កីឡា

សម្ដេច ស ខេង ឧបត្ថម្ភ​ ២ម៉ឺនដុល្លារ ដល់ប្រតិភូសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ក្រោយ អ៊ុក ស្រីមុំ និងអ៊ុន ស្រីយ៉ា ដណ្តើមបានមេដាយមាស

ភ្នំពេញ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយស សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាបានឧបត្ថម្ភថវិកា ២ម៉ឺនដុល្លារ ដល់ប្រតិភូសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ក្រោយកីឡាការិនី អ៊ុក ស្រីមុំ និងអ៊ុន ស្រីយ៉ា ដណ្តើមបានមេដាយមាស ក្នុងព្រឹត្តិការណ៍កីឡាពិភពលោក World Games ឆ្នាំ២០២២ នៅសហរដ្ឋអាមេរិក កាលពីប៉ុន្មានថ្ងៃមុន ។

វីរកីឡាការិនី អ៊ុក ស្រីមុំ និងកីឡាការិនី អ៊ុន ស្រីយ៉ា បានប្រកួតដណ្តើមបានយកមេដាយមាស លើវិញ្ញាសាវាយយកពិន្ទុ និងការឈ្នះមេដាយមាសលើវិញ្ញាសារ ២នាក់ទល់២នាក់ពីម្ចាស់ផ្ទះអាមេរិក។

តាមរយៈគេហទំព័រហ្វេសប៊ុកនាថ្ងៃ១៤ កក្កដា សម្ដេច ស ខេង អបអរសាទរជាមួយជនរួមជាតិ ចំពោះកីឡាការិនីកម្ពុជា ដណ្តើមបានមេដាយមាស ក្នុងព្រឹត្តិការណ៍កីឡាពិភពលោក World Games ឆ្នាំ២០២២ នៅសហរដ្ឋអាមេរិក ។

សម្ដេចលើកឡើងថា ជ័យជម្នះនេះ គឺជាការបន្តបើកទំព័រកំណត់ត្រាប្រវត្តិសាស្ត្រថ្មី មួយបន្ថែមទៀតសម្រាប់កម្ពុជា ឬសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ក្នុងព្រឹត្តិការណ៍កម្រិតពិភពលោក World Games ឆ្នាំ២០២២ នៅសហរដ្ឋអាមេរិកដែលមាន ១១០ប្រទេស ចូលរួមប្រកួតប្រជែង ដែលមានអត្តពលិកប្រមាណ ៣ ៦០០នាក់៕

To Top