ Azovstal ហើយ ICRC ក៏ចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែង សម្របសម្រួលផងដែរ នេះបើតាមសម្តីរបស់អ្នកនាំពាក្យរង របស់លោក Guterres លោក Farhan Haq។
លោកបានលើកឡើងថា “ដូច្នេះថ្ងៃនេះ ថ្ងៃពុធ យើងកំពុងមានការពិភាក្សាបន្ត ជាមួយអាជ្ញាធរនៅទីក្រុងមូស្គូ និងនៅទីក្រុងគៀវ ដើម្បីអភិវឌ្ឍក្របខ័ណ្ឌ ប្រតិបត្តិការសម្រាប់ ការជម្លៀសជនស៊ីវិលទាន់ពេលវេលា” ។
លោកបន្ដថា “អ្វីដែលយើងបានព្យាយាមធ្វើពីខាង OCHA គឺមានបុគ្គលិក ដែលមានបទពិសោធន៍ច្រើនបំផុត ដែលមានជំនាញ ក្នុងប្រតិបត្តិការស្មុគស្មាញ ដែលធ្វើដំណើរទៅកាន់អ៊ុយក្រែន ពីជុំវិញពិភពលោក ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង នេះ”៕
ប្រែសម្រួល ឈូក បូរ៉ា