ព័ត៌មានអន្តរជាតិ

ចិន​រិះគន់​អាមេរិក ក្នុងការដាក់​សម្ពាធ ​អ្នក​ដទៃ ​ឲ្យ​ចូល​រួម​ក្នុង​ការ ​រារាំង​បច្ចេកវិទ្យា

ប៉េកាំង ៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បានរិះគន់ផែនការ របស់សហរដ្ឋអាមេរិក ក្នុងការដាក់សម្ពាធលើប្រទេសជប៉ុន និងហូឡង់ ឱ្យចូលរួមជាមួយវា ដើម្បីរារាំងលំហូរ នៃបច្ចេកវិទ្យាបន្ទះឈីបកម្រិតខ្ពស់ ទៅកាន់ប្រទេសចិន។

លោក Zhao បាន​ប្រាប់​សន្និសីទ​ព័ត៌មាន ​ប្រចាំ​ថ្ងៃនៅ​ពេល​សួរ ដើម្បី​ធ្វើ​អត្ថាធិប្បាយ ​អំពី​ចំណាត់ការ ​របស់​សហរដ្ឋ​អាមេរិក​ថា “នេះ​មិន​មែន​ជា​វិធី​ដែល​ប្រទេស​ធំ​បើក​ចំហ និង​ស្មោះត្រង់​នឹង​ប្រព្រឹត្ត​នោះ​ទេ” ។

លោកបានលើកឡើងថា ប៉ុន្តែបន្ទាប់មកទៀត មិនមានអ្វីថ្មីអំពីវិធី ដែលសហរដ្ឋអាមេរិក រំលោភអំណាចរដ្ឋ និង អត្ថប្រយោជន៍បច្ចេកវិទ្យា ហើយបង្ខិតបង្ខំសម្ព័ន្ធមិត្ត របស់ខ្លួនក្នុងសេដ្ឋកិច្ច ដើម្បីបន្តអំណាចអនុត្តរភាព និងផលប្រយោជន៍អាត្មានិយម ។

លោក Zhao បានបន្ដថា សហរដ្ឋអាមេរិក បន្តធ្វើនយោបាយ លើបញ្ហាបច្ចេកវិទ្យា និងពាណិជ្ជកម្ម ដោយបង្វែរវាទៅជាឧបករណ៍មួយ ហើយផ្អែកលើមនោគមវិជ្ជា នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោកបានបន្ថែមថា “ពិភពលោកមើលឃើញ យ៉ាងច្បាស់នូវអ្វី ដែលសហរដ្ឋអាមេរិកកំពុងធ្វើ។ នរណាម្នាក់ដែលព្យាយាមរារាំង ផ្លូវរបស់អ្នកដទៃនឹងមានតែផ្លូវ ផ្ទាល់ខ្លួនរបស់លោកប៉ុណ្ណោះ ដែលត្រូវបានរារាំង” ។

លោកបានអំពាវនាវ ឱ្យភាគីពាក់ព័ន្ធ ប្រកាន់យកនូវគោលជំហរ ប្រកបដោយគោលបំណង និងយុត្តិធម៌ ដោយគិតគូរពីផល ប្រយោជន៍ រយៈពេលវែងរបស់ពួកគេ និងផលប្រយោជន៍ជាមូលដ្ឋាន របស់សហគមន៍អន្តរជាតិ ហើយឈានទៅ ដល់ការសន្និដ្ឋានត្រឹមត្រូវ និងឯករាជ្យ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top