ព័ត៌មានអន្តរជាតិ

អាមេរិក សារភាពថារុស្សី ពិតជាកំពុងទទួលបាន ប្រាក់ចំណូល ពីវិស័យថាមពលច្រើន ជាងមុនទណ្ឌកម្មសេដ្ឋកិច្ចពិតមែន

បរទេស៖ មន្ត្រីជាន់ខ្ពស់អាមេរិក នៃកិច្ចការងារសន្តិសុខថាមពលជាតិ លោក Amos Hochstein បានថ្លែងប្រាប់ទៅកាន់បណ្តាក្រុមសមាជិកសភាអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះថា បច្ចុប្បន្នរុស្សី ពិតជាកំពុងទទួលបានប្រាក់ចំណេញ យ៉ាងច្រើនកប់ពីការលក់ធនធានឥទ្ធនៈហ្វូស៊ីលរបស់ខ្លួន ជាជាងមុនពេលដែលរដ្ឋាភិបាល ក្រុងមូស្គូទទួលរងទណ្ឌកម្មសេដ្ឋកិច្ចទៅទៀត។

ការកើនឡើងនៃតម្រូវការថាមពល ព្រមទាំងទណ្ឌកម្មប្រឆាំង ទៅនឹងប្រទេសរុស្សី ដោយលោកខាងលិច បានកំពុងធ្វើឲ្យតម្លៃនៃវិស័យថាមពលកើនឡើងយ៉ាងខ្លាំង ស្ទើរគ្រប់ទីកន្លែងប៉ុន្តែជាក់ស្តែង បែរជាកំពុងជួយធ្វើឲ្យរដ្ឋាភិបាលទីក្រុងមូស្គូ រកបានចំណូលយ៉ាងច្រើនពីការនាំចេញហ្គាស និងប្រេងរបស់ខ្លួនទៅវិញ។

នៅពេលដែលត្រូវបានសួរថា តើរុស្សីពិតជាកំពុងទទួលបាន ប្រាក់ចំណូលច្រើនជាងមុនមែនក៏យ៉ាងណានោះ លោក Hochstein បានឆ្លើយតបថា៖ ខ្ញុំមិនអាចបដិសេធ ចំពោះរឿងនេះបានឡើយ ខណៈដែលរុស្សីធ្លាប់បានអះអាងថា ប្រេងឆៅដែលខ្លួនបាននាំចេញនៅរុស្សីបានកើនឡើង ដល់ទៅទ្វេដងធៀបទៅនឹងការនាំចេញ កាលពីខែកុម្ភៈ៕ ប្រែសម្រួល៖ស៊ុនលី

To Top