ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអ៊ីរ៉ង់៖ ការជ្រៀតជ្រែកពីបរទេស ធ្វើឲ្យបញ្ហាក្នុងតំបន់កាន់តែធ្ងន់ធ្ងរឡើង

តេអេរ៉ង់ ៖ ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា ប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi បានឲ្យដឹងថា ការជ្រៀតជ្រែករបស់មហាអំណាច បរទេសនៅក្នុងតំបន់ អាស៊ីខាងលិច គ្រាន់តែបន្ថែមបញ្ហា ដែលមានស្រាប់ប៉ុណ្ណោះ ។

លោក Raisi បានធ្វើការកត់សម្គាល់នៅពេលត្រឡប់មកពីកិច្ចប្រជុំកំពូលលើកទី៦ នៃសន្និសីទស្តីពីអន្តរកម្ម និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) នៅទីក្រុង Astana រដ្ឋធានីនៃប្រទេសកាហ្សាក់ស្ថាន។

លោកបានលើកឡើងថា ការជ្រៀតជ្រែក របស់បរទេសបរាជ័យក្នុងការដោះស្រាយបញ្ហាក្នុងតំបន់ ដោយចាត់ទុក CICA ថាជាយន្តការដ៏សំខាន់សម្រាប់ ការបង្រួបបង្រួម កិច្ចសហប្រតិបត្តិការ និងសន្តិសុខ កាន់តែច្រើននៅក្នុងទ្វីប។

ងាកទៅការពង្រីកទំនាក់ទំនងទ្វេភាគី ជាមួយកាហ្សាក់ស្ថាន ប្រធានាធិបតីអ៊ីរ៉ង់បានលើកឡើងថា ដំណើរកម្សាន្តខែមិថុនារបស់ប្រធានាធិបតីកាហ្សាក់ស្ថាន លោក Kassym-Jomart Tokaev ទៅកាន់ ប្រទេសអ៊ីរ៉ង់ ក៏ដូចជាការចូលរួម របស់ភាគីទាំងពីរ នៅក្នុងកិច្ចប្រជុំថ្នាក់តំបន់បានជួយពង្រឹង កិច្ចសហប្រតិបត្តិការរបស់ពួកគេ។

លោក Raisi បានកត់សម្គាល់ថា ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុង Astana ភាគីទាំងពីរបានកំណត់គោលដៅ ពាណិជ្ជកម្មប្រចាំឆ្នាំចំនួន ៣ ពាន់លានដុល្លារអាមេរិក ហើយបានពិភាក្សាអំពីការផ្លាស់ប្តូរថាមពល និងការផ្លាស់ប្តូរប្រេងដែលអាចធ្វើទៅបាន៕

ប្រែសម្រួល ឈូក បូរ៉ា

To Top