ព័ត៌មានអន្តរជាតិ

Update៖ អគ្គលេខាធិការ UN អំពាវនាវឱ្យធ្វើសមាហរណកម្ម ផលិតកម្មកសិកម្មទាំងរុស្ស៊ី និងអ៊ុយក្រែន ទៅក្នុងទីផ្សារពិភពលោក

អ.ស.ប៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ ២០២២ថា កាលពីថ្ងៃព្រហស្បតិ៍លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) បានអំពាវនាវឱ្យមានការខិតខំប្រឹងប្រែង ដើម្បីធ្វើសមាហរណកម្មផលិតកម្ម កសិកម្មទាំងរុស្ស៊ី និងអ៊ុយក្រែនទៅក្នុងទីផ្សារពិភពលោក ។

ប្រធានអង្គការសហប្រជាជាតិ បានប្រាប់ដល់កិច្ចប្រជុំក្រុមប្រឹក្សា សន្តិសុខស្តីពីជម្លោះ និងសន្តិសុខស្បៀងថា “ដំណោះស្រាយដ៏មានអត្ថន័យណាមួយ ចំពោះអសន្តិសុខស្បៀងជាសកល ទាមទារឱ្យមានការបញ្ចូលផលិតកម្ម កសិកម្មរបស់អ៊ុយក្រែនឡើងវិញ និងការផលិតអាហារ និងជីរបស់រុស្ស៊ី និងបេឡារុស្ស ទៅក្នុងទីផ្សារពិភពលោក ទោះបីជាមានសង្រ្គាមក៏ដោយ”។

មន្ត្រីអង្គការសហប្រជាជាតិកំពូល បានលើកឡើងថា “យើងកំពុងធ្វើការដើម្បីស្វែងរក កិច្ចព្រមព្រៀងជាកញ្ចប់មួយ ដែលអាចឱ្យអ៊ុយក្រែននាំចេញអាហារ មិនត្រឹមតែតាមរថភ្លើងប៉ុណ្ណោះទេ ប៉ុន្តែតាមរយៈសមុទ្រខ្មៅ ហើយនឹងនាំយកអាហារ និងជីរបស់រុស្ស៊ីទៅកាន់ទីផ្សារពិភពលោក ដោយគ្មានការរឹតបន្តឹង” ។

លោក Guterres បានលើកឡើងថា នេះនឹងតម្រូវឱ្យមាន “សុច្ឆន្ទៈរបស់ប្រទេសទាំងអស់ ដែលពាក់ព័ន្ធ” ។

ដើម្បីបំពេញតម្រូវការសន្តិសុខស្បៀង និងអាហារូបត្ថម្ភជាបន្ទាន់ក្នុងប្រទេស Niger, Mali, Chad និង Burkina Faso អគ្គលេខាធិការបានប្រកាសថា នឹងបញ្ចេញថវិកាចំនួន ៣0លានដុល្លារអាមេរិក ពីមូលនិធិឆ្លើយតបគ្រោះអាសន្នកណ្តាល ហៅកាត់ថា (CERF) ។

គាត់បានលើកឡើងថា “នេះនាំមកនូវប្រាក់ជិត ៩៥លានដុល្លារ ដែលផ្តល់មូលនិធិតាមរយៈ CERF ទៅកាន់ Sahel ចាប់តាំងពីដើមឆ្នាំនេះ” ។

លោកអគ្គលេខាធិការ បានលើកឡើងផងដែរថា ការវិនិយោគលើដំណោះស្រាយនយោបាយ ដើម្បីបញ្ចប់ជម្លោះ ទប់ស្កាត់ជាថ្មី និងការកសាងសន្តិភាព ប្រកបដោយនិរន្តរភាព គឺជាកត្តាសំខាន់ក្នុងការដោះស្រាយ បញ្ហាអសន្តិសុខស្បៀង ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top