នយោបាយ

ចិននិយាយបែបណា ទង្វើបែបនោះ

ថ្មីៗនេះ ចិនបានធ្វើជាម្ចាស់ផ្ទះ នៃវេទិកាគណបក្សនយោបាយ ធនាគារគំនិត និងអង្គការសង្គមស៊ីវិល នៃក្រុមប្រទេស BRICS (BRICS គឺជាពាក្យកាត់ ដែលត្រូវបានបង្កើតឡើង ដើម្បីភ្ជាប់ប្រទេស ដែលមានសេដ្ឋកិច្ចរីកចម្រើន សំខាន់ៗ ចំនួនប្រាំគឺប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង ។ ក្រុមប្រទេស BRICS មានផ្ទៃដី សរុបរួមគ្នា ប្រមាណ 39,746,220km2 ឬ ប្រហែល26.7% នៃផ្ទៃដីពិភពលោក និងមានប្រជាជន សរុបប៉ាន់ស្មាន ប្រហែល 3.21ពាន់លាន ឬស្មើនឹង41.5% នៃចំនួនប្រជាជនពិភពលោក ។

ចាប់តាំងពីកិច្ចប្រជុំការទូត ពេញលេញលើកទី១ ត្រូវបានធ្វើឡើងនៅក្រុង Yekaterinburg ប្រទេសរុស្ស៊ី នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០០៩មក ក្រុមប្រទេស BRICS បានជួបប្រជុំប្រចាំឆ្នាំ) លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានលើកទឹកចិត្ត ឱ្យក្រុមប្រទេសBRICS «ខិតខំធ្វើឱ្យនំខេក នៃកិច្ចសហប្រតិបត្តិការ កាន់តែធំ កម្លាំងនៃភាពឈាន ទៅមុនកាន់តែប្រមូលផ្ដុំ កាន់តែខ្លាំងឡើងៗ»។ ចិនតែងអនុវត្តស្រប តាមពាក្យសម្តីរបស់ខ្លួន ឬអាចនិយាយម្យ៉ាង ទៀតថា ចិនយកសម្តី និងទទួលខុសត្រូវ ចំពោះសម្តី របស់ខ្លួន ដែលនេះបានជំរុញ និងលើកទឹកចិត្តឱ្យសហគមន៍ អន្តរជាតិ តែងចូលរួមប្រកៀកស្មារ ជាមួយចិននៅក្នុងគំនិតផ្តួចផ្តើមជាច្រើន ដែលបានផ្តើមឡើង ដោយប្រទេសចិន ដែលជាពិសេស គំនិតផ្តួចផ្តើម សន្តិសុខសកល ។ ដោយទទួលបានការសាទរ របស់ចិន លើគំនិតផ្តួចផ្តើម សន្តិសុខសកល ក្រុមប្រទេស BRICS បានប្រារព្ធកិច្ចប្រជុំសន្ទនា ថ្នាក់រដ្ឋមន្ត្រីការបរទេស «BRICS+» ជាលើកដំបូង ដែលបានចូលរួមបន្ថែមសារៈសំខាន់ យ៉ាងខ្លាំង ក្នុងការពង្រីកបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការ រវាងក្រុមប្រទេសBRICS ជាមួយនឹងប្រទេសដែលមានទីផ្សារ រីកចម្រើនថ្មីនិងប្រទេស កំពុងអភិវឌ្ឍន៍ផ្សេងទៀត ។

ខុសពីប្រទេសចិនដែលភក្តីភាព ចំពោះសន្តិភាព និងការអភិវឌ្ឍ សហរដ្ឋអាមេរិកដែលកំពុងយកលេសរបស់ខ្លួន ក្នុងការដើរតួនាទីជានគរបាលពិភពលោក ដោយប្រើប្រាស់លេស នៃបញ្ញត្តិ សិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ ដែលមានលក្ខណៈស្តង់ដារឯកត្តោភាគី ហើយនៅទីបំផុត កំពុងធ្វើការបែងចែកបក្សពួក ជំរុញប្រទេសនីមួយៗ ឃ្លាតឆ្ងាយ ពីមូលដ្ឋានដើម្បីសន្តិភាព និងការអភិវឌ្ឍ ។ ជាការពិត ក្របខណ្ឌកិច្ចសហប្រតិបត្តិការ ក្នុងតំបន់ណាមួយសុទ្ធ តែត្រូវធ្វើតាមនិន្នាការវិវត្តនៃសន្តិភាពនិងការអភិវឌ្ឍ ក្នុងយុគសម័យថ្មី ត្រូវបង្កើនទំនុកចិត្តនិង កិច្ចសហប្រតិបត្តិការ រវាងប្រទេសនានា នៅក្នុងតំបន់ ហើយមិនត្រូវសំដៅទៅលើភាគីទី៣ ឬប៉ះពាល់ដល់ផលប្រយោជន៍របស់ភាគីទី៣ មិនត្រូវធ្វើសកម្មភាព ដែលប្រកប ដោយលក្ខណៈជ្រើសរើស និងផ្តាច់មុខយ៉ាងច្បាស់នោះទេ។ ក្នុងពេលបច្ចុប្បន្ន សន្តិភាពជាតម្លៃដែលមិនអាចកាត់ថ្លៃបាន ជាក់ស្តែងកាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់អំពីជំហរការ បរទេសរបស់កម្ពុជាថា កម្ពុជា មិនបានជ្រើសរើសចិន ប្រឆាំងនឹងអាមេរិក ឬជ្រើសរើសប្រទេសណាមួយ ដើម្បីប្រឆាំង ប្រទេសណានោះឡើយ ដោយកម្ពុជាប្រកាន់ខ្ជាប់ នូវគោលនយោបាយការបរទេសចម្រុះពណ៌ ។ ដូចគ្នាដែរ ឥណ្ឌូនេស៊ី ដែលជាប្រធានប្តូរវេន G20 ហើយប្រទេសថៃ ដែលជាម្ចាស់ផ្ទះរៀបចំវេទិកា APECក៏បានយល់ស្របពីតម្លៃសន្តិសុខ តំបន់និងការអភិវឌ្ឍ ដែលបណ្តាប្រទេស នៅអាស៊ាន កំពុងទទួលបានផលប្រយោជន៍ យ៉ាងច្បាស់លាស់ ពីគំនិតផ្តួចផ្តើមរបស់ចិន ដែលជាពិសេសការរីកចម្រើន សេដ្ឋកិច្ចតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីទ្វេភាគី និងកិច្ចព្រមព្រៀងRCEPជាដើម ។ ការណ៍នេះអាស៊ានយល់ច្បាស់ថា គំនិតផ្ដួចផ្ដើមណាក៏ ដោយនៅក្នុងក្របខណ្ឌ ឥណ្ឌូប៉ាស៊ីហ្វិក ឬអាស៊ីប៉ាស៊ីហ្វិក ដែលផ្តួចផ្តើមដោយអាមេរិក ត្រូវឈរលើគោលការណ៍៣យ៉ាង ទី១-ត្រូវតែបម្រើដល់សន្តិភាព និងការអភិវឌ្ឍ ទី២-មិនប្រឆាំងប្រទេសណាមួយ និងទី៣-ត្រូវតែគោរពឯកភាពជាតិ ឯកភាពមជ្ឈភាពរបស់អាស៊ាន ។ អាមេរិកដែលជាអ្នកចូលរួមផ្តួចផ្តើម ទៅជាអ្នកដកថយ ទៅជាអ្នកបំផ្លាញ និង ទៅជាអ្នករារាំង ដំណើរការសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព របស់ពិភពលោក ជាក់ស្តែងក្នុងឆ្នាំ២០១៥ សហរដ្ឋអាមេរិកបានប្រកៀកស្មារ ជាមួយចិនដើម្បីអំពាវនាវឱ្យមានសន្ធិសញ្ញារឹងមាំនិងស្របច្បាប់ដែលទីបំផុតបានក្លាយជាកិច្ចព្រមព្រៀងប៉ារីស។ គិតមកដល់ទល់ពេលនេះ នៅពេលដែលចិន កំពុងព្យាយាមអនុវត្តយ៉ាងខ្ជាប់ខ្ជួន នូវកិច្ចព្រមព្រៀងនេះ សហរដ្ឋអាមេរិកបែរជាដកខ្លួនចេញ ។ តាមរយៈការព្រងើយកន្តើយនិងការ បំពានលើកិច្ចព្រមព្រៀងនេះ ហើយបើតាមសារព័ត៌មានថ្មីៗ បានបញ្ជាក់ថា តាមការសិក្សារបស់អ្នកវិទ្យាសាស្ត្រ ផ្នែកឧតុនិយមអង់គ្លេសចុះផ្សាយលើទិនានុប្បវត្តិ EcoWatch ផែនដីទំនងជាត្រូវទទួលរងកម្ដៅ បន្ថែមជាង១,៥អង្សាសេទៀតនា៥ឆ្នាំខាងមុខ។ ការកើនឡើងកម្ដៅ បន្ថែមនឹងបំផ្លាញប្រព័ន្ធជីវចម្រុះលើភពផែនដីខ្លាំងទៅៗមិនអាចប្រកែកបាន។ ដោយឡែក បច្ចុប្បន្នភាពនៃវិបត្តិរុស្ស៊ីនិងអ៊ុយក្រែនវិញ ការណ៍ដែលអាមេរិក បានលើកឡើងថា ខ្លួនកំពុងព្យាយាមឱ្យមានស្ថានភាពប្រសើរឡើងសម្រាប់ប្រជាជនអ៊ុយក្រែន ជាការបំភ័ន្តព័ត៌មាន ព្រោះតាំងពីពេល ដែលរុស្ស៊ីប្រតិបត្តិការយោធាពិសេសមក អាមរិកបានផ្តល់ជំនួយសព្វាវុធឥតដាច់ដល់អ៊ុយក្រែន ហើយកាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០០២២នេះ ប្រធានាធិបតីអាមេរិកបានចុះហត្ថលេខា នៅលើច្បាប់ជួល-ខ្ចីសម្ភារយោធា «Lend-lease» សម័យទំនើប ដែលនឹងជួយ ឱ្យសហរដ្ឋអាមេរិក កាន់តែងាយស្រួល ក្នុងការបញ្ជូនជំនួយ សព្វាវុធ ទៅកាន់អ៊ុយក្រែន ដើម្បីប្រឆាំង នឹងរុស្ស៊ី ដែលប្រៀបដូចជាយកសាំង មកចាក់លើភ្លើង ដែលកំពុងឆាបឆេះ។ អាមេរិកមិនទាន់ បានស្កប់ស្កល់ នឹងការបញ្ឆេះសង្គ្រាមនៅតាមតំបន់និងទ្វីបនានា នៅទូទាំងពិភពលោក ករណីអ៊ីរ៉ាក់ លីប៊ី សេរ៊ី អាហ្វហ្គានីស្ថានកំពុងក្លាយជាឧទាហរណ៍យ៉ាងប្រត្យក្ស នៃសោកនាដកម្មដែលផ្តើម ដោយលេសទាំងនេះ ដែលជាការបង្ហាញឱ្យឃើញពីអនុត្តរភាព និងការលូកដៃចូលផ្ទៃក្នុង របស់ប្រទេសនានា ហើយអាមេរិក កំពុងដាក់សម្លេង អាសន្ននៅកោះតៃវ៉ាន់ ដើម្បីលើកទឹកចិត្ត ដល់តៃវ៉ាន់ដើរខុសពីគន្លង ដ៏ត្រឹមត្រូវរបស់ខ្លួនដោយហ៊ាន ចេញមុខចំហ ក្នុងការប្រកាសឯករាជ្យ ហើយថ្មីៗនេះ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ ក្នុងកិច្ចប្រជុំកំពូលលើកដំបូង រវាងប្រធានាធិបតីអាមេរិក និងមេដឹកនាំកូរ៉េខាងត្បូង ដែលទើបឡើងកាន់អំណាច មេដឹកនាំទាំងពីរបានព្រមព្រៀងគ្នា ពង្រីកនិងពង្រឹងសមយុទ្ធយោធារួមគ្នា ដែលនឹងនាំឱ្យមានកង្វល់កាន់តែខ្លាំងឡើងពីសន្តិសុខសកលនៅក្នុងឧបទ្វីបកូរ៉េ និងតំបន់ ដែលនេះនៅមិនទាន់រាប់ដល់កិច្ចព្រមព្រៀងចតុភាគីQUAD និងកិច្ចព្រមព្រៀងត្រីភាគីAUKUS ដែលបានរំខាន និងគម្រាមដល់សន្តិសុខរបស់តំបន់ និងពិភពលោក ។

សហគមន៍អន្តរជាតិបានដឹងច្បាស់ រួចមកហើយថា ដើម្បីរក្សាបាននូវផលប្រយោជន៍សន្តិភាព និងការអភិវឌ្ឍសម្រាប់ពិភពលោក ជាងពេលណាៗទាំងអស់ ដែលសហគមន៍អន្តរជាតិ នៅតែបន្តការគាំទ្រ និងចូលរួមអនុវត្តតួនាទី របស់ខ្លួនយ៉ាងសកម្ម ដើម្បីប្រកៀកស្មារ ជាមួយចិន ក្នុងការអនុវត្ត នូវគំនិតផ្តួចផ្តើម របស់ចិន ស្តីពីអភិបាលកិច្ចជាសកល សន្តិសុខសកល និងអភិវឌ្ឍន៍សកល ស្របតាមគោលគំនិតដើមរួមគ្នាស្តីពី ការប្រកាន់ខ្ជាប់ ដោយឥតងាករេ នូវពហុភាគីនិយម ការប្រកាន់ខ្ជាប់ ដោយភក្តីភាព ចំពោះការអភិវឌ្ឍ ប្រកបដោយចីរភាព និងការប្រកាន់ខ្ជាប់ ដោយឥតរាថយ នូវកិច្ចសហប្រតិបត្តិការ ឈ្នះ-ឈ្នះ ។ ទង្វីរបស់ចិនតែងបានស្របនឹងពាក្យសម្តី ឬអាចនិយាយថា ចិនធ្វើច្រើន និយាយតិច ហើយនេះគំនិតផ្តួចផ្តើមដ៏ល្អរបស់ប្រទេសចិន មិនត្រឹមតែបានសាទរនិងចូលរួមអនុវត្ត ដោយក្រុមប្រទេស BRICS និងសហគមន៍អន្តរជាតិប៉ុណ្ណោះទេ សូម្បីក្រុមប្រទេសASEAN កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ នៅក្នុងសិក្ខាសាលានៃ «វេទិកាទំនាក់ទំនងរវាងចិន និងអាស៊ាន ទីក្រុងហ្សាការតា» តាមប្រព័ន្ធវីដេអូ បានឯកភាពគ្នាថា «គំនិតផ្តួចផ្តើមអភិវឌ្ឍន៍ ជាសកលដែលបានផ្តួចផ្តើមដោយចិន មានគំនិតស្រដៀងគ្នា ជាច្រើនជាមួយចក្ខុវិស័យសហគមន៍រួម របស់ASEAN។ ការបង្កើនការតភ្ជាប់យុទ្ធសាស្ត្រជា មួយគំនិតផ្តួចផ្តើមការអភិវឌ្ឍជាសកល នឹងជួយដល់កិច្ចកសាង សហគមន៍រួមរបស់ASEAN និងជំរុញរបៀបវារៈស្តីពីការអភិវឌ្ឍ ប្រកបដោយចីរភាពឆ្នាំ២០៣០» ។
ដោយបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវ វឌ្ឍនភាពកម្ពុជា-ចិន

To Top