Feature

សម្តេចធិបតី និងអង្គការ SCO បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ក្នុងវិស័យទេសចរណ៍ និងសន្តិសុខ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក Nurlan Yermekbayev អគ្គលេខាធិការនៃអង្គការសហប្រតិបត្តិការសៀងហៃ (SCO) បានពិភាក្សាលើការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ក្នុងវិស័យទេសចរណ៍ និងវិស័យសន្តិសុខ ខណៈវិស័យនេះមានសារៈសំខាន់ខ្លាំង ដែលទាមទារឱ្យមានកិច្ចសហការគ្នាយ៉ាងជិតស្និទ្ធ ។

ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូល​ រំឭកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី ខួបអនុស្សាវរីយ៍លើកទី៣៥ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី នៅទីក្រុងកាហ្សាន សហព័ន្ធរុស្ស៊ី សម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ បានជួបពិភាក្សាការងារជាមួយ លោក Nurlan Yermekbayev អគ្គលេខាធិការនៃអង្គការសហប្រតិបត្តិការសៀងហៃ (SCO) ។

ក្នុងឱកាសនេះ លោកអគ្គលេខាធិការនៃអង្គការ SCO ពេញចិត្ត​ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគី ដ៏ជិតស្និទ្ធរវាងអង្គការ SCO​ និងកម្ពុជា លើវិស័យជាច្រើន​ នាពេលកន្លងមក។ លោកក៏បានរំឭក អំពីការបញ្ជូនក្រុមអ្នកសង្កេតការណ៍បោះឆ្នោត SCO មកចូលរួម ក្នុងការសង្កេតការណ៍បោះឆ្នោត នៅកម្ពុជា កាលពីឆ្នាំ២០២៣។

ក្នុងនោះ សម្ដេចធិបតី នាយករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏ល្អប្រសើររវាងកម្ពុជា និងអង្គការ SCO នាពេលកន្លងមក ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​ ចំពោះអង្គការ SCO ដែលបានបញ្ជូនអ្នកសង្កេតការណ៍បោះឆ្នោត​ ចូលរួមយ៉ាងសកម្ម ក្នុងការសង្កេតការណ៍បោះឆ្នោតនៅកម្ពុជា នាពេលកន្លងមក។

សម្តេចធិបតី បានគូសបញ្ជាក់ថា វត្តមានរបស់អ្នកសង្កេតការណ៍បោះឆ្នោតSCO ពិតជាមានសារៈសំខាន់ណាស់ ក្នុងការឆ្លុះបញ្ចាំងអំពីភាពត្រឹមត្រូវ, យុត្តិធម៌, តម្លាភាព និងភាពរស់រវើកនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ក្នុងន័យនេះ, សម្តេចធិបតី​ ជឿជាក់ថា​ អង្គការ SCO នឹងបន្តបញ្ជូនក្រុមអ្នកសង្កេតការណ៍បោះឆ្នោត​ មកចូលរួមសង្កេតការណ៍បោះឆ្នោតនៅកម្ពុជា​ សម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ/សង្កាត់ ក្នុងឆ្នាំ២០២៧ និងការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ ក្នុងឆ្នាំ២០២៨ ខាងមុខ។

សម្តេចធិបតី និង​ លោកអគ្គលេខាធិការ ក៏បានពិភាក្សាលើការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ក្នុងវិស័យទេសចរណ៍ និងវិស័យសន្តិសុខ។ ពាក់ព័ន្ធនឹងវិស័យទេសចរណ៍, ឯកឧត្ដមអគ្គលេខាធិការ បានជម្រាបជូនសម្តេចធិបតីថា អង្គការ SCO នឹងរៀបចំព្រឹត្តិការណ៍ទេសចរណ៍មួយ នៅខេត្តហៃណាន ប្រទេសចិន នាពេលខាងមុខ ហើយអង្គការ SCO នឹងអញ្ជើញកម្ពុជា ចូលរួមក្នុងព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ។ តាមរយៈការចូលរួមក្នុងព្រឹត្តិការណ៍នេះ, កម្ពុជា នឹងអាចបង្ហាញពីសក្តានុពល និងកាលានុវត្តភាពវិនិយោគ ដ៏សម្បូរបែបរបស់ខ្លួន ទៅកាន់គណៈប្រតិភូជាន់ខ្ពស់ តំណាងរដ្ឋាភិបាល, វិស័យឯកជន និងអង្គការអន្តរជាតិជាច្រើន ដែលអញ្ជើញមកពីបណ្តាប្រទេសនានា។

ក្នុងវិស័យសន្តិសុខ, សម្ដេចធិបតី បានគូសបញ្ជាក់ថា វិស័យនេះមានសារៈសំខាន់ខ្លាំង ដែលទាមទារឱ្យមានកិច្ចសហការគ្នាយ៉ាងជិតស្និទ្ធ។ ក្នុងន័យនេះ, អង្គការ SCO បានស្វែងយល់ច្បាស់ពីតម្រូវការចាំបាច់ទាំងនេះ ហើយអង្គការ SCO ក៏មានក្រុមការងារជំនាញលើការងារសន្តិសុខ, ការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន, ការជួញដូរមនុស្ស និងបទល្មើសបច្ចេកវិទ្យា (Cybercrime) ផងដែរ។ អាស្រ័យហេតុនេះ, ការផ្លាស់ប្តូរព័ត៌មាន និងការចែករំលែកបទពិសោធទៅវិញទៅមក នឹងអាចជួយពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យសន្តិសុខនេះ ឱ្យកាន់តែមានប្រសិទ្ធភាព និងរឹងមាំបន្ថែមទៀត៕

To Top