ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ថ្កោលទោស អន្តរាគមន៍យោធា រដ្ឋប្រហារ ដែលដឹកនាំដោយអាមេរិក ប្រឆាំងនឹងប្រទេសឯករាជ្យ

តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanaani បានថ្កោលទោសចំពោះអ្វីដែលលោកហៅថា ប្រវត្តិសាស្ត្រនៃអន្តរាគមន៍យោធា និងរដ្ឋប្រហារដឹកនាំដោយសហរដ្ឋអាមេរិក ប្រឆាំងនឹងប្រទេសឯករាជ្យ។

លោក Kanaani បានឲ្យដឹងនៅក្នុងសារ ដែលអត្ថាធិប្បាយអំពីរដ្ឋប្រហារ ដែលគាំទ្រដោយសហរដ្ឋអាមេរិក នៅអ៊ីរ៉ង់ក្នុងខែសីហា ឆ្នាំ១៩៥៣ ថា “រដ្ឋាភិបាលសហរដ្ឋអាមេរិក មានកំណត់ត្រានៃការធ្វើអន្តរាគមន៍ ការវាយប្រហារដោយយោធា និងរដ្ឋប្រហារប្រឆាំងនឹងប្រទេស និងរដ្ឋាភិបាលឯករាជ្យ” ។

លោកបានបន្ថែមថា “រដ្ឋប្រហារថ្ងៃទី១៩ ខែសីហា ឆ្នាំ១៩៥៣ ប្រឆាំងនឹងរដ្ឋាភិបាលជាតិរបស់អ៊ីរ៉ង់ គឺជាឧទាហរណ៍ជាក់ស្តែងនៃប្រវត្តិសាស្ត្រដ៏ខ្មៅងងឹតនេះ” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

អ្នក នាំពាក្យ អ៊ីរ៉ង់ បាន សួរថា តើរដ្ឋាភិបាលអាមេរិកនឹងកែតម្រូវគោលនយោបាយខុស និងបរាជ័យរបស់ខ្លួន ចំពោះអ៊ីរ៉ង់ និងគោរពសិទ្ធិស្របច្បាប់របស់ប្រទេសអ៊ីរ៉ង់ដែរឬទេ?

រដ្ឋប្រហារក្នុងឆ្នាំ១៩៥៣ បានផ្ដួលរំលំនាយករដ្ឋមន្ត្រីអ៊ីរ៉ង់លោក Mohammad Mosaddegh ដែលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យ ខណៈដែលចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក មានការខឹងសម្បារ ចំពោះការតស៊ូដ៏ជោគជ័យរបស់លោក Mosaddegh ដើម្បីធ្វើជាតូបនីយកម្មឧស្សាហកម្មប្រេងរបស់អ៊ីរ៉ង់៕ប្រែសម្រួល ឈូក បូរ៉ា

To Top