ព័ត៌មានជាតិ

អភិបាលរាជធានីភ្នំពេញ អរគុណ អាជ្ញាធរខណ្ឌនិងគណៈកម្មការផ្សារ ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩

ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ថ្លែងអំណរគុណ ចំពោះអាជ្ញាធរខណ្ឌទាំង១៤ និងប្រធានផ្សារទាំងអស់ ដែលបានយកចិត្តទុកដាក់ និងយកអស់កម្លាំងកាយចិត្ត ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ រហូតបានបើកសេដ្ឋកិច្ចប្រទេសឱ្យដំណើរការជា ប្រក្រតីឡើងវិញ រហូតមកដល់ពេលនេះ។

ការកោតសរសើរ របស់លោកអភិបាលរាជធានីភ្នំពេញ ធ្វើឡើងក្នុងកិច្ចប្រជុំត្រួតពិនិត្យសកម្មភាពការងារ នៃការគ្រប់គ្រងផ្សាររដ្ឋ​ ក្នុងរាជធានីភ្នំពេញ នារសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ នៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួម ពីអភិបាលខណ្ឌទាំង១៤ និងប្រធានផ្សាររ ដ្ឋក្នុងរាជធានីភ្នំពេញទាំងអស់។

លោកឃួង ស្រេង មានប្រសាសន៍ថា ក្នុងតំណាក់កាលនៃការរីករាលដាលជំងឺកូវីដ-១៩ អាជ្ញាធរខណ្ឌទាំង១៤​ និងប្រធានគណៈកម្មការផ្សាររដ្ឋ ក្នុងរាជធានីភ្នំពេញទាំង បានលះបង់ទាំងកម្លាំងកាយ និងកម្លាំងចិត្ត ដោយមិនខ្វល់ថា ជាពេលយប់ឬថ្ងៃឡើយ សំខាន់ធ្វើយ៉ាងណាឲ្យបងប្អូនប្រជាពលរដ្ឋ អាជីវករបានឆ្លងផុតពីជំងឺដ៏កាចសាហាវនេះ ។ អ្វីដែលជាការខិតខំប្រឹងប្រែង មិនខ្លាចនឿយហត់ ពីសំណាក់អាជ្ញាធរ និងគណៈកម្មការផ្សារនេះ ទើបធ្វើអោយយើងអាចបើកសេដ្ឋកិច្ចប្រទេស ឲ្យដំណើរការជាប្រក្រតីឡើងវិញ។

គួរបញ្ជាក់ថា គិតមកដល់ពេលនេះ ផ្សារក្នុងរាជធានីភ្នំពេញ មានចំនួន២៥ផ្សារ ហើយក្នុងដំណាក់កាល នៃការរីករាលដាលជំងឺកូវីដ-១៩ គណៈកម្មការផ្សារ
បានដើរតួយ៉ាងសំខាន់ ក្នុងការទប់ស្កាត់ជំងឺដ៏កាចសាហាវនេះ ៕

To Top