ព័ត៌មានអន្តរជាតិ

មេដឹកនាំជប៉ុន-អ៊ុយក្រែន គ្រោងបើកកិច្ចពិភាក្សាតាមទូរស័ព្ទ ស្ដីពីការឈ្លានពានរបស់រុស្ស៊ី 

តូក្យូ៖ រដ្ឋាភិបាលជប៉ុនបានឲ្យដឹងនៅថ្ងៃសុក្រនេះថា ខ្លួនកំពុងរៀបចំកិច្ចពិភាក្សា តាមទូរស័ព្ទរវាងនាយករដ្ឋមន្ត្រីលោក Fumio Kishida និងប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី ជុំវិញការឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែន។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើក្រឹត្យនានា ដើម្បីទទួលស្គាល់ឯករាជ្យភាពនៃតំបន់ភាគខាងត្បូងចំនួនពីរ ដែលជាផ្នែកមួយរបស់អ៊ុយក្រែន គ្រប់គ្រងដោយប្រទេសរុស្ស៊ី នៅក្នុងចលនាមួយ ដែលត្រូវបានគេមើលឃើញថា ជាការកើនឡើងនៃសង្រ្គាមរយៈពេល ៧ខែរបស់ទីក្រុងម៉ូស្គូ ប្រឆាំងនឹងអ៊ុយក្រែន។

រដ្ឋាភិបាល​ជប៉ុន​មិន​បាន​បញ្ជាក់​លម្អិត​ថា​ពេល​ណាដែលលោក Kishida និងលោក ហ្សេឡិនស្គី នឹង​ជួបសន្ទនា​តាម​ទូរស័ព្ទនោះទេ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

ជាមួយនឹងក្រឹត្យស្តីពីតំបន់ Zaporizhzhia និងតំបន់ Kherson បានចូលជាធរមានភ្លាមៗនៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ហើយលោក ពូទីន កំពុងរៀបចំចុះហត្ថលេខាលើសន្ធិសញ្ញាមួយនៅពេលក្រោយថ្ងៃសុក្រនេះ ដែលនឹងដាក់បញ្ចូលជាផ្លូវការជាមួយនឹងតំបន់កាន់កាប់ពីរនៅភាគខាងកើតអ៊ុយក្រែន។

ការបោះឆ្នោតនៅក្នុងអ្វីដែលមន្ត្រីលោកខាងលិចបានឲ្យដឹងថា ជាការធ្វើប្រជាមតិក្លែងក្លាយ ដែលត្រូវប្រើជាលេសសម្រាប់ការបញ្ចូលរុស្ស៊ីបានកើតឡើងនៅតំបន់ Zaporizhzhia និង Kherson ក៏ដូចជាតំបន់ Donetsk និង Luhansk នៅភាគខាងកើតអ៊ុយក្រែន។

អ៊ុយក្រែន បានថ្កោលទោសការបោះឆ្នោត ខណៈដែលមេដឹកនាំនៃក្រុមប្រទេសឧស្សាហកម្មទាំងប្រាំពីរបានចេញសេចក្តីថ្លែងការណ៍មួយដោយប្តេជ្ញាថាពួកគេនឹង “មិនទទួលស្គាល់” ការធ្វើប្រជាមតិ ឬការបញ្ចូលឧបសម្ព័ន្ធនោះឡើយ។

នៅថ្ងៃសុក្រនេះ នៅទីក្រុងតូក្យូ រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Yoshimasa Hayashi បានរិះគន់រុស្ស៊ីដោយលើកឡើងថា ទង្វើរបស់ទីក្រុងម៉ូស្គូ “រំលោភលើអធិបតេយ្យភាពរបស់អ៊ុយក្រែន” និង “បំពានច្បាប់អន្តរជាតិ”៕ប្រែសម្រួល ឈូក បូរ៉ា

To Top