ព័ត៌មានជាតិ

អភិបាលខេត្តពោធិ៍សាត់​ ណែនាំ​មន្រ្តី​ជំនាញ ​ត្រូវ​ផ្តល់លទ្ធភាពបើកទឹក ឱ្យបានគ្រប់គ្រាន់ ជូនប្រជាកសិករ បង្កបង្កើនផលស្រូវ ស្តារឡើងវិញ

ភ្នំពេញ៖លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានណែនាំដល់ថ្នាក់ដឹកនាំមន្ទីរជំនាញ ពិសេសមន្ទីរធានធានទឹកខេត្ត ត្រូវគ្រប់គ្រង និងផ្តល់លទ្ធភាពបើកទឹក ឱ្យបានគ្រប់គ្រាន់ ជូនប្រជាពលរដ្ឋបង្កបង្កើនផលស្រូវ ស្តារឡើងវិញ ឱ្យបានចប់សព្វគ្រប់ ក្រោយពីទទួលបានស្រូវពូជ (OM) ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ។

ការណែនាំរបស់​លោក ខូយ រីដា បាន​ធ្វើ​ឡើង​ក្នុង​ឱកាស​ដែលលោកដឹកនាំមន្រ្តីជំនាញចុះពិនិត្យវឌ្ឍនភាព នៃការដាំដុះដំណាំស្រូវស្តារឡើងវិញ របស់ប្រជាកសិករភូមិរបោះរាំង ឃុំអូរតាប៉ោង, ភូមិកោះខ្ជាយ និងភូមិព្នៅ ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ ។

តាមការប៉ាន់ប្រមាណរបស់ប្រជាកសិករ បើគ្មានអ្វីប្រែប្រួល​ហេីយមានទឹកគ្រប់គ្រាន់ ទិន្នផលស្រូវដែលពួកគាត់រំពឹងទុក ក្នុង១ហិកតា អាចប្រមូលផលបានចន្លោះពី៤តោន ទៅ៧តោន ។

សូមជម្រាបជូនថា ផ្ទៃដីស្តារឡើងវិញ នៅទូទាំងស្រុកបាកាន មាន៣,៦០៣ហិកតា ស្មើនឹង២,០៧០គ្រួសារ និងកសិករទទួលស្រូវពូជបាន ២០៧តោន (ក្នុងនោះមាន ៥ឃុំ)។ សម្រាប់ឃុំអូរតាប៉ោង​ ស្រុកបាកាន​ ទទួលរងប៉ះពាល់ ចំនួន​១៥ភូមិ​ ស្មើនឹង​៨២៥គ្រួសារ​ បានស្តារឡើងវិញ​ លើផ្ទៃដី​ចំនួន១,៣២១ហិកតា។ ក្នុងនោះភូមិរបោះរាំង​ ឃុំអូរតាប៉ោង​ បានទទួលស្រូវពូជ​ ៦តោន ៨០០គីឡូក្រាម ស្មើនឹង ចំនួន​៦៨គ្រួសារ​ ស្តារឡើងវិញលើផ្ទៃដី​៨២ហិកតា។

សម្រាប់ឃុំរំលេច​ ស្រុកបាកាន​ ទទួលរងប៉ះពាល់ ចំនួន​៧ភូមិ​ ស្មើនឹង​៥៦៦គ្រួសារ​ បានស្តារឡើងវិញ​ លើផ្ទៃដី​ចំនួន៩៣៨ហិកតា។ ក្នុងនោះភូមិកោះខ្ជាយ​ ឃុំរំលេច បានទទួលស្រូវពូជ​ ៤តោន ៥០០គីឡូក្រាម ស្មើនឹង ចំនួន​៤៥គ្រួសារ​ ស្តារឡើងវិញលើផ្ទៃដី​៥៧ហិកតា និងភូមិព្នៅ​ ឃុំរំលេច បានទទួលស្រូវពូជ​ ១០តោន ស្មើនឹង ចំនួន​១០០គ្រួសារ​ ស្តារឡើងវិញលើផ្ទៃដី​៣០០ហិកតា។ ចំពោះការស្តារឡើងវិញ សរុបទូទាំងខេត្ត គឺសម្រេចបាន១០០%៕

To Top