បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃពុធនេះបានឲ្យដឹងថាគិតត្រឹម ក្នុងខែសីហា ប៉ុណ្ណោះប្រទេសអ៊ុយក្រែន បានទទួលជំនួយជាមនុស្សធម៍ប្រមាណជា៤,៦ពាន់លានដុល្លារ ពីបរទេសដែលភាគច្រើន បានមកពី សហរដ្ឋអាមេរិក។
ប្រភពដដែលបានឲ្យដឹងទៀតដែរថា អ៊ុយក្រែន ក៏នឹងរំពឹងទុកដែរថា អាចទទួលបានជំនួយបន្ថែមប្រមាណជា ១,៥ពាន់លានដុល្លារទៀត ពីសហរដ្ឋអាមេរិក នៅក្នុងខែកញ្ញានេះផងដែរ និងបន្ត បន្ទាប់ដោយជំនួយពីសហភាពអឺរ៉ុប នៅចុងខែកញ្ញា ឬដើមខែតុលា។
ក្នុងនោះផងដែរគេបានដឹងដែរថា កាលពីថ្ងៃទី២៤ ខែមិថុនា កន្លងមគណកម្មការសភាអឺរ៉ុប បានប្រកាសអំពីផែនការផ្តល់កំចី ប្រមាណជា៩ពាន់លានអឺរ៉ូ ទៅឲ្យអ៊ុយក្រែន ផងដែរ ស្ថិតនៅក្នុងកម្មវិធី ហិរញ្ញវត្ថុ មួយដែលមានឈ្មោះ ថា Macro-Financial Assistance program។
គួរឲ្យដឹងដែរថាគិតចាប់តាំងតែ ពីប្រតិបត្តិការយោធា ដោយប្រទេសរុស្សី កាលពីថ្ងៃទី២៤ ខែកុម្ភៈ មកប្រទេសអ៊ុយក្រែន គឺបានទទួលជំនួយមនុស្សធម៍ ពីបរទេសចំនួនប្រមាណជា១៧ពាន់លានដុល្លារ រួចមកហើយ៕
ប្រែសម្រួល៖ស៊ុនលី