ព័ត៌មានអន្តរជាតិ

កម្ពុជា បារម្ភចំពោះការបាញ់ សាកល្បងកាំជ្រួចមីស៊ីលផ្លោង ដោយកូរ៉េខាងជើង

ភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិខ្មែរ បានសម្តែងការព្រួយបារម្ភចំពោះការបាញ់សាកល្បងកាំជ្រួចមីស៊ីលផ្លោងដែលធ្វើឡើង ដោយសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េនៅថ្ងៃទី៤ ខែតុលា ឆ្នាំ ២០២២ ។

នេះគឺជាការរំលោភមួយទៀតលើសេចក្តីសម្រេចចិត្ត របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និង ដែលអាចបង្កឲ្យមានភាពតានតឹង និងគំរាមកំហែងដល់ សន្តិភាព និងស្ថិរភាពក្នុងតំបន់ ។

បើយោងតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេសនៅថ្ងៃ៤ តុលា បានឲ្យដឹងថា “ក្រសួងព្រួយបារម្ភអំពីបាញ់មីស៊ីលផ្លោងនេះ”។

ក្រសួងក៏បានអំពាវនាវដល់កូរ៉េខាងជើង អនុវត្តឲ្យបាន ពេញលេញរាល់សេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ និងកាតព្វកិច្ច អន្តរជាតិរបស់ខ្លួន ។ ក្នុងនោះអំពាវនាវឲ្យភាគីពាក់ព័ន្ធ រក្សា ភាពអត់ធ្មត់ និងបង្កើតបរិយាកាសអំណោយផលដល់ ការបន្តកិច្ចចរចា៦ភាគីឡើងវិញដែលអាចនាំមកការរំសាយអាវុធនុយក្លេអ៊ែរ នៃឧបទ្វីបកូរ៉េដែល ពេញលេញអាចផ្ទៀងផ្ទាត់បានមិនអាចវិលត្រឡប់ ថយក្រោយ និងដោយសន្តិវិធី ។

សូមបញ្ជាក់ថា កូរ៉េខាងជើង នៅថ្ងៃ៤ តុលានេះ បានបាញ់មីស៊ីលផ្លោង ឆ្លងផុតភាគឦសានប្រទេសជប៉ុន ដែលជាលើកទីមួយ ដែលខ្លួនបានបញ្ជូនមីស៊ីលឆ្លងកាត់ ប្រជុំកោះជប៉ុន ក្នុងរយៈពេលជិត ៥ឆ្នាំ ត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីការបាញ់មីស៊ីល ឆ្ពោះទៅសមុទ្រជប៉ុន បើទោះបីជាមានការរិះគន់ពីអន្តរជាតិ៕

To Top