តេអេរ៉ង់ ៖ អ៊ីរ៉ង់បានប្រាប់ទីភ្នាក់ងារ ថាមពលអាតូមិកអន្តរជាតិ (IAEA) ថា ខ្លួនកំពុងដកកាមេរ៉ាឃ្លាំមើលចំនួន ២៧ ចេញពីកន្លែង នុយក្លេអ៊ែររបស់ខ្លួន ដោយព្រមានថា វិធានការនេះអាចដោះស្រាយ “ការវាយប្រហារដ៏ធ្ងន់ធ្ងរ” ចំពោះឱកាស នៃការស្តារឡើងវិញ នូវកិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ ។
អគ្គនាយក IAEA លោក Rafael Grossi បានប្រាប់សន្និសីទ សារព័ត៌មាននៅទីនេះថា ការសម្រេចចិត្តចុងក្រោយ របស់ទីក្រុងតេអេរ៉ង់ “បង្កបញ្ហាប្រឈមយ៉ាងធ្ងន់ធ្ងរ ដល់សមត្ថភាពរបស់យើង ក្នុងការបន្តធ្វើការនៅទីនោះ” ។
ចំណាត់ការរបស់អ៊ីរ៉ង់ បានកើតឡើងមួយថ្ងៃ បន្ទាប់ពីកិច្ចប្រជុំក្រុមប្រឹក្សាភិបាល IAEA កាលពីថ្ងៃពុធបានអនុម័តដំណោះស្រាយមួយ ដើម្បីដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះបញ្ហាការពារ នុយក្លេអ៊ែររបស់ខ្លួន។
ដំណោះស្រាយនេះត្រូវបានស្នើឡើងដោយសហរដ្ឋអាមេរិក អង់គ្លេស បារាំង និងអាល្លឺម៉ង់ បន្ទាប់ពីរបាយការណ៍របស់ IAEA ថ្មីៗនេះថា អ៊ីរ៉ង់មិនបានផ្តល់ “ការពន្យល់ដែលអាចជឿជាក់បាន” លើភាគល្អិតអ៊ុយរ៉ាញ៉ូមនៅកន្លែង ដែលមិនបានបញ្ជាក់ចំនួនបី។
ទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីអ៊ីរ៉ង់ បានច្រានចោលរបាយការណ៍នេះ ហើយបានទទូចថាប្រទេសនេះមិន បានអនុវត្តការលាក់កំបាំង និងសកម្មភាពនុយក្លេអ៊ែរ ដែលមិនបានកត់ត្រាទុកនោះទេ។
លោក Grossi បានលើកឡើងថា កាមេរ៉ាឃ្លាំមើលច្រើនជាង ៤០ នឹងនៅតែដំណើរ ការក្នុងប្រទេសអ៊ីរ៉ង់ បន្ទាប់ពីការផ្លាស់ប្តូរចុងក្រោយរបស់ប្រទេសនេះ។ លោកបានព្រមានថា ប្រសិនបើកិច្ចព្រមព្រៀង មិនអាចសម្រេចបានលើការស្តារ កាមេរ៉ាឡើងវិញ ក្នុងរយៈពេលពី ៣ ទៅ ៤ សប្តាហ៍នោះ “នេះនឹងក្លាយជាការ វាយប្រហារដ៏ធ្ងន់ធ្ងរ” ចំពោះក្តីសង្ឃឹមនៃការស្តារឡើងវិញ នូវកិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៊ីរ៉ង់៕
ប្រែសម្រួល ឈូក បូរ៉ា