ភ្នំពេញ៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២នេះ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ កងកម្លាំងប្រដាប់អាវុធ ដែលឈរជើង នៅតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ ក្នុងភូមិសាស្ត្រឃុំថ្មដា ស្រុកវាលវែង ដែលក្នុងនោះមាន កងកម្លាំងអនុសេនាធំលេខ១, កងកម្លាំងវរៈការពារព្រំដែនលេខ៥០១, កងកម្លាំងវរៈសេនាតូចលេខ១ និងកងកម្លាំងនគរបាលការពារព្រំដែនគោកលេខ៨២៥។
ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលនេះ លោក ខូយ រីដា ក៏បានពាំនាំនូវសម្ភារៈស្បៀង និងថវិកាមួយចំនួន សម្រាប់ឧបត្ថមដល់គ្រប់អង្គភាពផងដែរ ដែលក្នុងនោះរួមមាន៖
*កងកម្លាំងអនុសេនាធំលេខ១៖ អង្ករ១តោន មី៥០កេះ ស្រាបៀរ៥០កេះ ទឹកត្រី២៥យួរ ទឹកស៊ីអ៊ី២៥យួរ អាវរងា៤០អាវ ប្រហុក១ស្ពេត្រូ ត្រីងៀតមួយស្បោង ថវិកា៤លានរៀល ស័ង្កសី១៥០សន្លឹក ធុងទឹក២០០០លីត្រចំនួន៤ ដោះស្រាយសាលារៀនជូនកូនៗកងទ័ព និងពិនិត្យលទ្ធភាពរកដីធ្លីអាស្រ័យផលជូនគ្រួសារកងទ័ពដែលខ្វះខាត។
*កងកម្លាំងវរៈការពារព្រំដែនលេខ៥០១៖ អង្ករ២តោន មី១០០កេះ ស្រាបៀរ១០០កេះ ទឹកត្រី៥០យួរ ទឹកស៊ីអ៊ីវ៥០យួរ អាវរងា១៤៤អាវ ប្រហុក៥០គីឡូ ត្រីងៀតមួយការ៉ុង និងថវិកា៦លានរៀល។
*កងកម្លាំងវរៈសេនាតូចលេខ១៖ អង្ករ២តោន ស្រាបៀរ១០០កេះ មី១០០កេះ ទឹកត្រី៥០យួរ ទឹកស៊ីអ៊ីវ៥០យួរ ប្រហុក៥០គីឡូ ត្រីងៀត៥០គីឡូ អាវរងាមួយចំនួន ស័ង្កសី២០០សន្លឹក ក្បឿង២០០សន្លឹក និងការពិនិត្យលទ្ធភាពសម្រាប់គ្រួសារកងទ័ព ដែលមិនមានដីធ្លីពិតប្រាកដ។
*កងកម្លាំងនគរបាលការពារព្រំដែនគោកលេខ៨២៥៖ អង្ករ២តោន មី១០០កេះ ស្រាបៀរ១០០កេះ ទឹកត្រី៥០យួរ ទឹកស៊ីអ៊ីវ៥០យួរ អាវរងាមួយចំនួន ប្រហុក៥០គីឡូក្រាម ត្រីងៀត១ការ៉ុង ថវិកា៦លានរៀល ព្រមទាំងពិនិត្យលទ្ធភាព គ្រួសារកងកម្លាំង ដែលអត់ដីពិតប្រាកដ ដើម្បីសម្រួលការរស់នៅ របស់ពួកគាត់។
បន្ថែមលើសពីនេះ លោក ខូយ រីដា បានលើកទឹកចិត្តដល់បងប្អូនវីរកងទ័ពទាំងឡាយត្រូវប្តេជ្ញាការពារ និងរក្សាសុខសន្តិភាពជានិច្ច។
លោក ខូយ រីដា សង្កត់ធ្ងន់ថា «ស្មារតីរឹងមាំ ស្វាហាប់ ម៉ឺងម៉ាត់ ស្មោះត្រង់ និងហ៊ានពលីដើម្បីបុព្វេហេតុជាតិមាតុភូមិ ជាស្មារតីរបស់កងយោធពលខេមរភូមិន្ទ»៕