ព័ត៌មានអន្តរជាតិ

រុស្ស៊ី បញ្ចេញឈ្មោះ ពលរដ្ឋអាមេរិក ជិត១ ០០០នាក់ ក្នុងបញ្ជីខ្មៅ ហាមមិនឱ្យជាន់ទឹកដីរុស្ស៊ី ជារៀងរហូត

បរទេស៖ ក្រសួងការបរទេសរុស្ស៊ី កាលពីថ្ងៃសៅរ៍បានចេញផ្សាយ បញ្ជីឈ្មោះជនជាតិអាមេរិក ដែលត្រូវបានហាមឃាត់ជាអចិន្ត្រៃយ៍ពីការចូលប្រទេសរុស្ស៊ី។ បញ្ជីខ្មៅ គឺមានបុគ្គលចំនួន 963 នាក់ ដែលត្រូវបានចោទប្រកាន់ ពីសកម្មភាពប្រឆាំងរុស្ស៊ី។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាម សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសរុស្ស៊ីថា “ដើម្បីឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្ម ប្រឆាំងរុស្ស៊ី ជាបន្តបន្ទាប់ពីសហរដ្ឋអាមេរិក និងសំណើចូលមកអំពីសមាសភាពពិតប្រាកដនៃ ‘បញ្ជីបញ្ឈប់’ ជាតិរបស់យើង ក្រសួងការបរទេសរុស្ស៊ីបានចេញផ្សាយ បញ្ជីឈ្មោះពលរដ្ឋអាមេរិកដែលត្រូវបានហាមឃាត់ជាអចិន្ត្រៃយ៍ មិនឱ្យចូលប្រទេសរុស្ស៊ី” ។ 

ឈ្មោះថ្មីជាច្រើនត្រូវបានបញ្ចូលទៅក្នុងបញ្ជីខ្មៅ ក្នុងរយៈពេលបីខែចាប់តាំងពីរុស្ស៊ី បានចាប់ផ្តើមប្រតិបត្តិការយោធារបស់ខ្លួន ប្រឆាំងនឹងអ៊ុយក្រែន ដែលបណ្តាលឱ្យមានការធ្លាក់ចុះ នៅក្នុងទំនាក់ទំនងជាមួយទីក្រុងវ៉ាស៊ីនតោន។ បុគ្គលទាំងនោះ រួមមានប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden កូនប្រុសរបស់គាត់ឈ្មោះ Hunter, រដ្ឋមន្ត្រីការបរទេស អាមេរិក លោក Anthony Blinken និងអនុប្រធានាធិបតី លោកស្រី Kamala Harris ៕ ប្រែសម្រួលៈ ណៃ តុលា

To Top