នយោបាយ

សម្ដេចតេជោ ៖ អ្នកមិនទាន់ធ្វើនាយករដ្ឋមន្ត្រី សូមកុំបញ្ចេញមតិ នាំគេចាត់ទុកថា អាឆ្កួត ឬអាល្ងង់

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា បើអ្នកទាន់បានធ្វើនាយករដ្ឋមន្ត្រី កុំនិយាយបញ្ចេញមតិអ្វីផ្ដេសផ្ដាស់ នាំគេចាត់ទុកថា ជាមនុស្សឆ្កួត និងជាមនុស្សល្ងង់ ។

ក្នុងពិធីសំណេះសំណាល ជាមួយគណៈប្រតិភូកីឡា អាស៊ានប៉ារ៉ាហ្គេម នៅព្រឹកថ្ងៃទី៦ កក្កដានេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «អ្នកខ្លះភាន់ច្រឡំគិតថា អ្វីក៏ ហ៊ុន សែន ខ្ញុំក៏គួរតែបញ្ជាក់ថា បើអ្នកមិនទាន់ធ្វើនាយករដ្ឋមន្ត្រី សុំកុំនិយាយបញ្ចេញមតិអី នាំគេចាត់ទុកថា អាឆ្កួត អាល្ងង់ របបប្រធានខុសពីរបបសមូហភាព អ្វីទៅជារបបប្រធាន និងរបបសមូហភាព» ។

ទាក់ទិនបញ្ហានេះសម្ដេចតេជោ បានពន្យល់ថា របបសមូហភាព គឺរបបដែលធ្វើការនៅក្នុងរដ្ឋសភា និងព្រឹទ្ធសភា ដែលគេចែងតម្រូវថា អនុម័តបង្កើត រដ្ឋាភិបាល ត្រូវការសំឡេង ៥០បូក១ បង្កើតការអនុម័តច្បាប់ ៥០បូក១ គេមានចែងច្បាប់ អង្គការត្រូវការសំឡេង ២ភាគ៣ ច្បាប់ស្ដីពីវិសោធនកម្មរដ្ឋធម្មនុញ្ញ ត្រូវការ២ភាគ២ សូម្បីតែក្រុមប្រឹក្សារាជសម្បត្តិ ដែលមានសិទ្ធិជ្រើសតាំងព្រះមហាក្សត្រ ក៏គេចែងអំពីរបៀប សំឡេងភាគតិច សំឡេងភាគច្រើនដែរ ។

ចំពោះរបបប្រធាន សម្ដេចបានមានប្រសាសន៍ថា ក្នុងផ្នែកនីតិប្រតិបត្តិ អត់មានសំឡេងភាគច្រើន និងសំឡេងភាគតិចទេ អ្វីៗឋិតនៅលើនាយករដ្ឋមន្ត្រី ហើយបើអ្នកណាមិនពេញចិត្ត ជាមួយការសម្រេចរបស់នាយករដ្ឋមន្ត្រី សូមអញ្ជើញដើរចេញគឺមានតែប៉ុណ្ណឹងទេ ។ ប្រទេសនានាលើពិភពលោក ពេលរដ្ឋមន្ត្រីមិនសប្បាយចិត្ត ប្រធានាធិបតី ឬនាយករដ្ឋមន្ត្រី គឺនាយករដ្ឋមន្ត្រីដេញចេញ ឬក៏លាលែងពីតំណែងខ្លួនឯងតែម្ដង ។

សម្ដេចគូសបញ្ជាក់ថា «អ្នកខ្លះមិនយល់ស្អីក៏ថា ហ៊ុន សែន ចុះបើ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ជាប្រធានដឹកនាំនីតិប្រតិបត្តិ មិនឲ្យនាយករដ្ឋមន្ត្រីសម្រេច តើឲ្យអ្នកណាអ្នកសម្រេច? ។ កិច្ចប្រជុំគណៈរដ្ឋមន្ត្រី គឺប្រជុំដើម្បីប្រមូលមតិ ក៏ប៉ុន្តែក្នុងគណៈរដ្ឋមន្ត្រី អត់មានតម្រូវការឲ្យបោះឆ្នោត ដោយសំឡេងភាគតិច ឬភាគច្រើនទេ» ។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបន្ថែមថា មនុស្សខ្លះដោយភាពមិនយល់ដឹង ភាពល្ងង់ខ្លៅរបស់ខ្លួន ដែលមិនធ្លាប់សូម្បីតែធ្វើមេភូមិ មេឃុំក៏មិនដែលធ្វើ ហើយមកចង់ប្រដៅសិទ្ធិអំណាច មកលើនាយករដ្ឋមន្ត្រី ហើយបើសិទ្ធិអំណាចមិននៅលើនាយករដ្ឋមន្ត្រី តើទៅនៅលើអ្នកណា នេះគេហៅរបបប្រធាន ។

សម្ដេចតេជោថ្លែងបន្តថា តាមក្រសួងក៏ដូច្នេះដែរ រដ្ឋមន្ត្រីគឺជាចៅក្រសួង អត់មានចាំបាច់យកសំឡេងភាគតិច ភាគច្រើន ពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការទេ ឲ្យតែរដ្ឋមន្ត្រីចុះហត្ថលេខាហើយ គឺផ្លូវការហើយ ៕

To Top