តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មាន IRNA ផ្លូវការបានរាយការណ៍កាលពីថ្ងៃពុធថា កងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) បានចាប់ខ្លួនឯកអគ្គរដ្ឋទូតរងអង់គ្លេស និងជនបរទេសផ្សេងទៀតពីសកម្មភាព “ចារកម្ម” ដូចជាការប្រមូលសំណាកដីនៅក្នុងតំបន់ហាមឃាត់។
របាយការណ៍បានឲ្យដឹងថា យោងតាមវីដេអូ ដែលចេញផ្សាយដោយអង្គការស៊ើបការណ៍សម្ងាត់ IRGC បានកំណត់អត្តសញ្ញាណអ្នកការទូតមួយចំនួននៃស្ថានទូតបរទេស រួមទាំងឯកអគ្គរដ្ឋទូតរងអង់គ្លេស ដែលបាន “ធ្វើចារកម្ម” ជំនួសឱ្យការបំពេញបេសកកម្មការទូតរបស់ពួកគេ។
របាយការណ៍បានឲ្យដឹងទៀតថា “ឯកអគ្គរដ្ឋទូតរងអង់គ្លេស បានទៅវាលខ្សាច់ Shahdad (នៅកណ្តាលប្រទេសអ៊ីរ៉ង់) ជាមួយគ្រួសាររបស់លោកក្នុងនាមជាអ្នកទេសចរ ប៉ុន្តែដូចរូបភាព ដែលបានថតបង្ហាញ មនុស្សម្នាក់នេះកំពុងប្រមូលសំណាកដីនៅក្នុងតំបន់នេះ”។
សារព័ត៌មានលោកខាងលិចបានកំណត់អត្តសញ្ញាណអ្នកការទូតអង់គ្លេស ដែលត្រូវបានចាប់ខ្លួនថាជា Giles Whitaker អនុប្រធានបេសកកម្មនៅស្ថានទូតអង់គ្លេសប្រចាំប្រទេសអ៊ីរ៉ង់។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យការិយាល័យការបរទេសរបស់ចក្រភពអង់គ្លេស បានឲ្យដឹងថា “របាយការណ៍នៃការចាប់ខ្លួនអ្នកការទូតអង់គ្លេសនៅអ៊ីរ៉ង់ គឺជារឿងមិនពិតទាំងស្រុង”។
អ៊ីរ៉ង់ក៏បានកំណត់អត្តសញ្ញាណផងដែរ Maciej Walczak អ្នកវិទ្យាសាស្ត្រជនជាតិប៉ូឡូញ ដែលបានទៅលេងប្រទេសអ៊ីរ៉ង់ “ក្រោមការចោទប្រកាន់នៃការផ្លាស់ប្តូរវិទ្យាសាស្ត្រ” ជាអ្នកចាប់ខ្លួនម្នាក់ទៀតដោយឲ្យដឹងថា លោកក្នុងនាមជាអ្នកទេសចរបានទៅតំបន់ Shahdad ក្នុងខេត្ត Kerman ជាកន្លែងដែល IRGC កំពុងធ្វើតេស្តមីស៊ីល នេះ បើ តាម របាយការណ៍ IRNA៕
ប្រែសម្រួល ឈូក បូរ៉ា