ភ្នំពេញ៖ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា បានស្នើឲ្យអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ បន្ដផ្សាភ្ជាប់ឲ្យកាន់តែជិតស្និទ្ធ ជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន តាមតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់ខ្លួន ដោយគ្មាន លក្ខខណ្ឌ និងបានអំពាវនាវដល់គ្រប់សាលារៀន យកចិត្តទុកដាក់ខ្ពស់ ចំពោះកម្មវិធីសិក្សា ដែលអាចជួយសិស្សានុសិស្ស យល់ដឹង មានគំនិតច្នៃប្រឌិត ចេះគោរព ពាក្យសំដី និងអាកប្បកិរិយា គួរសមចំពោះមនុស្សគ្រប់រូប ។
ការស្នើនិងអំពាវនាវរបស់សម្តេច សាយ ឈុំ បានធ្វើឡើង នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ អគារទីចាត់ការ១ខ្នង កម្ពស់២ជាន់ មាន១៥បន្ទប់ នៅវិទ្យាល័យ ជាស៊ីម ជ្រោយចង្វារ ស្ថិតក្នុងមូលដ្ឋាន សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
សម្តេច សាយ ឈុំ បានលើកឡើងថា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបន្ដផ្សាភ្ជាប់កាន់តែជិតស្និទ្ធ ជាមួយប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ជាពិសេសមេឃុំ-ចៅសង្កាត់ និងថ្នាក់ដឹកនាំឃុំ-សង្កាត់ ត្រូវតែរួមគ្នា ឲ្យកាន់តែសកម្មថែមទៀត ក្នុងការបម្រើប្រជាជននៅតាមមូលដ្ឋាន របស់ខ្លួននីមួយៗតាមតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់ខ្លួនដោយគ្មានលក្ខខណ្ឌ។
ក្នុងនោះដែរ សម្តេចក៏បានអំពាវនាវ ដល់គ្រប់សាលារៀនទាំងអស់ យកចិត្តទុកដាក់ខ្ពស់ ចំពោះកម្មវិធីសិក្សា ដែលអាចជួយឲ្យសិស្សានុសិស្សយល់ដឹង អំពីអ្វីដែលខុស និង អ្វីដែលត្រូវ មានគំនិតច្នៃប្រឌិត ចេះគោរពនិងចេះ ប្រើពាក្យសំដីនិងអាកប្បកិរិយា គួរសមចំពោះមនុស្សគ្រប់រូប ចេះគោរពស្រឡាញ់ ខ្លួនឯង គ្រួសារ និងអ្នកដទៃ និងចូលចិត្តសកម្មភាព ដែលនាំមកនូវសុខភាពល្អ និងការរីកចម្រើន ទាំងផ្នែករាងកាយ វិស័យអប់រំ របស់ប្រទេសជាតិទាំងមូល ។
ក្នុងឱកាសនោះដែរ សម្តេច សាយ ឈុំ ក៏បានលើកឡើង ពីកិច្ចប្រជុំកំពូលអាស៊ាន (ASEAN Summit) លើកទី៤០ និងលើកទី៤១ និងកិច្ចប្រជុំកំពូល ពាក់ព័ន្ធកម្ពុជា ឈរលេខរៀងទី២ ជាប្រទេសមានសមត្ថភាព ស្ដារខ្លួនងើបចេញពីកូវីដ-១៩លឿនជាងគេ នៅលើពិភពលោក។
នាឱកាសនោះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានលើកឡើង ដែរថា វិស័យអប់រំ កំពុងស្ថិតនៅក្នុង ដំណាក់កាល នៃការធ្វើកំណែទម្រង់ស៊ីជម្រៅ សំដៅលើកកម្ពស់ និងពង្រឹងប្រសិទ្ធភាព លើវិស័យនេះ តាំងពីថ្នាក់មតេយ្យសិក្សា រហូតដល់មធ្យមសិក្សា ក្នុងន័យផ្តល់ចំណេះដឹង សុជីវធម៌ សីលធម៌ គំនិតច្នៃប្រឌិត និងបំនិនជីវិតយ៉ាងពិតប្រាកដ ជូនដល់សិស្សានុសិស្សជាទំពាំងស្នងប្ញស្សី និងជាសសរទ្រូងសម្រាប់ប្រទេសជាតិ ទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត ស្របតាមយុទ្ធសាស្ត្រ “ការអប់រំសម្រាប់ទាំងអស់គ្នា ទាំងអស់គ្នាសម្រាប់ការអប់រំៗ” ៕