ភ្នំពេញ៖ ពីមួយថ្ងៃទៅមួយថ្ងៃ ប្រជាពលរដ្ឋកម្ពុជា កាន់តែមានកំណើនជាប្រចាំ ហើយតម្រូវការងារ របស់ពួកគេ ក៏មានច្រើនទៅ តាមកម្រិតចំណេះជំនាញ និងសមត្ថភាពផ្សេងៗ ដើម្បីមានចំណូលផ្គត់ផ្គង់ ជីវភាពគ្រួសារ អាចរស់នៅប្រកប ដោយសុភមង្គល និងមានសេចក្តីថ្លៃថ្នូរ ក្នុងសង្គមជាតិ។
តម្រូវការក្នុងជីវភាពរស់នៅ របស់ប្រជាជនទូទៅបានបង្កើត ឱ្យមានចង្វាក់ការងារទៅវិញទៅមក នៅក្នុងសង្គមជាតិ មិនថា ការងារនោះជាការងារអ្វីនោះទេ សំខាន់ឱ្យតែការងារស្របច្បាប់ និងមិនប៉ះពាល់ដល់សិទ្ធិ និងផលប្រយោជន៍អ្នកដទៃ ។
ប្រិយមិត្តជាជាទីមេត្រី !
បើនិយាយពីការងារ គឺមានច្រើនប្រភេទ គឺ ការងារប្រើដោយកម្លាំងកាយ ការងារប្រើដោយកម្លាំងប្រាជ្ញា ឬការងារប្រកបអាជីវកម្មខ្លួនឯង។ ការងារ គឺជាសកម្មភាពទំាងឡាយណា ដែលមនុស្សធ្វើដើម្បីរកប្រាក់ ។ ការងារគឺជាការបង្កើតទំនិញ ឬសេវាកម្មដែលបង្កើតឡើង ឬធ្វើអ្វីៗ ដោយខ្លួនឯងផ្ទាល់ ឬក៏លក់កម្លាំងពលកម្មទៅឲ្យនរណាម្នាក់ ។ ការងារគឺសំដៅលើការអនុវត្ត កាតព្វកិច្ចទាំងឡាយដែលអាចឲ្យមនុស្សរស់បាននៅក្នុងបរិបទសេដ្ឋកិច្ច និងសង្គមទៅតាមតំបន់ ឬទីកន្លែងដែលគេរស់នៅ ។
ឆ្លើយប្រាប់វិទ្យុមិត្តភាពកម្ពុជា-ចិន លោកគង់ សេរីរ័ត្ន ប្រធានការិយាល័យព័ត៌មាន នៃអគ្គនាយករដ្ឋ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) បានឱ្យដឹងថា ក្នុងនាមប្រជាពលរដ្ឋម្នាក់ លោកយល់ឃើញ ការងារទាំអស់ពិតមានសារសំខាន់ ព្រោះថា មនុស្សម្នាក់ៗ មានការងារធ្វើ ទើបមានប្រាក់ចំណូល ៖
សំឡេង ៖ « ការងារអ្វីក៏មានសារៈសំខាន់ដែរ បើអ្នករាជការប្រកបវិជ្ជាជីវៈរបស់ខ្លួន ទៅ ចំណែកប្រជាពលដ្ឋតាមមូលដ្ឋានគាត់ធ្វើតាមមុខជំនាញរបស់ខ្លួន បើអាជីវករធ្វើយ៉ាងម៉ិច ឱ្យការងារខ្លួនមានការរីកចម្រើនមានប្រយោជន៍ទៅ កសិករជំនាញកសិកម្ម គាត់ធ្វើកសិកម្ម អ្នកខ្លះធ្វើសិប្បកម្ម ព្រោះថា យើងម្នាក់ៗត្រូវការចំណាយក្នុងជីវភាពរាល់ថ្ងៃ ។ ដូច្នេះត្រូវមានប្រាក់ចំណូលជាប្រចាំ ដើម្បីចំណាយលើកម្ហូបអាហារ ព្យាបាលជំងឺ ផ្តល់ឱ្យកូនសិក្សា ទាំងនេះសុទ្ធតែត្រូវការថវិកា » ។
លោកជំទាវ ឆាយលីណា ទីប្រឹក្សាក្រសួងព័ត៌មាន និងជាអនុប្រធាន នាយកដ្ឋាន នៃអគ្គនាយកដ្ឋាន វិទ្យុជាតិកម្ពុជា បានប្រាប់វិទ្យុមិត្តភាពកម្ពុជាចិន ដោយបង្ហាញទស្សនៈផ្ទាល់ខ្លួនថា បើសិនជាមនុស្សយើង នៅទំនេ ច្រើនពេកធ្វើឱ្យមានកើតមានជំងឺផ្លូវចិត្ត ធុញថប់ផ្លូវអារម្មណ៍ប៉ះពាល់ដល់ សុខភាពផ្លូវចិត្ត និងផ្លូវកាយផងដែរ ។
សំឡេង «កាលណាអតការងារ ធ្វើមានផលលំបាកចំនួន៣ តាមការមើលឃើញទូទៅរបស់ខ្ញុំ ។ ទីមួយធ្វើឱ្យយើងស្រេស្ត គិតអ្វីមិនសូវយល់ទេ កាលណាយើងទំនេពេក ទីពីរធ្វើឱ្យប៉ះពាល់ ដល់សេដ្ឋកិច្ចយើងធ្វើថា ក្នុងការរស់នៅយើងត្រូវការចរន្ត ចាយវាយចុះឡើង ហើយបើយើងអតការងារ ធ្វើយើងអតប្រាក់ កម្រៃដែរ និងចំណុចទីបីបើយើងអតការងារ ធ្វើគឺមានន័យថាយើងអត បានចូលរួមការងារ សកម្មភាពសង្គមទេ ហើយធ្វើឱ្យប៉ះពាល់ សេដ្ឋកិច្ចជាតិ ដោយបាត់ បងកម្លាំងពលកម្មបើយើង ជាយុវជនមានកម្លាំងពេញលេញ ។ កាលណាយើងជួយរកប្រាក់ ចំណូលជួយគ្រួសារយើង ផ្លូវចិត្តយើង បានល្អ ដោយសារសេដ្ឋកិច្ចយើងមានចរន្តចេញចូល ។ យើងអាចមានលទ្ធភាពជួយសហគមន៍តាមលទ្ធភាព ។ សកម្មភាពយើងតូចៗ នេះឯងធ្វើសង្គមជាតិរីកចម្រើន ។ នេះជាការយល់ឃើញរបស់ខ្ញុំ »។
ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានដាក់ចេញរួចហើយនូវ ទិសដៅការងារ មួយចំនួនរួមមាន ៖ ដោយបន្តខិតខំលើកកម្ពស់ លក្ខខណ្ឌការងារ ឱ្យកាន់តែប្រសើរឡើង ពង្រឹងការអនុវត្តន៍ច្បាប់ស្តីពីការងារ បន្តពង្រឹងយន្តការអធិការកិច្ច ការងារឱ្យកាន់តែមានប្រសិទ្ធភាពនិងតម្លាភាព។ ពង្រឹងភាពសុខដុមរមនានៃទំនាក់ទំនងវិជ្ជាជីវៈលើកកម្ពស់ការយល់ដឹងអំពីសិទ្ធិកាតព្វកិច្ច និងការទទួលខុសត្រូវស្របច្បាប់របស់កម្មករនិយោជិត និងនិយោជក។ បន្តប្រែក្លាយរោងចក្រ សហគ្រាស មួយជាសហគមន៍សុខសាន្តមួយរបស់កម្មករនិយោជិតដែលពោរពេញដោយសមត្ថភាពលក្ខខណ្ឌការ ងារល្អប្រសើរ ផលិតភាព ឥរិយាបថការងារ ការទទួលខុសត្រូវសង្គម និងមានសុខដុមនីយកម្ម ទំនាក់ទំនងវិជ្ជាជីវៈ ។
បើយោង តាមសារលិខិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួប អនុស្សាវរីយ៍លើកទី១៣៦ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា រាជរដ្ឋាភិបាល បានបន្តលើកកម្ពស់ការការពារសិទ្ធិ សេរីភាពអង្គការវិជ្ជាជីវៈ ថែរក្សាសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ ផ្តល់អត្ថប្រយោជន៍នានា ជូនបងប្អូនកម្មករនិយោជិត រួមទាំងការផ្តល់កិច្ចគាំពារ សង្គមផងដែរស្របតាមគោល នយោបាយរបស់រាជរដ្ឋាភិបាល ច្បាប់ស្តីពីការងារ ច្បាប់ស្ដីពីសហជីព និងអនុសញ្ញាអន្តរជាតិខាងការងារទាំង១៣ ដែលកម្ពុជាបានផ្តល់សច្ចាប័ន តាមរយៈយន្តការត្រីភាគីសម្រាប់សំវាទសង្គម ជាអាទិ៍ក្រុមប្រឹក្សាអាជ្ញាកណ្តាល គណៈកម្មការប្រឹក្សាការងារ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា រួមទាំងយន្តការត្រីភាគីបូកជាច្រើនទៀត ។
កន្លងមកនេះដែរ រាជរដ្ឋាភិបាល នឹងអភិវឌ្ឍវិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូប នៅកម្ពុជាឱ្យទៅជាឧស្សាហកម្មដែលមានចីរភាពបរិស្ថាន មានភាពធន់ មានតម្លៃបន្ថែមខ្ពស់ ផ្ដោតលើផលិតផលថ្លៃខ្ពស់ និងមានលក្ខណៈពិសេសមានភាព ប្រកួតប្រជែងខ្ពស់និងជាមូលដ្ឋានគាំទ្រ ពិពិធកម្មសេដ្ឋកិច្ចមុន ដំណាច់ឆ្នាំ២០២៧ ។
នៅប្រទេសកម្ពុជា ផ្តើមចេញ ពីសន្តិភាពពេញលេញ និងការអភិវឌ្ឍ លើគ្រប់វិស័យ បានបង្កលក្ខណៈកាន់តែងាយស្រួល ដល់ប្រជាពលដ្ឋគ្រប់រូបមាន ឱកាសប្រកបការងារតាមវិជ្ជាជីវៈ ចំណេះជំនាញ និងតាមលទ្ធភាពរៀងៗខ្លួន ដើម្បីទទួលបានកម្រៃសមរម្យក្នុងការលើកកម្ពស់សេដ្ឋកិច្ចគ្រូសារ។ ក្រៅពីការងារក្នុងប្រទេស រាប់លានកន្លែង គឺប្រជាពលរដ្ឋកម្ពុជា ក៏បានទៅធ្វើការងារ នៅបរទេសជាច្រើនសែននាក់ទៀតផងដែរ ដែលជំរុញឱ្យពួកគេមាន ចំណូលកាន់តែច្រើន ។
ជាមួយគ្នានេះរាជរដ្ឋាភិបាល បានខិតខំស្វែងរកដៃ គូវិនិយោគ ស្វែងរកទីផ្សាកសិកផលផលជូនប្រជាពលដ្ឋ និងបានបង្កើតការងារ កាន់តែច្រើនដល់ភូមិស្រុក ប្រជាពលរដ្ឋ៖ ដូចជា បង្កើតរោងចក្រសហគ្រាស កសិដ្ឋាន និងអភិវឌ្ឍរមណីយដ្ឋានទេសចរណ៍ជាដើម។ ការណ៍នេះ បានបង្កើតការងារឱ្យកូនចៅ អ្នកស្រុកបានកាន់តែច្រើនថែមទៀត ធ្វើឱ្យពួកគាត់អាចកាត់បន្ថយការចំណាយ និងកាត់បន្ថយ ចំណាកស្រុកជាដើម ។
ត្រង់ចំណុចនេះ សមដូចសុភាពសិតខ្មែរ យើងមួយបានលើកឡើងថា ការងារជាមាសប្រាក់ ។
និយាយរួមទៅ បើមើលតាមសន្ទុះ និងការខិតខំប្រឹងប្រែង របស់ប្រជាពលដ្ឋគ្រប់រូប ក្នុងការស្វះស្វែងរកធ្វើការងារមិនថា ការងារខ្លួនឯង ឬស៊ីឈ្នូលឱ្យគេឡើយ គឺ សុទ្ធតែបាននាំមកនូវប្រាក់ចំណូលដូចគ្នា សម្រាប់លើកកម្ពស់ជីវភាព គ្រួសារកាន់តែល្អប្រសើរ ។ បើជីវភាពប្រជាពលរដ្ឋ ធូធារហើយនោះសង្គមកម្ពុជា ទាំងមូល ពិតជាមានការអភិវឌ្ឍ គ្រូសារនីមួយៗរស់នៅប្រកប ដោយក្តីសប្បាយរីកចរាយ ។ ចំណែកសេដ្ឋកិច្ចជាតិ វិញ ក៏រីកចម្រើន តាមនេះដែរ ខណៈប្រជាពលរដ្ឋគ្រប់រូបជាកម្លាំងចលករ ដ៏សំខាន់ក្នុងការជួយទ្រទ្រង់ សេដ្ឋកិច្ចជាតិព្រោះថា បើប្រជាជនមិនមានការងារធ្វើទេ បន្ទុកកាន់តែច្រើន ធ្លាក់មកលើ រាជរដ្ឋាភិបាលក្នុងការដោះស្រាយ៕