ភ្នំពេញ៖ ក្រោយមានមតិលើកឡើងថា លោក អៀ ចាន់ណា ជាអ្នកឃ្លាំមើលបញ្ហាព្រំដែន និងអតីតសកម្មជនគណបក្សសង្គ្រោះជាតិ នៅក្រៅប្រទេសដែលគាំទ្រលោក សម រង្ស៊ី ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ ដោយសារចូលរួមហែក្បួនឃោសនា ឲ្យគណបក្សភ្លៀងទៀននោះ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបដិសេធថា ការចាប់ខ្លួននេះ ព្រោះតុលាការបានចេញដីកាយូរមកហើយ មិនពាក់ព័ន្ធនឹងករណីចូលរួម ឃោសនារកសំឡេងឆ្នោតទេ ។
បើតាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់លោក ស៊ិន សុវណ្ណរ័ត្ន ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ គឺលោក អៀ ចាន់ណា ត្រូវបានចោទប្រកាន់ពីបទរួមគំនិតក្បត់ ប្រព្រឹត្តនៅកម្ពុជា និងទីកន្លែងផ្សេងទៀត ក្នុងឆ្នាំ២០២០។ សមត្ថកិច្ចចាប់ខ្លួន លោក អៀ ចាន់ណា នៅផ្សារទំនើប អ៊ីអន២ ខណៈលោកទៅធ្វើលិខិតឆ្លងដែនកាលពីថ្ងៃ៣០ ឧសភា ក្រោយលោកមកពីប្រទេសន័រវេស ចូលកម្ពុជាវិញកាលពីសប្តាហ៍មុន។ លោក អៀ ចាន់ណា បានភៀសខ្លួនទៅ ន័រវែស ក្រោយជាប់ពាក់ព័ន្ធបទល្មើសទាក់ទងបញ្ហាព្រំដែនកាលពីឆ្នាំ២០០៥ ។
វិទ្យុអាស៊ីសេរីបានផ្សាយថា “លោក អៀ ចាន់ណា ដែលត្រូវបានសមត្ថកិច្ច ចាប់ខ្លួននៅពេលលោកទៅប្រទេសកម្ពុជា ចូលរួមហែបក្សភ្លើងទៀន នៅខេត្តតាកែវ” ។
លោក សុខ ឥសាន បានលើកឡើងក្នុងតេឡេក្រាម នាថ្ងៃ១ មិថុនា ថា កុកអាចភ្លេចជុង ឯជុងមិនដែលភ្លេចកុកទេ ដូចករណី អៀ ចាន់ណា ជាដើម។
លោកថា “ជនល្មើសច្បាប់មិនអាចជ្រកក្រោម បក្សណាមួយបានរួចខ្លួនទេ រឿង អៀ ចាន់ណា ជារឿងចាស់ដែលតុលាការ បានចេញដីកាយូរមកហើយ ។ រឿង អៀ ចាន់ណា ជារឿងដាច់ដោយឡែក ពីរឿងបោះឆ្នោត មិនអាចយករឿងទាំង២ មកប្រៀបប្រដូចគ្នាបានទេ”។
លោកបន្តថា គណបក្សភ្លើងទៀន ជាជម្រកសម្រាប់ជនល្មើសច្បាប់ ដូចករណី អៀ ចាន់ណា រត់មកចូលជាសកម្មជនភ្លើងទៀនហើយ តែត្រូវមេភ្លើងទៀនការពារមិនអាចបានទៀត។
ចំពោះការនិយាយថា ចាំបោះឆ្នោតរួចចាំចាប់ខ្លួនអៀ ចាន់ណា លោកថា គឺនីតិវិធីចាប់ខ្លួនមិនអាចពន្យាពេលទេ ឲ្យតែមានឱកាស គឺសមត្ថកិច្ចចាត់ការភ្លាមហើយ ៕