ព័ត៌មានជាតិ

កម្ពុជា មានបំណងផ្សារភ្ជាប់ ខ្សែច្រវាក់ផលិតកម្មយានយន្ត និងអេឡិចត្រូនិក តាមរយៈការបង្កើតយុទ្ធសាស្ត្រ ប្រទេសបូក

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងថា កម្ពុជា មានបំណងផ្សារភ្ជាប់ ខ្សែច្រវាក់ផលិតកម្មយានយន្ត និងអេឡិចត្រូនិក តាមរយៈការបង្កើតយុទ្ធសាស្ត្រប្រទេសបូក ជាពិសេស ជាមួយប្រទេសវៀតណាម ដែលជាជម្រើសទី១។

ក្នុងវេទិការជំរុញវិនិយោគ និងពាណិជ្ជកម្ម កម្ពុជា-វៀតណាម ២០២២ នាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានអបអរសាទរចំពោះមិត្តវៀតណាម ដែលបានទទួលជោគជ័យ ក្នុងការទាក់ទាញវិនិយោគបរទេស នាពេលកន្លងមក ដើម្បីជំរុញការអភិវឌ្ឍវិស័យអេឡិចត្រូនិករបស់ខ្លួនជាលំដាប់ ដោយបានទាក់ទាញវិនិយោគ ពីក្រុមហ៊ុនបរទេសធំៗ ដូចជា៖ ក្រុមហ៊ុនសាំសុង (SAMSUNG), និងក្រុមហ៊ុនហ្វក់ខន់ (FOXCONN) ដែលផលិតផលិតផលនានា ផ្គត់ផ្គង់ឱ្យក្រុមហ៊ុនអេបផល (APPLE) រួមទាំង ផលិតផលនាឡិកាដៃឆ្លាតវៃ ដែលប្រើបច្ចេកវិទ្យា និងជំនាញខ្ពស់។

សម្ដេចតេជោ បានបញ្ជាក់យ៉ាងដូច្នេះថា «កម្ពុជា មានបំណងផ្សារភ្ជាប់ខ្សែ ច្រវាក់ផលិតកម្មយានយន្ត និងអេឡិចត្រូនិក តាមរយៈការបង្កើតយុទ្ធសាស្ត្រប្រទេសបូក ជាពិសេស ជាមួយប្រទេសវៀតណាម ដែលជាជម្រើសទី១ របស់វិនិយោគិនបរទេសនៃវិស័យទាំងពីរក្នុងការផ្លាស់ប្តូរ ទីតាំងផលិតកម្ម»។

ក្នុងន័យនេះ សម្ដេចតេជោ បាន​បង្ហាញក្តីសង្ឃឹមថា កម្ពុជានឹងទទួលបានគម្រោងវិនិយោគគាំទ្រ ដល់ការផ្គត់ផ្គង់ ខ្សែច្រវាក់ផលិតកម្មក្នុងវិស័យទាំងពីរ ពិសេសវិស័យអេឡិចត្រូនិក សម្រាប់ប្រទេសវៀតណាម។

សម្ដេចតេជោ នាយករដ្ឋមន្ដ្រី បានឱ្យដឹងថា រដ្ឋាភិបាល កម្ពុជា-វៀតណាម បាននិងកំពុងខិតខំប្រឹងប្រែងបង្កើន និងពង្រឹងកិច្ចសហប្រតិបត្តិការ ទ្វេភាគី ដោយបន្តរៀបចំ និងពង្រឹងហេដ្ឋារចនាសម្ព័ន្ធទាំងផ្នែកទន់ និងផ្នែករឹង ឱ្យកាន់តែមានភាពរលូន និងល្អប្រសើរជាងមុន ដើម្បីជំរុញកំណើនរហូរពាណិជ្ជកម្ម និងវិនិយោគ រហូតឈានដល់ការចុះ ហត្ថលេខាបន្ថែមទៀតលើកិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំដែនកម្ពុជា-វៀតណាម និងអនុស្សរណៈ យោគយល់គ្នា ស្តីពីការបង្កើនចំនួនកូតាប្រភេទ និងបរិមាណនៃយានយន្តពាណិជ្ជកម្ម ដែល នាយករដ្ឋមន្ដ្រី កម្ពុជា-វៀតណាម បានធ្វើជាអធិបតីកាលពីព្រឹកមិញនេះផងដែរ៕

To Top