ព័ត៌មានជាតិ

ការឃោសនាបោះឆ្នោត ឃុំ សង្កាត់ នឹងចាប់ផ្តើមពីថ្ងៃទី២១ ឧសភា ដល់ ៣ មិថុនា

ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរំលឹកថា ការឃោសនាបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ នឹងត្រូវចាប់ផ្តើមពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ ។ ការឃោសនា បោះឆ្នោត គឺជាសកម្មភាពមួយចំនួន ដែលត្រូវធ្វើឡើងជាសាធារណៈ ដើម្បីបញ្ចុះបញ្ចូលអ្នកបោះឆ្នោត ឱ្យបោះឆ្នោតគាំទ្របេក្ខជន ឬ គណបក្សនយោបាយណាមួយ។

យោងតាមសេចក្ដីរំលឹក ដល់គណបក្សនយោបាយ ចេញផ្សាយដោយ គ.ជ.ប នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ បានបញ្ជាក់ថា «អំឡុងពេលនេះ មិនទាន់ដល់ថ្ងៃឃោសនា បោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ទេ ។ គ.ជ.ប សុំឲ្យគណបក្ស នយោបាយ ដែលកំពុងធ្វើសកម្មភាព ផ្ទុយពីច្បាប់បោះឆ្នោត និងផ្ទុយពីបទបញ្ជា និងនីតិវិធីពាក់ព័ន្ធ នឹងការឃោសនាបោះឆ្នោត ត្រូវបញ្ឈប់ជាបន្ទាន់» ។

គ.ជ.ប ក៏ធ្លាប់បានចេញ សេចក្តីជូនដំណឹង រួចហើយ ដល់គណបក្សនយោបាយទាំងអស់ ដែលបានចុះបញ្ជីបេក្ខជន នៃគណបក្សនយោបាយឈរ ឈ្មោះបោះឆ្នោតផ្លូវការ អំពីការហាមធ្វើសកម្មភាពនានា ដូចចែងក្នុងមាត្រា ៦៨ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ (ច.ប.ឃ.ស) មុនពេលកំណត់ ដូចមានចែងក្នុងមាត្រា ៧០ នៃច្បាប់ស្តីពីការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ។

គ.ជ.ប ចាត់ទុកថា រាល់ការធ្វើសកម្មភាព ឃោសនាបោះឆ្នោតដែលផ្ទុយពីមាត្រា ៧០ ត្រូវទទួលទោសតាមមាត្រា ១៨៤ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់។

គ.ជ.ប ក៏អំពាវនាវដល់គ្រប់គណបក្សនយោបាយ ដែលបានចុះបញ្ជីបេក្ខជន នៃគណបក្សនយោបាយផ្លូវការ និងបេក្ខជនឈរឈ្មោះបោះឆ្នោត ត្រូវគោរពច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត និងក្រមសីលធម៌ ដែលបានកំណត់ដោយ គ.ជ.ប៕

To Top