ព័ត៌មានជាតិ

សម្ដេចតេជោ អញ្ជើញបិទសន្និបាតបូកសរុបការងារ ក្រសួងទេសចរណ៍

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ បានអញ្ជើញបិទសន្និបាតបូកសរុបការងារទេសចរណ៍ ការបូកសរុបផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ ដំណាក់កាលទី១ (២០២០-២០២១) និងឆមាសទី១ ឆ្នាំ២០២២ និងលើកទិសដៅផែនការស្តារឡើងវិញនូវវិស័យទេសចរណ៍ក្នុងដំណាក់កាលទី២ (ឆមាសទី២ ឆ្នាំ២០២២-២០២៣) នៅសណ្ឋាគារសុខារ៉េស៊ីដង់ភ្នំពេញ។

លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ បានឲ្យដឹងថា ការកាត់បន្ថយរបាំងនៃការធ្វើដំណើរ និងការគ្រប់គ្រងបានយ៉ាងល្អ បានធ្វើឲ្យមានកំណើនចំនួននៃការធ្វើដំណើររបស់ភ្ញៀវទេសចរផ្ទៃក្នុង ព្រមទាំងចំនួននៃការមកដល់របស់ភ្ញៀវទេសចរអន្តរជាតិកើនឡើង ហើយជើងហោះហើរចូលមកកម្ពុជា ក៏កើនឡើងជាបន្តបន្ទាប់គួរឲ្យកត់សម្គាល់។

លោកបញ្ជាក់ថា សម្រាប់រយៈពេល៦ខែ ដើមឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណជាង៥០ម៉ឺននាក់ កើនឡើង៣៩៤% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ តែនៅថយចុះ -៨៤.៨% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩ (មុនវិបត្តិ) ដោយភាគច្រើនមកពីប្រភពទីផ្សារ ដូចជា៖ វៀតណាម, ថៃ, ចិន, សហរដ្ឋអាមេរិក, ឥណ្ឌូណេស៊ី, បារាំង, កូរ៉េ, ម៉ាឡេស៊ី, អង់គ្លេស, អូស្ត្រាលី, សិង្ហបុរី និងឥណ្ឌា»។

លោកបន្ដថា រីឯភ្ញៀវទេសចរផ្ទៃក្នុង ធ្វើដំណើរកម្សាន្តក្នុងប្រទេស រួមមាន៖ ទេសចរជាតិសរុបប្រមាណ ៦,៣៣ លាននាក់ កើនឡើងក្នុងអត្រាប្រមាណ ២១៩% និងទេសចរបរទេសផ្ទៃក្នុងប្រមាណ៦៨ម៉ឺននាក់ កើនឡើងក្នុងអត្រាប្រមាណ ៣៨០ % ធៀបរយៈពេលដូចគ្នាឆ្នាំ២០២១៕

To Top