តេអេរ៉ង់៖ អ្នកការទូតអ៊ីរ៉ង់ម្នាក់បានឲ្យដឹងថា សំណើរបស់សហភាពអឺរ៉ុប សម្រាប់ការរស់ឡើងវិញ នូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ឆ្នាំ២០១៥ អាចទទួលយកបានលុះត្រាតែ ការបំពេញការទាមទាររបស់អ៊ីរ៉ង់ ត្រូវបានធានា នេះបើយោងតាមទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA ។
អ្នកការទូតបានឲ្យដឹង ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា អ៊ីរ៉ង់កំពុងពិនិត្យមើលសំណើរ ដើម្បីមើលថាតើពួកគេមាន “ភាពជឿជាក់” ក្នុងការបំពេញតាមការទាមទារផ្សេងៗរបស់អ៊ីរ៉ង់ រួមទាំងការដោះស្រាយការទាមទារ ផ្នែកនយោបាយអំពីការការពាររបស់ IAEA ការដកទណ្ឌកម្មលើអ៊ីរ៉ង់ និងមានភាគីទាំងអស់ធានា ដើម្បីឈានដល់កិច្ចព្រមព្រៀង ដ៏មានសក្តានុពលមួយ នៅចុងបញ្ចប់នៃការចរចានុយក្លេអ៊ែរ។
សហភាពអឺរ៉ុប កាលពីថ្ងៃចន្ទបានដាក់ចេញនូវ “អត្ថបទចុងក្រោយ” នៃសេចក្តីព្រាងសេចក្តីសម្រេច ស្តីពីការរស់ឡើងវិញ នូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលត្រូវបានគេស្គាល់ជាផ្លូវការថា ជាផែនការសកម្មភាពទូលំទូលាយរួម (JCPOA) ខណៈពេលដែលកំពុងរង់ចាំការសម្រេចចិត្ត ផ្នែកនយោបាយពីអ្នកចូលរួម នៅក្នុងកិច្ចចរចានៅទីក្រុងវីយែន។
កិច្ចចរចាបានចាប់ផ្តើមនៅក្នុងខែមេសា ឆ្នាំ២០២១ នៅក្នុងរដ្ឋធានីអូទ្រីស ប៉ុន្តែត្រូវបានផ្អាកនៅក្នុងខែមីនា ដោយសារតែភាពខុសគ្នាខាងនយោបាយ រវាងទីក្រុងតេអេរ៉ង់ និងវ៉ាស៊ីនតោន។ ជុំចុងក្រោយនៃកិច្ចចរចាដែលបានចាប់ផ្តើម កាលពីថ្ងៃព្រហស្បតិ៍បន្ទាប់ពីការផ្អាករយៈពេលប្រាំខែ បានឈានដល់ទីបញ្ចប់កាលពីថ្ងៃចន្ទ។
ប្រទេសអ៊ីរ៉ង់បានចុះហត្ថលេខាលើ JCPOA ជាមួយមហាអំណាចពិភពលោក កាលពីខែកក្កដា ឆ្នាំ២០១៥ ដោយយល់ព្រមទប់ស្កាត់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ជាថ្នូរនឹងការដកទណ្ឌកម្មលើប្រទេសនេះ។
ទោះបីជាយ៉ាងណាក៏ដោយ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដកទីក្រុងវ៉ាស៊ីនតោន ចេញពីកិច្ចព្រមព្រៀង និងបានដាក់ទណ្ឌកម្មឯកតោភាគីឡើងវិញលើទីក្រុងតេអេរ៉ង់ ដោយជំរុញឱ្យភាគីចុងក្រោយទម្លាក់ការប្តេជ្ញាចិត្តមួយចំនួននៅក្រោមកតិកាសញ្ញានេះ៕ ប្រែសម្រួល ឈូក បូរ៉ា