អ៊ុយក្រែន ៖ ទូរស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២២ថា កាលពីថ្ងៃសុក្រ កងកម្លាំង របស់ប្រទេសអ៊ុយក្រែន បានប្រើប្រាស់អាវុធ ដែលបាញ់ទៅលើគោលដៅ នៃតំបន់របស់រុស្ស៊ី ដែលខ្លួនដណ្តើមបាន នៅជិតទីក្រុងសំខាន់ នៃ Bakhmut ស្ថិតនៅភាគខាងកើត ខណៈដែលការប្រយុទ្ធ បានអូសបន្លាយនៅក្នុងតំបន់ ដែលទីក្រុងម៉ូស្គូ កំពុងព្យាយាមយ៉ាងខ្លាំង ក្នុងការដណ្តើមយកវិញ ។
កងកម្លាំងរុស្ស៊ី បានបើកការវាយប្រហារម្តងហើយម្តងទៀត ប្រឆាំងនឹងក្រុង Bakhmut និងនៅក្បែរ Avdiivka ក្នុងតំបន់ Donetsk ប៉ុន្តែកំពុងត្រូវបានបណ្តេញ ចេញមកវិញជាមួយ នឹងអ្វីដែល ក្រុងគៀវ បានលើកឡើងថា ជាការខាតបង់យ៉ាងធ្ងន់ធ្ងរ ។
“កាលពីសប្តាហ៍មុនមាន ការប្រយុទ្ធគ្នាយ៉ាងខ្លាំង … មានពួកគេជាច្រើន សំដៅលើ (រុស្ស៊ី) ទាំងមនុស្ស និងឧបករណ៍” ទាហានម្នាក់ដែលប្រាប់ឈ្មោះត្រឹមតែ Moriak ពាក្យជាភាសា របស់អ៊ុយក្រែនសម្រាប់នាវិក បានបញ្ជាក់ដូច្នេះ ។
អ្នកកាសែតទីភ្នាក់ងារព័ត៌មាន Reuters បានឃើញរថក្រោះ T-80 របស់រុស្ស៊ីដែលចាប់បាន និង កាំភ្លើងត្បាល់បាញ់ដោយខ្លួនឯង 2S23 Nona SVK ដែលឥឡូវនេះត្រូវបានគ្រប់គ្រង ដោយក្រុមនាវិកអ៊ុយក្រែន ដោយបានបាញ់ទៅលើគោលដៅ នៅខាងក្រៅក្រុង Bakhmut ។
យោធាអ៊ុយក្រែនឲ្យដឹងថា រថក្រោះទាំង២ត្រូវបានចាប់ឃាត់កាលពីខែមីនា ហើយត្រូវចំណាយ ពេលជាច្រើនខែដើម្បីធ្វើការជួសជុល ។ រថក្រោះកង់៨ Nona ដែលបានបញ្ជាដោយ Moriak មានកាំភ្លើងត្បាល់១២០មីលីម៉ែត្រ ដែលអាចបាញ់បានអតិបរមា១០ជុំក្នុង១នាទី ។
គាត់បានលើកឡើងថា “ពួកគេបានចាកចេញ ពីយើងនូវអំណោយនេះ ហើយវាមានតម្លៃខ្ពស់ ខ្ពស់ណាស់ (ភាពជាក់លាក់) ហើយឥឡូវនេះ វាមានប្រសិទ្ធភាពប្រឆាំង នឹងពួកគេ វាជួយយើងបណ្តេញ ពួកគេចេញ” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា