ព័ត៌មានអន្តរជាតិ

កងទ័ពអ៊ុយក្រែន ចាប់ផ្តើមបាញ់ផ្លោងដោយកាំភ្លើងធំ ដាក់ទីក្រុងក្នុងតំបន់ Donetsk

បរទេស៖ យោធាអ៊ុយក្រែនបានកំណត់ គោលដៅលើតំបន់លំនៅដ្ឋាន នៃទីក្រុង Donetsk ជាមួយការបាញ់នឹងកាំភ្លើងធំ យ៉ាងខ្លាំងក្លាកាលពីល្ងាចថ្ងៃពុធ ដោយគ្រាប់ផ្លោងត្រូវបានគេរាយការណ៍ថា បានវាយប្រហារសង្កាត់ ជាច្រើននៃទីក្រុង។ យោងតាមក្រុមអ្នកសង្កេតការណ៍ ក្នុងតំបន់បានឱ្យដឹងថា យ៉ាងហោចណាស់គ្រាប់ផ្លោង ១៥៥ មីលីម៉ែត្រចំនួន ១០គ្រាប់ ត្រូវបានបាញ់ចេញពីជាយក្រុង ដែលគ្រប់គ្រងដោយអ៊ុយក្រែន នៅម៉ោងប្រហែល ១១ និង៣០នាទី យប់។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា អ្នកឆ្លើយឆ្លងរបស់ព័ត៌មាន RIA Novosti បានបញ្ជាក់អំពីការលឺការផ្ទុះ បីដាច់ដោយឡែកពីគ្នា នៅក្នុងតំបន់ផ្សេងគ្នានៃ Donetsk ។ វីដេអូដែលថតដោយសាក្សី ដែលឃើញផ្ទាល់ភ្នែកបាន ចាប់យកសំឡេងនៃការផ្ទុះ ខណៈដែលរូបភាពពីកន្លែងកើតហេតុ បានចែករំលែកនៅលើ ប្រព័ន្ធផ្សព្វផ្សាយសង្គម បានបង្ហាញឱ្យឃើញផ្ទះ និងរថយន្តជាច្រើនបានរងការខូចខាត ក្នុងអំឡុងពេលការវាយប្រហារនោះ ។

រហូតមកដល់ពេលនេះ មិនទាន់មានព័ត៌មាន ស្តីពីការស្លាប់និងរបួស ដែលអាចកើតមានក្នុងចំណោម ជនស៊ីវិលនោះទេ។

ការវាយប្រហារនេះបានធ្វើឡើង បន្ទាប់ពីការវាយប្រហារ ដោយកាំភ្លើងធំតូចៗជាច្រើន កាលពីមុន ហើយបានកើតឡើងភ្លាមៗ មុនពេលសម័យប្រជុំវិសាមញ្ញនៃ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្នុងអំឡុងពេលដែល ប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky បានចោទប្រកាន់ប្រទេសរុស្ស៊ីថាជា “រដ្ឋភេរវកម្ម” សម្រាប់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធ ថាមពលរបស់អ៊ុយក្រែន ៕

ប្រែសម្រួលៈ ណៃ តុលា

To Top