ព័ត៌មានជាតិ

សមាគមសហព័ន្ធ អភិវឌ្ឍន៍ដីធ្លី និងសំណង់កម្ពុជា ប្រកាសបញ្ចូលសមាជិកសកម្មថ្មី និងប្ដេជ្ញាបន្តគាំទ្រសម្ដេចតេជោ

ភ្នំពេញ៖  ក្នុងពិធីសំណេះសំណាល និងអាហារសាមគ្គី ជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកា យុវជនសេដ្ឋកិច្ច ផែនក្រៅប្រពន្ធ័ និងប្រកាសបញ្ចូលសមាជិកសកម្ម សមាគមសហពន្ធ័ អភិវឌ្ឍន៍ដីធ្លី  និងសំណង់កម្ពុជា លោក ឡី សុភាព ប្រធានសមាគមសហព័ន្ធ វិនិយោគិនកម្ពុជា និងជាប្រធានសមាគម សហព័ន្ធអភិវឌ្ឍន៍ដីធ្លី និងសំណង់កម្ពុជា បានប្ដេជ្ញាបន្តគាំទ្រសម្ដេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រី នៅអាណត្តិបន្ទាប់ និងគាំទ្រ ចំពោះលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នាពេលអនាគត។

ការប្តេជ្ញានេះ ធ្វើឡើងក្នុងពិធីសំណេះសំណាល និងអាហារសាមគ្គីជាមួយថ្នាក់ដឹកនាំ សមាជិក-សមាជិកា នៃយុវជនសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងប្រកាសបញ្ចូលសមាជិក សកម្មសមាគមសហព័ន្ធអភិវឌ្ឍន៍ដីធ្លី និងសំណង់កម្ពុជា នៅភោជនីយដ្ឋាន Grand Terrace ខណ្ឌទួលគោក រាជធានីភ្នំពេញ នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២។

នាឱកាសនោះ លោកប្រធាន ឡី សុភាព បានសម្ដែងការស្វាគមន៍ សមាជិក-សមាជិកថ្មី ទាំង៧១៥នាក់នេះ និងបានលើកទឹកចិត្ត ដល់ពួកគេឱ្យខិតខំប្រកបមុខរបរ ការងារឱ្យបានត្រឹមត្រូវតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត នៃព្រះរាជាណាចក្រកម្ពុជា ពិសេសត្រូវខិតខំបម្រើប្រជាជន នៅតាមមូលដ្ឋានប្រកបដោយសុចរិតភាព។

លោកបានជំរុញ ឱ្យសមាជិក-សមាជិកទាំងចាស់ទាំងថ្មី ចូលរួមគាំទ្រគោលនយោបាយ របស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ជាបិតាសន្តិភាព។

លោកថា សន្តិភាពជាកត្តាចម្បងបំផុត ដែលនាំឱ្យប្រទេសកម្ពុជា មានការអភិវឌ្ឍរហូតមកដល់សព្វថ្ងៃ និងបានអនុគ្រោះដល់ប្រជាជន អាចប្រកបមុខរបរ ការងារដោយភាពសុខសាន្ត រីកចម្រើនលូតលាស់។

លោក ឡី សុភាព តាងនាមឱ្យសមាជិក-សមាជិកា របស់សមាគមសហព័ន្ធអភិវឌ្ឍន៍ដីធ្លី និងសំណង់កម្ពុជា ព្រមទាំងយុវជនសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ បានប្ដេជ្ញាគាំទ្រសម្ដេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រីនៅអាណត្តិបន្ទាប់ និងគាំទ្រ ចំពោះលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នាពេលអនាគត ក៏ដូចជាគាំទ្រ ចំពោះគណបក្សប្រជាជនកម្ពុជាផងដែរ។ រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន បានខិតខំបម្រើប្រជាជន យ៉ាងយកចិត្តទុកដាក់។

លោកក៏បានថ្លែងអំណរគុណលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងថ្នាក់ដឹកនាំពាក់ព័ន្ធ ដែលបានខិតខំបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋ តាមរយៈច្រកចេញចូលតែមួយ ក៏ដូចជាការចុះជួយប្រជាជនដល់មូលដ្ឋានផ្ទាល់ និងប្រយោលជាដើម។

លើសពីនេះទៅទៀត លោកប្រធាន ឡី សុភាព បានអំពាវនាវឱ្យសមាជិក-សមាជិកទាំងអស់ សូមត្រៀមខ្លួនចូលរួមបោះឆ្នោត ក្នុងការបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខកុំបីខាន៕

To Top