ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើការផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលរស់នៅក្នុងស្រុកទាំងអស់ កុំចាញ់បោកការឃោសនា របស់បក្សនយោបាយ លើបញ្ហាកើនឡើងថ្លៃសាំង។
ក្នុងពិធីសំណេះសំណាលជាមួយ សហគមន៍ខ្មែរនៅទ្វីបអឺរ៉ុបសម្ដេចតេជោ ហ៊ុន សែន បានទទួលនូវចម្លើយ ពីប្រជាពលរដ្ឋខ្មែរ រស់នៅប្រទេសបារាំង ថាតម្លៃសាំងនៅប្រទេសបារាំង ១លីត្រថ្លៃ២អឺរ៉ូ ដែលស្មើនឹងប្រមាណ១ម៉ឺនរៀល តម្លៃនេះថ្លៃជាងនៅកម្ពុជា ដែលនៅកម្ពុជាតម្លៃសាំងធម្មតាត្រឹមតែ ៥៦០០រៀលប៉ុណ្ណោះក្នុង១លីត្រ។
ជុំវិញបញ្ហាតម្លៃសាំងនៅអឺរ៉ុបថ្លៃជាងកម្ពុជានេះ សម្តេចតេជោ ហ៊ុន សែន បានផ្តាំដល់ប្រជាពលរដ្ឋខ្មែរ ដែលរស់នៅក្នុងស្រុកទាំងអស់ សូមកុំចាញ់បោកការឃោសនា ពេលជាប់ឆ្នោតធ្វើឲ្យសាំងចុះថ្លៃ ខណៈនៅពេលនេះដល់រដូវបោះឆ្នោតនោះ។
ថ្លែងចេញពីទឹកដីនៃទ្វីបអឺរ៉ុប សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា «ឥឡូវបងប្អូននៅស្រុកបារាំងបញ្ជាក់ថា សាំងនៅស្រុកបារាំងតម្លៃ២អឺរ៉ូ (ប្រមាណ១ម៉ឺនរៀល) សូមផ្តាំទៅបងប្អូននៅស្រុកខ្មែរ កុំឲ្យគេភូត។ សូមស្តាប់ឲ្យបានច្បាស់ នៅទីនេះ (អឺរ៉ុប) តម្លៃសាំង១លីត្រ ២អឺរ៉ូ ដែលស្មើនឹងប្រមាណ១ម៉ឺនរៀល ខណៈនៅស្រុកខ្មែរថ្ងៃនេះ សាំងធម្មតាត្រឹមតែ៥៦០០រៀលក្នុង១លីត្រ អីចឹងទេកុំឲ្យគេភូត ព្រោះនៅស្រុកខ្មែរពេលនេះកំពុងដេញថ្លៃសាំង ឲ្យតែដល់ពេលឃោសនាបោះឆ្នោត គេដេញថ្លៃសាំង គឺគេសន្យាពេលឈ្នះឆ្នោត គេនឹងធ្វើឲ្យថ្លៃសាំងចុះថោក»។
សម្តេចតេជោ ហ៊ុន សែន បន្ថែមថា «ខ្ញុំសង្ឃឹមថាបងប្អូន នៅក្នុងប្រទេសស្តាប់បានហើយ តម្លៃសាំងនៅអឺរ៉ុប ថ្ងៃមុនខ្ញុំក៏សួរបញ្ជាក់រឿងនេះនៅអាមេរិក គិតទៅនៅតែថ្លៃជាងស្រុកខ្មែរ ប៉ុន្តែបើទោះបីជានៅអឺរ៉ុបក្តី នៅអាស៉ីក្តី ថ្លៃខុសត្រូវគ្នាយ៉ាងក្តី តែនោះហើយដែលកើតចេញពីវិបត្តិនៃសង្គ្រាមរុស្ស៉ី-អ៊ុយក្រែន។ បើសង្គ្រាមនេះនៅបន្តអូសបន្លាយវានឹងបន្តផលប៉ះពាល់ធ្ងន់ធ្ងរណាស់»។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា វិបត្តិនៃសង្គ្រាមរុស្ស៉ី-អ៊ុយក្រែននេះ ទាមទារឲ្យមានការវាយតម្លៃ ត្រៀមលក្ខណៈទុកជាមុន ព្រោះមិនដឹងថាវិបត្តិនេះរាលដាលដល់កម្រិតណា ខណៈពេលនេះ ទើបកើតឡើងនូវវិបត្តិថាមពល ពិសេសតម្លៃប្រេងសាំង តែនៅពេលខាងមុខអាចនឹងប៉ះពាល់ដល់បញ្ហាសន្តិសុខស្បៀងផងដែរ៕