ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ផ្លាស់ប្ដូរតំណែង​ទេសាភិបាល​ ធនាគារ​កណ្តាល ចំពេល​មាន​ការ​ធ្លាក់​ចុះ ​តម្លៃរូបិយប័ណ្ណ

តេអេរ៉ង់៖ រដ្ឋាភិបាលអ៊ីរ៉ង់ បានតែងតាំងលោក Mohammad Reza Farzin ជាទេសាភិបាលថ្មី នៃធនាគារកណ្តាលអ៊ីរ៉ង់ ជំនួសលោក Ali Salehabadi ដែលការលាលែង ពីតំណែងត្រូវបានទទួលយក ដោយគណៈរដ្ឋមន្ត្រី។

ការផ្លាស់ប្តូរនេះ ត្រូវបានគេមើលឃើញ យ៉ាងទូលំទូលាយថា ជាកិច្ចខិតខំប្រឹងប្រែងចុងក្រោយបង្អស់ របស់អ៊ីរ៉ង់ ក្នុងការទប់ស្កាត់ការធ្លាក់ចុះ នៃតម្លៃរូបិយប័ណ្ណ របស់ខ្លួន ធៀបនឹងរូបិយប័ណ្ណបរទេស សំខាន់ៗ ក្នុងសប្តាហ៍កន្លងមក។ ប្រាក់ដុល្លារអាមេរិក ត្រូវបានលក់ក្នុងតម្លៃ ៤៣ម៉ឺន រៀលអ៊ីរ៉ង់កាលពីថ្ងៃព្រហស្បតិ៍ ដោយឈានដល់កម្រិតខ្ពស់ ជាប្រវត្តិសាស្ត្រមួយ ផ្សេងទៀត។

លោក Farzin អាយុ ៥៧ឆ្នាំបានបម្រើការ ជានាយកប្រតិបត្តិនៃធនាគារ Melli ដែលជាអ្នកផ្តល់ប្រាក់កម្ចីធំជាងគេ របស់អ៊ីរ៉ង់អស់រយៈពេល ១៦ខែកន្លងមក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ចាប់តាំងពីឆ្នាំ២០១៨ សហរដ្ឋអាមេរិក ដកខ្លួនចេញ ពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលត្រូវបានគេស្គាល់ជាផ្លូវការ ថាជាផែនការសកម្មភាព ទូលំទូលាយរួម (JCPOA) និងការដាក់ទណ្ឌកម្មឡើងវិញ របស់សហរដ្ឋអាមេរិក ប្រឆាំងនឹងទីក្រុងតេអេរ៉ង់ ប្រាក់រៀលបានធ្លាក់ចុះយ៉ាងខ្លាំង ធៀបនឹងរូបិយប័ណ្ណបរទេស។ មុន​ការ​ដក​ចេញ​របស់​សហរដ្ឋ​អាមេរិក ប្រាក់​ដុល្លារ​ត្រូវ​បាន​គេ​ជួញ​ដូរ ​ប្រហែល ៣៥ ០០០ រៀលអ៊ីរ៉ង់។

ការប្រែប្រួលនាពេលថ្មីៗនេះ នៅក្នុងទីផ្សាររូបិយប័ណ្ណ បរទេស របស់អ៊ីរ៉ង់ត្រូវបានគេជឿថា បណ្តាលមកពីការតវ៉ា ភាពមិនច្បាស់លាស់អំពីអនាគត នៃកិច្ចចរចារឡើងវិញនៃ JCPOA និងការដាក់ទណ្ឌកម្មថ្មី លើទីក្រុងតេអេរ៉ង់ ដែលដាក់ដោយបណ្តាប្រទេស លោកខាងលិច៕

ប្រែសម្រួល ឈូក បូរ៉ា

To Top