ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីប៉ូឡូញ កោះប្រជុំបន្ទាន់ គណៈកម្មាធិការសន្តិសុខ និងការពារជាតិ ក្រោយមានការវាយប្រហារដោយមីស៊ីល នៅព្រំដែនជាមួយអ៊ុយក្រែន

បរទេស៖ នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Mateusz Morawiecki បានកោះប្រជុំបន្ទាន់មួយ នៃគណៈកម្មាធិការសន្តិសុខ និងការពារជាតិរបស់រដ្ឋាភិបាល ចំពេលមានសេចក្តីរាយការណ៍ អំពីការវាយប្រហារដ៏ធ្ងន់ធ្ងរនៅជិតព្រំដែន របស់ប្រទេស ជាមួយប្រទេសអ៊ុយក្រែន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា ប្រទេសប៉ូឡូញត្រូវបានគេយល់ថា បានបញ្ចេញយន្តហោះចម្បាំង បន្ទាប់ពីមានរបាយការណ៍ថា មនុស្សពីរនាក់ត្រូវបានសម្លាប់នៅក្នុង “ការផ្ទុះ” ដែលត្រូវបានចោទប្រកាន់ថា បណ្តាលមកពីការវាយប្រហារដោយមីស៊ីល។ របាយការណ៍ពីសារព័ត៌មាន Visegrad 24 រាយការណ៍ថា យោធាប៉ូឡូញ និងរដ្ឋអាជ្ញា គឺបានទៅដល់កន្លែងកើតហេតុនៃការផ្ទុះនោះ។

ប៉ុស្តិ៍តេឡេក្រាម Mash របស់រុស្ស៊ីបានផ្សាយរូបថតមួយសន្លឹក ដែលខ្លួនបាននិយាយថា ជាបំណែកនៃមីស៊ីលប្រព័ន្ធការពារមីស៊ីល S-300។ គ្រឿងបរិក្ខារសម័យសូវៀតនេះ ត្រូវបានប្រើប្រាស់ដោយអ៊ុយក្រែន។

ទន្ទឹមនឹងនេះ ប្រភពផ្សេងទៀតបានចង្អុលមុខទៅប្រទេសរុស្ស៊ី។ ទីក្រុងមូស្គូបានបាញ់មីស៊ីលរាប់សិបគ្រាប់ ទៅកាន់អ៊ុយក្រែន កាលពីព្រឹកថ្ងៃពុធ។

មុននេះ ប្រព័ន្ធផ្សព្វផ្សាយប៉ូឡូញបានរាយការណ៍ថា ការបំផ្ទុះបានធ្វើឱ្យរង្គើទីក្រុង Przewodow ដែលមានទីតាំងនៅតំបន់ Lublin មិនឆ្ងាយពីព្រំដែនជាមួយអ៊ុយក្រែន។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា រោងចក្រសម្ងួតគ្រាប់ធញ្ញជាតិមួយ ត្រូវបានគេរាយការណ៍ថា បានវាយប្រហារដោយសម្លាប់មនុស្ស យ៉ាងតិចពីរនាក់៕​ ប្រែសម្រួលៈ ណៃ តុលា

To Top