ភ្នំពេញ៖ សមាជិកមូលនិធិស៊ីក្លូក្នុងរាជធានីភ្នំពេញ ចំនួន៣០០នាក់ ទទួលបានថវិកានិងសម្ភារៈ ពីសម្តេចតេជោហ៊ុន សែន ប្រធានកិត្តិយសមូលនិធិត្រីចក្រយានកម្ពុជា(ស៊ីក្លូ) និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបុណ្យភ្ជុំបិណ្យ។
ថវិកានិងសម្ភារៈទាំងនេះ ត្រូវបានលោក ម៉េត មាសភក្តី ប្រធានលេខាធិការដ្ឋាន មូលនិធិត្រីចក្រយានកម្ពុជា នាំយកទៅប្រគល់ជូនពួកគាត់នាព្រឹកថ្ងៃទី២២ កញ្ញានេះ នៅសាលារាជធានីភ្នំពេញ ។
លោក ម៉េត មាសភក្តី បានឲ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តែងក្រើនរំលឹកអោយលោក ឃួង ស្រេង យកចិត្តទុកដាក់និងមើលថែ ពីសុខទុក្ខបងប្អូន សមាជិកអ្នកធាក់ស៊ីក្លូក្នុងរាជធានីភ្នំពេញ ជាក់ស្តែងនៅពេលនេះ ពួកគាត់ទាំង៣០០នាក់ បានទទួលថវិការនិងសម្ភារៈរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ក្នុងឱកាសបុណ្យភ្ជុំបិណ្យ បន្ថែមពីលើការឧបត្ថមប្រចាំខែជូនពួកគាត់ ដែលអំណោយទាំងនេះ ក្នុងម្នាក់ៗទទួលបាន៥ម៉ឺនរៀល (តាមកុងវីង)មី២កេស ទឹកបរិសុទ្ធ២កេសនិងទឹកត្រី១យួរ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ខ្លាំងណាស់ ចំពោះបងប្អូនជាសមាជិកមូលនិធិស៊ីក្លូ ពោលគឺអោយតែមានពិធីបុណ្យជាតិធំៗ ម្តងៗ សម្តេចតែងផ្តល់អំណោយ ជូនពួកគាត់ជានិច្ច។ ក្រៅពីនេះ បងប្អូនអ្នកធាក់ស៊ីក្លូទាំង៣០០នាក់ ក៏ទទួលបានប្រាក់ខែជារៀងរាល់ខែចំនួន២១ម៉ឺនរៀលផងដែរ ដោយក្នុង១ខែពួកគាត់ អាចបើកបាន៣ដងក្នុង១ដង៧ម៉ឺនរៀល ជាមួយនឹងផ្តល់ជូនបណ្ណ័ប. ស. ស ដើម្បីឲ្យបងប្អូនទៅព្យាបាលជំងឺដោយមិនអស់ប្រាក់ ហើយក្នុងបរិបទជម្ងឺកូវីដ-១៩ សម្តេចមិនត្រឹមតែផ្តល់វ៉ាក់សាំងជូនពួកគាត់ទេ នូវបានផ្តល់អំណោយជាគ្រឿងឧបភោគ បរិភោគ ម៉ាស អាកុល ជែលជូនពួកគាត់ថែមទៀត។
គួរបញ្ជាក់ផងដែរថា មូលនិធិនេះត្រូវបានបង្កើតឡើង តាំងពីថ្ងៃទី១៨មករាឆ្នាំ២០១៨ គឺមានរយៈពេល៤ឆ្នាំ ហើយ ក្រោមការផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន សំដៅអភិរក្សស៊ីក្លូ ដែលមានដើមកំណើតតាំង ពីសម័យអនានិគមនិយមបារាំង៕