ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ បញ្ជាក់ពីការត្រៀមខ្លួន ដើម្បីចាត់វិធានការចុងក្រោយ សម្រាប់កិច្ចព្រមព្រៀង នុយក្លេអ៊ែរ ប្រសិនបើបន្ទាត់ក្រហមត្រូវបានគោរព

តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Hossein Amir-Abdollahian បានឲ្យដឹងថា ប្រសិនបើបន្ទាត់ក្រហមនៃសាធារណរដ្ឋអ៊ីស្លាមត្រូវបានគោរពនោះ អ៊ីរ៉ង់បានត្រៀមខ្លួនជាស្រេច ដើម្បីចាត់វិធានការចុងក្រោយ ដើម្បីឈានដល់កិច្ចព្រមព្រៀងស្តីពីការរស់ឡើងវិញនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ។

លោកបានលើកឡើងថា មានឱកាសមួយ ដើម្បីពិភាក្សាអំពីបញ្ហាទាក់ទងនឹងការដកទណ្ឌកម្មប្រឆាំងអ៊ីរ៉ង់ជាមួយប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុបលោក Josep Borrell និងអ្នកសម្របសម្រួលសហភាពអឺរ៉ុបសម្រាប់កិច្ចចរចានុយក្លេអ៊ែរលោក Enrique Mora ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសហ្ស៊កដានី នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន IRNA ផ្លូវការ។

លោក Amir-Abdollahian បានប្រាប់អ្នកយកព័ត៌មានថា “ការយល់ដឹងរបស់យើង គឺថាភាគី (ចំពោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរ) កំពុងវិលទៅរកភាពប្រាកដនិយម ហើយយើងក៏បានប្រកាសថា ប្រសិនបើបន្ទាត់ក្រហមរបស់យើងត្រូវបានគោរព នោះយើងត្រៀមខ្លួនជាស្រេច ដើម្បីចាត់វិធានការចុងក្រោយ ដើម្បីឈានដល់កិច្ចព្រមព្រៀងមួយ” ។ ចុងបញ្ចប់នៃដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុង Amman ជាកន្លែងដែលលោកបានចូលរួមសន្និសីទក្រុងបាកដាដ សម្រាប់កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ។

លោកបានបន្ដថា ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ សហរដ្ឋអាមេរិក បានប្រកាសម្តងហើយម្តងទៀតនូវចំណូលចិត្តរបស់ខ្លួនសម្រាប់ជំហានចុងក្រោយរបស់ភាគីទាំងអស់ សម្រាប់ការវិលត្រឡប់ទៅកាន់ផែនការសកម្មភាពទូលំទូលាយរួម (JCPOA) ប៉ុន្តែពួកគេបានប្រព្រឹត្ត “ការលាក់ពុតនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ” ។

ក្នុងជំនួបជាមួយ លោក Borrell និងលោក Mora ភាគីអ៊ីរ៉ង់បាននិយាយអំពីបញ្ហាទាំងអស់នេះ ហើយបានសង្កត់ធ្ងន់ថា “ប្រសិនបើសហរដ្ឋអាមេរិកទាមទារឱ្យមានការតាមដានការទូត (នៃកិច្ចពិភាក្សានៅទីក្រុងវីយែន) ជាការពិត ពួកគេមិនអាចធ្វើមធ្យោបាយផ្សេងទៀតដោយប្រើប្រព័ន្ធផ្សព្វផ្សាយ សម្រាប់ការទាញយកសម្បទាន” ពីអ៊ីរ៉ង់ឡើយ។

ប្រទេសអ៊ីរ៉ង់បានចុះហត្ថលេខាលើ JCPOA ជាមួយមហាអំណាចពិភពលោកកាលពីខែកក្កដា ឆ្នាំ២០១៥ ដោយយល់ព្រមដាក់ការទប់ស្កាត់មួយចំនួនលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនជាថ្នូរនឹងការដកទណ្ឌកម្មលើប្រទេសនេះ។

ទោះជាយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិកបានដកខ្លួនចេញពីកិច្ចព្រមព្រៀងកាលពីខែឧសភា ឆ្នាំ២០១៨ ហើយបានដាក់ទណ្ឌកម្មឯកតោភាគីរបស់ខ្លួនឡើងវិញលើទីក្រុងតេអេរ៉ង់ ដែលជំរុញឱ្យភាគីចុងក្រោយកាត់បន្ថយការប្តេជ្ញាចិត្តនុយក្លេអ៊ែរមួយចំនួននៅក្រោមកិច្ចព្រមព្រៀងនេះ៕ប្រែសម្រួល ឈូក បូរ៉ា

To Top