ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូងអះអាងថា យន្តហោះចិន រំលោភចូលដែនអាកាសរបស់ខ្លួនជាង៧០ដង កាលពីឆ្នាំមុន

បរទេស៖ មន្ត្រីយោធានៅទីក្រុងសេអ៊ូល តាមសេចក្តីរាយការណ៍បានអះអាងថា យន្តហោះរបស់ចិនបានរំលោភលើតំបន់ការពារ ដែនអាកាសរបស់កូរ៉េខាងត្បូង ដោយមិនមានការព្រមានច្រើនជាង ៧០ ដងកាលពីឆ្នាំមុន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ល្បឿននៃការរំលោភរបស់ចិនលើតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសកូរ៉េ (KADIZ) គឺប្រហាក់ប្រហែលនឹងឆ្នាំ ២០២០ នេះបើតាមសារព័ត៌មាន Yonhap News បានរាយការណ៍កាលពីថ្ងៃចន្ទ ដោយដកស្រង់ឯកសារដែលក្រសួងការពារជាតិកូរ៉េខាងត្បូងដាក់ជូនរដ្ឋសភា។ ប្រព័ន្ធផ្សព្វផ្សាយបានអះអាងថា មានការរំលោភបែបនេះជាង ២០ ក៏បានបង្កឡើងដោយប្រទេសរុស្ស៊ីក្នុងឆ្នាំ ២០១៩ ផងដែរ ដោយមិនបានផ្តល់នូវតួលេខថ្មីៗបន្ថែមទៀតទេ។

KADIZ ត្រូវបានគូរឡើងជាលើកដំបូងដោយកងទ័ពអាកាសអាមេរិកក្នុងឆ្នាំ ១៩៥១ កំឡុងសង្គ្រាមកូរ៉េ។ តំបន់នេះលាតសន្ធឹងហួសពីដែនអាកាសរបស់កូរ៉េខាងត្បូង ប៉ុន្តែទីក្រុងសេអ៊ូលតម្រូវឱ្យអ្នកបើកបរយន្តហោះបរទេសកំណត់អត្តសញ្ញាណខ្លួនឯង ដើម្បីការពារការប្រឈមមុខគ្នាដោយអចេតនា។ ជាឧទាហរណ៍ យន្តហោះជប៉ុនចូល KADIZ ប្រហែល ៥០០ដងក្នុងមួយឆ្នាំ បន្ទាប់ពីបានផ្តល់ការជូនដំណឹងដល់អាជ្ញាធរកូរ៉េខាងត្បូង៕ប្រែសម្រួលៈ ណៃ តុលា

To Top