ព័ត៌មានជាតិ

ជម្រះជនជាប់ចោទប្រុស-ស្រី ២នាក់ ពាក់ព័ន្ធនឹងការសូកប៉ាន់លុយ មន្ត្រីនគរបាលប្រឆាំងគ្រឿងញៀន ១០ម៉ឺនដុល្លារ ជាថ្នូរនឹងការដោះលែង ជនល្មើសគ្រឿងញៀន ៦នាក់

ភ្នំពេញ៖ ជនជាប់ចោទស្រី-ប្រុស ចំនួន ២នាក់ ដែលត្រូវជាបងប្អូនបង្កើតនឹងគ្នា កាលពីថ្ងៃទី ៤ ខែ តុលា ឆ្នាំ ២០២២ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ធ្វើការជំនុំជម្រះ ជាសាធារណៈ ជាប់ពាក់ព័ន្ធនឹង ការយកលុយ ចំនួន ១០ម៉ឺនដុល្លារអាមេរិក ទៅសូកប៉ាន់មន្ត្រីនគរបាលប្រឆាំងគ្រឿងញៀន នៅក្នុងមន្ទីរប្រឆាំងគ្រឿងញៀន ក្នុងក្រសួងមហាផ្ទៃ ជាថ្នូរនឹងការដោះ ជនល្មើសគ្រឿងញៀន ពីការចាប់ឃាត់ខ្លួន ប្រពឹ្រត្តកាលពីចុងខែមេសា ឆ្នាំ ២០២២។

សវនាការនេះ ដឹកនាំដោយលោកឃុន សូណា ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ និង មានចៅក្រមហម ម៉េងសែ និង លោកសំ ប៊ុនពៅ ជាចៅក្រមប្រឹក្សា និង មានតំណាងអយ្យការការ គឺ លោកព្រះរាជអាជ្ញារង វង្ស សាវ៉ាត ព្រមទាំង មានការ ចូលរួម អំពីមន្ត្រីពាក់ព័ន្ធ នៃ អង្គភាពប្រឆាំងអំពើពុករលួយ (ACU ) និង មន្រ្តីនគរបាលប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃផងដែរ។

លោក ឃួន សូណា ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ សាលាដំបូងរាជធានីភ្នំពេញ បានថ្លែងឱ្យដឹងថា: ជនជាតិចោទទាំង២នាក់ មានឈ្មោះ ទី១- ឈ្មោះ ប៉ុល ចិត្រា ភេទប្រុស អាយុ៣៦ ឆ្នាំ (ស្ថិតនៅក្នុងឃុំ) និង ទី២- ឈ្មោះ ប៉ុល រ៉ានី ភេទស្រី អាយុ៤៩ឆ្នាំ ( ស្ថិតនៅក្រៅឃុំ) មុខរបរជាមន្ត្រីសុខភាព មានទីលំនៅ នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ អ្នកទាំង២នាក់ គឺ ត្រូវជាបងប្អូនបង្កើតនឹងគ្នា។

លោកចៅក្រមសូណា បានថ្លែងថា៖ នៅក្នុងចំណោម ជនជាប់ចោទទាំង២នាក់នេះ, ជនជាប់ចោទឈ្មោះ ប៉ុល ចិត្រា ត្រូវជាប់ចោទពីបទ: «ផ្តើមគំនិតក្នុងអំពើសូកប៉ាន់» តាមបញត្តិ មាត្រា២៨ មាត្រា៦០៥ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៣២ ច្បាប់ស្តីពីប្រឆាំងអំពើរពុករលួយ។

ចំណែកឯ ឈ្មោះ ប៉ុល រ៉ានី ត្រូវជាប់ចោទពីបទ: «សូកប៉ាន់» តាមបញ្ញត្តិមាត្រា ៦០៥ នៃក្រមព្រហ្មទណ្ឌ និង មាត្រា៣២ ច្បាប់ស្តីប្រឆាំងអំពើ ពុករលួយ។

នាពេលសវនាការ, ជនជាប់ចោទទាំង២នាក់ ដែលមានវត្តមាននៅក្នុងរង្វង់ ក្រចក់សេះ នៃ បន្ទប់សវនាការ បានឆ្លើយបដិសេធ ចំពោះការចោទប្រកាន់របស់ពួកគេ អំពីសំណាក់តំណាងអយ្យការ។

ទោះជាយ៉ាងណាក្តី, ពួកគេ បានទទួលស្គាល់ថា: នៅថ្ងៃកើតហេតុនោះ ពួកគេ ពិត បានយកលុយចំនួន ១០ ម៉ឺនដុល្លារ ប្រាក់ដុល្លារ មាន៩៦,០០០ដុល្លារ និងប្រាក់រៀលចំនួន ១៦លារៀល) ប្រគល់ទៅឲ្យ មន្ត្រីនគរបាលប្រឆាំងគ្រឿងញៀនម្នាក់ ឈ្មោះ វរសេនីយ៍ឯក ជា ចំរ៉ុង មែន នៅក្នុងបន្ទប់របស់គាត់ នៅក្នុងមន្ទីរប្រឆាំងគ្រឿងញៀន នៃ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅក្នុងរាជធានីភ្នំពេញ ដើម្បីជាថ្នូរនឹងការដោះលែង ឈ្មោះ ប៉ុល ចិត្រា និង មិត្តភក្តិចំនួន ៥ នាក់ ទៀត ដែលត្រូវបានចាប់ឃាត់ខ្លួន ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន និង ត្រូវឃាត់ខ្លួនបណ្តោះអាសន្ន នៅឯ ក្រសួងមហាផ្ទៃ។

ចំពោះ លុយនោះ គឺ បានមក ពីការយក ពីយកប្លង់ដី ទៅបញ្ចាំគេ ដោយមានការប្រាក់ ចំនួន ៥ % នៅក្នុង១ ខែ។

ពួកគេបាននិយាយទៀតថា: ការលុយ ១០ ម៉ឺនដុល្លារទៅ ឱ្យ មន្ត្រីនគរបាលប្រឆាំងគ្រឿងញៀននេះ គឺត្រូវបានធ្វើឡើង តាមការទាមទារ និង យល់ព្រម អំពីសំណាក់មន្រ្តីនគរបាលប្រឆាំងគ្រឿងញៀន ផងដែរ ដែល បានអះអាងប្រាប់ពួកគេថា ពួកគេនឹងដោះលែង មនុស្សទាំង៦ នាក់ ការឃាត់ខ្លួន នៅពេលដែល ទទួលបានលុយ ១០ ម៉ឺនដុល្លារនោះ។

ក៏ប៉ុន្តែ លោកវរសេនីយ៍ឯក ជា ចំរ៉ុង បានថ្លែងប្រាប់សវនាការថា ការដែលលោកបានសម្រេច ទទួលយក លុយ ពី ជនជាប់ចោទ នៅពេលនោះ គឺត្រូវបាន ឆ្លងកាត់យោបល់ ការណែនាំ និង មានការបញ្ជាយ៉ាងច្បាស់លាស់ អំពីថ្នាក់លើ នៅមន្ទីរប្រឆាំងគ្រឿងញៀន និង នៅអគ្គស្នងការដ្ឋាននគរបាលជាតិផងដែរ ព្រមទាំងបាន ការរាយការណ៍ និង សហការជាមួយ អង្គភាពប្រឆាំងអំពើពុករលួយ ទៀតផង។

តុលាការរាជធានីភ្នំពេញ នឹងប្រកាសសាលក្រម លើសំណុំរឿងក្តីនេះ នៅព្រឹកថ្ងៃទី ១១ ខែតុលា ខាងមុខនេះ៕

ដោយ: លីហ្សា

To Top