ព័ត៌មានជាតិ

ស្ថានទូតចិន ប្រចាំកម្ពុជា រៀបចំពិធីរម្លឹកខួប អនុស្សាវរីយ៍ លើកទី១០០ នៃការប្រសូត របស់ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ»

កម្មវិធីរម្លឹកខួប អនុស្សាវរីយ៍ លើកទី១០០ នៃការប្រសូត របស់ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» ត្រូវបានស្ថានទូតចិនប្រចាំកម្ពុជារៀបចំឡើង កាលពីព្រឹកថ្ងៃទី២៨ កញ្ញា ២០២២។

កម្មវិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា និងមានការអញ្ជើញ ចូលរួមពីតំណាងរាជបណ្ឌិត្យសភាកម្ពុជា តំណាងមូលនិធិមុទិតា ព្រមទាំងសិស្ស និស្សិតកម្ពុជា ជាច្រើនរូប។

នាពេលនោះ លោក Wang Wentian បានមានប្រសាសន៍ថា កម្មវិធីនេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងរម្លឹកឡើងវិញ នូវប្រវត្ថិសាស្ត្រដ៏យូរអង្វែង នៃចំណងមិត្តភាពរវាងចិន និងកម្ពុជា និងចក្ខុវិស័យដ៏ត្រចះត្រចង់ នៃទំនាក់ទំនងរវាងចិន-កម្ពុជា នាពេលអនាគត ។
លោក Wang Wentian ៖ «ផឹកទឹកនឹកប្រភពដើម ឡើង ដើមឈើគិតដល់ឬសគល់» នឹករឮកយ៉ាងជ្រាលជ្រៅ ចំពោះព្រះរាជសកម្មភាព ជាប្រវត្ថិសាស្ត្ររបស់សម្តេច ព្រះបរមរតនកោដ្ឋ ។ ព្រះអង្គគឺជាបិតា ឯករាជ្យជាតិ ដែលទទួលបានការស្រឡាញ់យ៉ាងខ្លាំង ពីប្រជាជនកម្ពុជាទ្រង់ ក៏ជាមិត្តភក្តិដ៏មហិមា ដែលទទួលបានការស្រឡាញ់ យ៉ាងខ្លាំងពីប្រជាជនចិនផងដែរ។»

លោកក៏បានរម្លឹក ពីព្រះរាជសកម្មភាពរបស់ទ្រង់ តាំងពីបានស្គាល់លោកនាយករដ្ឋមន្ត្រី Zhou Enlai ក្នុងសន្និសីទ Bandung នាឆ្នាំ ១៩៥៥ ព្រមទាំងព្រះរាជសកម្មរបស់ទ្រង់ នៅប្រទេសចិន ដែលបានបង្កើត ជាទំនាក់ទំនងយ៉ាងស្អិតរមូត តាំងពីពេលនោះមក រហូតមកដល់ពេលបច្ចុប្បន្ន។

លោក Wang Wentian បានគូសបញ្ជាក់ថា «បន្តដំណើរឆ្ពោះទៅមុខ បន្តជំហានយ៉ាងអង់អាច» កសាងសហគមន៍វាសនា រួមរវាងចិននិងកម្ពុជា យ៉ាងសកម្ម ក្នុងនោះ នាពេលប៉ុន្មានឆ្នាំថ្មីៗនេះ ក្រោមការដឹកនាំជាយុទ្ធសាស្ត្ររបស់ថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរ ទំនាក់ទំនងទ្វេភាគី បានអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ហើយបានឈាន ចូលយុគសម័យថ្មី នៃការកសាងសហគមន៍វាសនារួម ។

លោកWang Wentian៖ «សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបន្តមរតកនិងអភិវឌ្ឍន៍គោលនយោបាយចំណងមិត្តភាពជាមួយប្រទេសចិន ដែលជាព្រះរាជកំណត់ដោយសម្តេច ព្រះបរមរតនកោដ្ឋ បន្តរួមជាកម្លាំង ក្នុង ការលើកកម្ពស់ឲ្យស៊ីជម្រៅ នូវកិច្ចសហប្រតិបតិ្តការ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរ បន្តផ្តល់អត្ថប្រយោជន៍ ជាក់ស្តែង ជូនដល់ប្រជាជនទាំងពីរ។»

លោក ក៏បានលើកឡើងពីចំណងមិត្តភាពដែកថែប រវាងចិននិងកម្ពុជា ដែលត្រូវបានលើកកម្ពស់ថែមមួយកម្រិតទៀត ចាប់តាំងពីមានការផ្ទុះជាសកល នៃជំងឺកូវីដ១៩ តាមរយៈការ ជួយគ្នា ទៅវិញទៅមក ដែលផ្តើមចេញពីព្រះករុណា ព្រះមហាក្សត្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី បានប្រោសព្រះរាជទាន អំណោយដ៏ថ្លៃថ្លា ជូនដល់ភាគីចិន ហើយសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏បានអញ្ជើញទៅបំពេញទស្សនកិច្ច នៅប្រទេសចិន ក្នុងពេលដែលចិន រងគ្រោះពីការផ្ទុះការឆ្លងរាលដាលនៃជំងឺកូវីដ១៩។ ជាបន្តបន្ទាប់ទៀត ភាគីចិន បានតបស្នងមកវិញ តាមរយៈការគាំទ្រយ៉ាង ពេញទំហឹងដល់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ក្នុងនោះ រួមមានទាំងវ៉ាក់សាំង បង្ការជំងឺកូវីដ១៩ របស់ចិន ចំនួនជិត៤២លានដូស ត្រូវបានបញ្ជូនមកដល់កម្ពុជា ដែលបានជួយបង្កើតរបាំងការពារ និងសម្រេចបាននូវការស្តារសេដ្ឋកិច្ច និង សង្គមរបស់កម្ពុជាឡើងវិញ យ៉ាងឆាប់រហ័ស ដែលប្រកបដោយសណ្តាប់ធ្នាប់។

រីឯ កញ្ញា វុធ សុភ័ក្រណា ប្រធានវិទ្យាស្ថាន គរុកោសល្យភាសាចិន ក្នុងតំបន់នៃរាជបណ្ឌិត្យសភាកម្ពុជា ក៏បានថ្លែងថា កម្មវិធីនេះពិតជាមាន អត្ថន័យយ៉ាងជ្រាល ជ្រៅ ដែលបានធ្វើឲ្យកញ្ញាកាន់តែ ចាប់អារម្មណ៍អំពីចំណងមិត្តភាពកម្ពុជា-ចិន ជាពិសេស ជាឱកាសដ៏ល្អ ក្នុងការនឹករលឹក ទៅដល់ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដោយកញ្ញា បានលើកឡើងថា ព្រះអង្គគឺជាសរសរស្តម្ភ នៃស្មារតីរបស់ជនកម្ពុជាគ្រប់រូប ហើយទ្រង់ក៏ជាសាក្សី អ្នកប្រតិបត្តិ អ្នកគាំទ្រដ៏ស្មោះត្រង់ ចំពោះមិត្តភាពកម្ពុជា-ចិន។

ជាមួយគ្នានេះដែរ លោក ម៉ែន គីមសួរ សមាជិកអចិន្ត្រៃយ៍ ទទួលបន្ទុកកិច្ចការទូទៅ របស់មូលនិធិមុទិតា បានមានប្រសាសន៍ថា ក្នុងនាមយុវជនបន្តវេន ជំនាន់ក្រោយ លោកសូមសម្តែង នូវការចងចាំ និងកោតសរសើរស្ញប់ស្ញែងជាទីបំផុត ប្រកបដោយសេចក្តីកត្តញូតាធម៌ ដ៏ជ្រាលជ្រៅដល់ជាប់ ក្នុងចិត្ត ជានិច្ច ចំពោះគុណូបការៈរបស់ថ្នាក់ដឹកនាំកំពូលៗ របស់ចិន តាំងពីជំនាន់មុន រហូតមកដល់ ពេលបច្ចុប្បន្ន ដែលបានខិតខំជួយជ្រោមជ្រែងកម្ពុជាគ្រប់កាលៈទេសៈ និងជួយអភិវឌ្ឍន៍កម្ពុជា ស្ទើគ្រប់វិស័យ ព្រមទាំងខិតខំថែរក្សា និងរឹតបន្តឹងចំណងមិត្តភាពកម្ពុជា-ចិន ពីមួយថ្ងៃទៅមួយថ្ងៃ ឲ្យមានលក្ខណៈល្អពិសេសបំផុត ក្នុងក្របខណ្ឌ ជាអ្នកជិតខាងល្អ បងប្អូនល្អ មិត្តភក្តិល្អ ដៃគូសហការល្អ ជាមិត្តពិតប្រាកដនឹងគ្នា រវាងប្រជាជននិងប្រទេសទាំងពីរ។

លោក ក៏សូមឧទ្ទិស ការរៀបចំកម្មវិធីរម្លឹកខួបប្រសូតគម្រប់ ១០០ព្រះវស្សា នៃព្រះកុរណា ព្រះមាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត រៀបចំឡើង ដោយស្ថានទូតចិនប្រចាំកម្ពុជា នាពេលនោះ សូមស្ថិតនៅក្នុងដួងព្រលឹងនៃចំណងមិត្តភាពជាអមតៈ កម្ពុជា-ចិន និងសូមឲ្យសេចក្តីស្មោះត្រង់រវាងគ្នានឹងគ្នា ការសាមគ្គីភាព កិច្ចសហប្រតិបត្តិការជាភាតរ រវាងប្រទេស និងប្រជាជនយើងទាំងពីរ កម្ពុជា-ចិន ឲ្យស្ថិតស្ថេរគង់វង្សចីរកាល ជាដរាបតរៀងទៅ ។

ក្នុងកម្មវិធីនាពេលនោះដែរ ក៏មានការសម្តែងច្រៀង ចម្រៀង ដែលជាស្នាព្រះហស្ថ របស់ព្រះបរមរតនកោដ្ឋ ក្រោមចំណងជើងថា «ស្រណោះស្រុកចិន» ដោយក្រុមយុវជនកម្ពុជា និងមានការទស្សនាសួន មិត្តភាពកម្ពុជា-ចិន ព្រមទាំងមានការថតរូបជាអនុស្សាវរីយ៍ ក្នុងទិដ្ឋភាពប្រកប ដោយអត្ថន័យយ៉ាងជ្រាលជ្រៅ ជាទីបំផុត ៕

(ដោយ៖ វិទ្យុមិត្តភាពកម្ពុជា-ចិន)

To Top