ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ បង្កើនការផលិតប្រេងរហូតដល់ ៣លានបារ៉ែល ក្នុងមួយថ្ងៃ

តេអេរ៉ង់៖ រដ្ឋមន្ត្រីប្រេងអ៊ីរ៉ង់លោក Javad Owji បានឲ្យដឹងថា ទិន្នផលប្រេងឆៅរបស់ប្រទេសរបស់លោកត្រូវបានកើនឡើង ២០០០០០បារ៉ែលក្នុងមួយថ្ងៃ សរុបដល់ជិត ៣លានបារ៉ែលក្នុងមួយថ្ងៃ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់អ៊ីរ៉ង់ IRNA បានដកស្រង់សម្តីលោក Owji ដែលបានឲ្យដឹងនៅក្រៅកិច្ចប្រជុំគណៈរដ្ឋមន្ត្រីមួយថា ក្រសួងប្រេងក៏មានគម្រោងធ្វើឱ្យប្រសើរឡើងនូវគុណភាពនៃប្រេងឥន្ធនៈ ដែលផលិតនៅក្នុងរោងចក្រចម្រាញ់ប្រេងរបស់ប្រទេសនេះ។

លោកបានបន្ថែមថា រោងចក្រចម្រាញ់ប្រេង Isfahan នៅកណ្តាលប្រទេសអ៊ីរ៉ង់ នឹងផលិតប្រេងម៉ាស៊ូតចំនួន ១៥លានលីត្រនៃប្រេងម៉ាស៊ូតអឺរ៉ូ៥ ក្នុងមួយថ្ងៃ ក្នុងដំណាក់កាលដំបូង។

លោកបានកត់សម្គាល់ថាគម្រោងពីរផ្សេងទៀតដើម្បីផលិតឥន្ធនៈស្តង់ដារអឺរ៉ូ៥ នឹងត្រូវបានដាក់ឱ្យដំណើរការក្នុងពេលឆាប់ៗនេះនៅក្នុងរោងចក្រចម្រាញ់ប្រេងនៅភាគនិរតី Abadan និងភាគពាយ័ព្យ Tabriz ។

កាលពីថ្ងៃទី០៩ ខែវិច្ឆិកា លោក Mohsen Khojasteh-Mehr នាយកគ្រប់គ្រងក្រុមហ៊ុនប្រេងជាតិអ៊ីរ៉ង់បានឲ្យដឹងថា អ៊ីរ៉ង់កំពុងស្ថិតក្នុង “ការចរចារខ្លាំង” ជាមួយអតិថិជនចាស់ និងថ្មី ដើម្បីបង្កើនការនាំចេញប្រេងរបស់ខ្លួន។

ចាប់តាំងពីទីក្រុងវ៉ាស៊ីនតោនបានដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ ដែលត្រូវបានគេស្គាល់ជាផ្លូវការថាជាផែនការសកម្មភាពទូលំទូលាយរួមនៅក្នុងខែឧសភា ឆ្នាំ២០១៨ អ៊ីរ៉ង់បានស្ថិតនៅក្រោមការដាក់ទណ្ឌកម្មឯកតោភាគីរបស់សហរដ្ឋអាមេរិក ដែលផ្តោតជាសំខាន់លើវិស័យប្រេង និងធនាគាររបស់ប្រទេស៕ប្រែសម្រួល ឈូក បូរ៉ា

To Top