បរទេស ៖ ប្រទេសអ៊ុយក្រែន បានមើលឃើញ ឧបទ្វីបគ្រីមៀ ជាមជ្ឈមណ្ឌលយោធាដ៏សំខាន់ និងជាគោលដៅ ស្របច្បាប់ ក្នុងប្រើប្រាស់សព្វាវុធ រយៈចម្ងាយឆ្ងាយរបស់បស្ចិមលោកវាយប្រហារ, នេះបើតាមអ្នកនាំពាក្យ នៃនាយកដ្ឋានស៊ើបការណ៍ សម្ងាត់របស់ក្រសួង ការពារជាតិ អ៊ុយក្រែនលោក Vadim Skibitskiy បាននិយាយកាលពីថ្ងៃសៅរ៍ ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា មន្ត្រីរូបនេះបានធ្វើការ កត់សម្គាល់នេះ នៅពេលដែលគាត់ បានបង្ហាញខ្លួន នៅលើកញ្ចក់ទូរទស្សន៍ 1+1 ដោយត្រូវបានចោទសួរថា តើអ៊ុយក្រែនអាចប្រើប្រាស់ ប្រព័ន្ធរ៉ុក្កែត M142 HIMARS និង M270 MLRS ដែលផលិត ដោយសហរដ្ឋអាមេរិក ដើម្បីវាយប្រហារនៅគ្រីមៀដែរឬទេ ។
លោក Skibitskiy បានបញ្ជាក់ថា “សព្វថ្ងៃនេះឧបទ្វីប Crimean បានក្លាយជាមជ្ឈមណ្ឌល សម្រាប់ចលនាឧបករណ៍ និងសព្វាវុធទាំងអស់ ដែលមកពីសហព័ន្ធរុស្ស៊ី ទៅកាន់ភាគខាងត្បូង នៃរដ្ឋរបស់យើង។ ជាដំបូង វាគឺជាចង្កោម នៃផ្នែករឹងយោធា គ្រាប់រំសេវ និងសម្ភារៈដែលប្រមូលផ្តុំនៅ Crimea ហើយបន្ទាប់មកត្រូវបានបញ្ជូនទៅផ្គត់ផ្គង់ កងកម្លាំងកាន់កាប់របស់រុស្ស៊ី” ។
លោកបានពន្យល់ថា ទីក្រុងគៀវ ក៏កំពុងស្វែងរកការវាយប្រហារ លើនាវាចម្បាំង នៃកងនាវាចរសមុទ្រខ្មៅ របស់រុស្ស៊ីដែលឈរជើងនៅ ។ នាវាចម្បាំងកំពុងត្រូវបានប្រើប្រាស់ ដើម្បីបាញ់កាំជ្រួច ហើយដូច្នេះគឺ “ក្នុងចំណោមគោលដៅ ដែលត្រូវតែវាយប្រហារ ដើម្បីធានាសុវត្ថិភាព របស់ប្រជាពលរដ្ឋ ការដំឡើងរបស់យើង និងអ៊ុយក្រែនជាទូទៅ” ៕
ប្រែសម្រួល៖ ណៃ តុលា